ភ្នំពេញ៖ បច្ចុប្បន្នសកម្មភាព តែងនិពន្ធរបស់អ្នកនិពន្ធ តែងបទចម្រៀងស្នាដៃថ្មី មានខ្លឹមសារប៉ះពាល់ លើប្រពៃណីវប្បធម៌ របស់សង្គមជាតិយ៉ាងធ្ងន់ធ្ងរ។ នេះបើតាមការលើកឡើងរបស់សមាគមអ្នកនិពន្ធខ្មែរ ក្នុងលិខិតចំហមួយ ។
សមាគមអ្នកនិពន្ធខ្មែរ បានបញ្ជាក់ថា សកម្មភាព តែងនិពន្ធរបស់អ្នកនិពន្ធ តែងបទចម្រៀងស្នាដៃថ្មី បានធ្វើឲ្យប៉ះពាល់ លើប្រពៃណីវប្បធម៌ ហើយធ្វើសកម្មភាពផ្សព្វផ្សាយបទចម្រៀងទាំងនោះ លើប្រព័ន្ធផ្សព្វផ្សាយសង្គម និងយូធូប ដោយគ្មាន ការសុំអនុញ្ញាតពីក្រសួងដែលពាក់ព័ន្ធ ដូចជា បទ “ចាក់សាំង” បទ “អូនធំ” បទ “អូនស្អាតពេលស្រាត” បទ “Hot boy ” បទ “នារីបឹងទំពុន” …ជាដើម។
សមាគមអ្នកនិពន្ធខ្មែរ សូមប្រកាសជាចំហថា សមាគមអ្នកនិពន្ធខ្មែរមិនគាំទ្ររាល់ទង្វើអសកម្ម និងប៉ះពាល់សីលធម៌ សង្គម តាមរយៈបទចម្រៀងទាំងនោះដាច់ខាត។ ម្យ៉ាងវិញទៀត អ្នកនិពន្ធបទចម្រៀងទាំងនោះ មិនមែនជាសមាជិកសមាគមអ្នកនិពន្ធខ្មែរឬបានឆ្លងកាត់ការបណ្តុះបណ្តាល ពីសមាគមអ្នកនិពន្ធខ្មែរឡើយ។
សមាគមអ្នកនិពន្ធខ្មែរ សូមប្រកាសលើកទឹកចិត្ត និងគោរពសេរីភាពគំនិតច្នៃប្រឌិត របស់អ្នកនិពន្ធទំនុកច្រៀងទាំងអស់ ប៉ុន្តែស្នាដៃទាំងនោះ ពេលចេញផ្សាយមិនមានការប៉ះពាល់ដល់ភាពថ្លៃថ្នូរ និងសីលធម៌សង្គម ហើយក៏មិនមែនជាស្នាដៃលួចចម្លងស្នាដៃពីកវីនិពន្ធរៀមច្បង៕ដោយ៖កូឡាប