Saturday, March 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន នឹង​យកឈ្នះ​នឹង​ជំងឺ​វីរុស​កូ​វីដ​១៩ នាពេលខាងមុខ ជាមិនខាន​

​ភ្នំពេញ​៖ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន មានប្រសាសន៍ថា ប្រទេស​ចិន​មិន​ត្រឹមតែ​អាច​គ្រប់គ្រង ការរីក​រាលដាល​នៃ​ជំងឺ​វីរុស​ប៉ុណ្ណោះ​ទេ ក៏បាន​រួមចំណែក​យ៉ាងសំខាន់ ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​វីរុស លើ​សកលលោក ហើយ​ភាគី​ចិន នឹង​យកឈ្នះ​នឹង​ជំងឺ​វីរុស​នាពេលខាងមុខ​ជា​មិន​ខាន​។​

​នៅ​ព្រឹក​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០២០ នៅ​អគារ​មិត្តភាព​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ឯកឧត្តម វ៉ង វិ​ន​ធាន ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​-​ទទួល​ជំនួយ​ឧបត្ថម្ភ ក្រោម​ក្របខ័ណ្ឌ​សង្គម​ស៊ីវិល សម្រាប់​ការពារ​សុខភាព ប្រឆាំង​ជំងឺ​កូ​វីដ​១៩ របស់​មូលនិធិ​ចិន​ដើម្បី​សន្តិភាព​និង​ការអភិវឌ្ឍ​។​

​ជំនួយ​ដែល​ផ្តល់ជូន​កម្ពុជា​តាមរយៈ​វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល​នៅថ្ងៃនេះ មាន​ម៉ាស​ពេទ្យ​ចំនួន​១៥០០.០០០ សន្លឹក ម៉ា​សមុខ​3D ចំនួន ៥០.០០០ សន្លឹក អាវ​ពេទ្យ​សម្រាប់​ការពារ​មេរោគ​ចំនួន​៧.៩៤០​ឈុត និង​ថ្នាំបុរាណ​ចិន​ព្យាបាល​ជំងឺ​កូ​វីដ​១៩ ចំនួន​៨៤០​កញ្ចប់ ដែលមាន​តម្លៃ​សរុប​ចំនួន ១.១៣១.៤០០ យ័ន ឬ​ប្រមាណ ១៥៩.១៩២ ដុល្លារ​អាមេរិក​។​

​ឯកឧត្តម ឯកអគ្គរដ្ឋទូត​ចិន មានប្រសាសន៍ថា ក្រោយពី​មានការ​ផ្ទុះឡើង​នូវ​ជំងឺ​វីរុស​កូ​វី​ឌ​-១៩ ក្នុងប្រទេស​ចិន ស្ថិតក្រោម​ការដឹកនាំ និង​ចាត់ចែង​ការងារ​ពី​ឯកឧត្តម​ប្រធានាធិបតី​ចិន Xi Jinping រដ្ឋាភិបាល​ចិន បាន​ចាត់វិធានការ​ទប់ស្កាត់​យ៉ាង​តឹងរ៉ឹង​បំផុត និង​គ្រប់​ជ្រុងជ្រោយ​បំផុត បាន​យក​សកម្មភាព​ជាក់ស្តែង​មក បង្ហាញ​ឲ្យ​ឃើញ​ពី​ទំនួល​ខុសត្រូវ​របស់​ប្រទេស​មហាអំណាច ដែល​ប្រកបដោយ​ការបើកចំហ តម្លាភាព និង​ការទទួលខុសត្រូវ ក៏បាន​បង្ហាញ​ទៅកាន់​បណ្តា​ប្រទេស លើ​សកលលោក​ឲ្យ​ឃើញ​ពី​ជំនឿ​ចិត្ត និង​កម្លាំងកាយ​ក្នុង​ការយក​ជម្នះ លើ​ជំងឺ​វីរុស​លើក​នេះ​។ បច្ចុប្បន្ននេះ ប្រទេស​ចិន​ឆ្លងកាត់​ការពិសោធន៍​នៃ​ជំងឺ​វីរុស ស្ថានភាព​នៃ​ការទប់ស្កាត់​នឹង​ជំងឺ​វីរុស​បាន​ប្រែ​មកជា​ភាពល្អប្រសើរ សណ្តាប់ធ្នាប់​នៃ​សង្វាក់​ផលិតកម្ម​ជីវភាព បានចាប់ផ្តើម​បើក​ដំណើរការ​យ៉ាង​ឆាប់រហ័ស​។ ក្នុងអំឡុងពេល​ចម្បង​នៃ​ការទប់ស្កាត់ នឹង​ជំងឺ​វីរុស​ក្នុងប្រទេស​កម្ពុជា ក្នុងនាម​ជា​មិត្ត​ដែកថែប ភាគី​ចិន​នឹង​ផ្តល់ជំនួយ​ទប់ស្កាត់​នឹង​ជំងឺ​វីរុស​កូ​វីដ​-១៩ ជូន​ភាគី​កម្ពុជា​តាម​លទ្ធភាព​ដែល​អាច​ធ្វើបាន​។ នាពេល​បន្ទាប់ រដ្ឋាភិបាល​ចិន​នឹង​បន្ត​រៀបចំ​ផែនការ​កម្លាំង​រួមគ្នា សម្រាប់​ស្ថាប័នរដ្ឋ និង​សង្គម​ស៊ីវិល ដើម្បី​ផ្តល់​ការគាំទ្រ និង​ការជួយ​ដ៏​ចាំបាច់​ជូន​ដល់​ភាគី​កម្ពុជា​។​

​ក្នុង​សុន្ទរកថា របស់​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បានបង្ហាញ​ឲ្យ​ឃើញ​ពី​ការវាយតម្លៃ​ខ្ពស់ នៃ​សមិទ្ធផល​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​វីរុស ដែល​ទទួលបាន​ក្នុងប្រទេស​ចិន លោក​មានប្រសាសន៍ថា ប្រទេស​ចិន​មិន​ត្រឹមតែ​អាច​គ្រប់គ្រង ការរីក​រាលដាល​នៃ​ជំងឺ​វីរុស​ប៉ុណ្ណោះ​ទេ ក៏បាន​រួមចំណែក​យ៉ាងសំខាន់ ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​វីរុស​លើ​សកលលោក​ផងដែរ​។

​លោក​ជឿជាក់​យ៉ាង​មុតមាំ​ថា ភាគី​ចិន​នឹង​យកឈ្នះ​នឹង​ជំងឺ​វីរុស​នាពេលខាងមុខ​ជា​មិន​ខាន និង​ចាប់ផ្តើម​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជា​បន្តបន្ទាប់ ឲ្យ​មាន​ភាព​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​។ ចាប់តាំងពី​ជំងឺ​វីរុស​មានការ​ផ្ទុះឡើង​ក្នុងប្រទេស​កម្ពុជា​មក ភាគី​ចិន​បាន​ឈរ​ជាមួយ​ភាគី​កម្ពុជា មាន​អារម្មណ៍​ដូចគ្នា​ជាមួយនឹង​កម្ពុជា ក៏បាន​ចាត់​ប​ញ្ជូ​ល​ក្រុម​អ្នកជំនាញ​វេជ្ជសាស្ត្រ​ចិន និង​ផ្តល់ជំនួយ​ជា​សម្ភារៈ​វេជ្ជសាស្ត្រ​មកកាន់​ប្រទេស​កម្ពុជា​យ៉ាង​ទាន់ពេលវេលា នេះ​បានបង្ហាញ​ឲ្យ​ឃើញ​ពី​មនោសញ្ចេតនា​បងប្អូន ដែល​តែង​យកអាសា​គ្នា ជួយ​គ្នា​ទៅវិញទៅមក រួមសុខ​រួមទុក្ខ​ជាមួយគ្នា​។ ភាគី​កម្ពុជា​នឹង​ចងចាំ​ក្នុង​ក្រអៅបេះដូង​ជា​រៀងរហូត​។ ហើយ​កម្ពុជា​នឹង​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយនឹង​ភាគី​ចិន និង​ពួតដៃគ្នា​យក​ជម្នះ​លើ​ជំងឺ​វីរុស​ឲ្យ​បាន​៕​ដោយ​៖​កូ​ឡាប​