បន្ទាយមានជ័យ ៖ ជនរងគ្រោះចំនួន២នាក់ មានិងក្មួយ ដែលរងរបួសធ្ងន់ ដោយសារស្ទាវឆ្មក់កាប់ នៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០១៩ កន្លងមក ។ តែសមត្ថកិច្ចនគរបាល ដែលកាន់រឿងនេះ មិនត្រឹមតែ មិនបានចាត់ការភ្លាមៗប៉ុណ្ណោះទេ តែដូចមិនយកចិត្តទុកដាក់ នឹងតាមរក ឬឃើញហើយ មិនចាប់ខ្លួនជនសង្ស័យទៀតផង ។ ចំណែកឯជនដៃដល់ បន្ទាប់ប្រព្រឹត្តបទល្មើសហើយ បានរត់គេចខ្លួនទៅប្រទេសថៃ នៅពេលបានវិលត្រឡប់ចូលស្រុកកំណើត ដោយសារតែជំងឺកូវីដ១៩ ប៉ុន្តែសមត្ថកិច្ចមិនចាប់ជនល្មើស ទុកឲ្យជនល្មើសដើរឌីដងដាក់ជនរងគ្រោះថែមទៀត។
ជនរងគ្រោះឈ្មោះយូ រតនា អាយុ២១ឆ្នាំ រស់នៅភូមិរំជ័យ ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ។ គេបានប្រាប់សារព័ត៌មាន កាលពីដើមខែមេសា ឆ្នាំ២០២០ថា ៖ រឿងក្តីរបស់ខ្លួននិងឳពុកមា គិតមកទល់ពេលនេះ ជាង៤ខែហើយ ដែលសមត្ថកិច្ចនៅមិនទាន់ចាត់ការអីនៅឡើយ ពោលគឺលោកជាមួយនឹងឳពុកមា ត្រូវបានជនល្មើសស្ទាក់បំពានកាប់ជាច្រើនកាំបិតផ្គាក់ គឺកាប់ផ្ទួនៗលើដងខ្លួន និងម្តុំក្បាលបណ្តាលឲ្យរងរបួសធ្ងន់ ហើយត្រូវញាតិមិត្តបញ្ជូនទៅសង្គ្រោះបន្ទាន់ និងព្យាបាលនៅមន្ទីរពេទ្យខេត្តបាត់ដំបង (ពេទ្យធំ) ។
ជនរងគ្រោះបានស្នើសុំការអន្តរាគមន៍ពីថ្នាក់ដឹកនាំ ឲ្យជំរុញទៅព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង ចេញដីកា ដើម្បីបាននគរបាលជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋានខេត្តបាត់ដំបង និងអធិការដ្ឋានស្រុកបាណន់ ឬខាងកងរាជអាវុធហត្ថដើម្បីចាត់ការស្រាវជ្រាវចាប់ខ្លួនជនដៃដល់ដែលប្រព្រឹត្តល្មើស មកផ្តន្ទាទោស ពោលគឺជនល្មើសដៃដល់ បានគេចខ្លួនជាច្រើនខែ ទៅធ្វើការនិងរស់នៅប្រទេសថៃ ។ តែពេលនេះ បានវិលត្រឡប់មកចូលផ្ទះវិញមួយសប្តាហ៍ ហើយថែមទាំងបានឌឺដងផ្លែផ្កា និងមើលងាយមកលើខ្លួន (ជនរងគ្រោះ) ទៀតផង ថាគ្មាននរណាធ្វើអ្វីគេទេ ។ គឺដូចពីដំបូងៗអ៊ីចឹង ទាំងនគរបាលប៉ុស្តិ៍រដ្ឋបាល នគរបាលស្រុកនិងខេត្ត ក៏មិនធ្វើអីពួកគេ (ជនដៃដល់) កើតដែរ ។ ហេតុផលនេះនាំឲ្យជនរងគ្រោះ មិនអាចទទួលបានយុត្តិធម៌ពីសមត្ថកិច្ចទេ បើសិនជានៅតែយ៉ាងនេះ ។
ឆ្លើយតបនឹងការលើកឡើងបែបគ្មានជំនឿលើសមត្ថកិច្ចនេះ លោក ថោង ធិន អធិការរងទទួលផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកបាណន់ បានប្រាប់សារព័ត៌មាន កាលពីថ្មីៗនេះថា ៖ សំណុំរឿងហឹង្សាមានស្ថានទម្ងន់នេះ ស្រុកបានបញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត ហើយខេត្តក៏កសាងសំណុំរឿងបញ្ជូន ទៅការិយាល័យអយ្យការអមសាលាដំបូងខេត្តរួចហើយដែរ ពោលគឺផុតដៃខាងជំនាញពួកលោកហើយ ។ ហេតុនេះ បើគ្មានដីការពីតុលាការទេ មន្ត្រីនគរបាលយុត្តិធម៌ លោកក៏មិនអាចចាប់ខ្លួន ជនសង្ស័យបានដែរ ព្រោះរឿងព្រហ្មទណ្ឌនេះវាលែងជាបទល្មើសជាក់ស្តែង ។
ប្រភពបានបន្តថា ៖ ឯខាងតុលាការ បានចេញដីកាកោះហៅសាក្សី ទៅសួរបណ្តើរៗហើយដែរ។ ទោះយ៉ាងណា ខាងជនរងគ្រោះថា រឿងនេះ ខ្លួនផ្ទាល់ជាជនរងគ្រោះ បែរជាគ្មានសមត្ថកិច្ចខាងណា កោះហៅសាកសួរអីនៅឡើយទៅវិញ ។
សូមរំលឹកថា អំពើហឹង្សាមានស្ថានទម្ងន់ទោសនោះ បានកើតឡើង កាលពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០១៩ នៅលើផ្លូវលំក្នុងភូមិរំជ័យ ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ។
ជនរងគ្រោះជាក្មួយ និងឳពុកមា បានជិះម៉ូតូទៅទទួលមិត្តភក្តិ នៅរោងការបងប្អូន ក្បែរភូមិក៏ត្រូវជនដៃដល់ ដែលផឹកស្រាបៀរ ប្រើកាំបិតស្ទាក់មកកាប់លើជនរងគ្រោះ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ។ ជនរងគ្រោះត្រូវបញ្ជូន ទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យខេត្ត (ពេទ្យធំ) ខេត្តបាត់ដំបង ។
ជនរងគ្រោះចំនួន២នាក់ ម្នាក់ជាឳពុកមាមានឈ្មោះធឿ គង់ ភេទប្រុស អាយុ៤០ឆ្នាំ និងម្នាក់ទៀតជាក្មួយឈ្មោះយូ រតនា ភេទប្រុស អាយុ២១ឆ្នាំ ទាំង២នាក់ រស់នៅក្នុងភូមិរំជ័យ ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។
ជនរងគ្រោះរងរបួសធ្ងន់ធ្ងរ ត្រូវសម្រាកព្យាបាលក្នុងមន្ទីរពេទ្យជិត១ខែ ទើបធូរស្រាល ហើយសុំទៅសម្រាកនៅផ្ទះ ។
ចំណែកជនសង្ស័យមានឈ្មោះស្មី រស់នៅក្នុងភូមិ ឃុំជាមួយគ្នា ។ ក្រោយពេលបង្កហេតុ ជនល្មើសបានគេចខ្លួន ទៅធ្វើកម្មករធ្វើការស៊ីឈ្នួលនៅប្រទេសថៃ ។ ហើយនៅពេលប្រទេសថៃ បិទព្រំដែនកាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ ព្រោះការរីករាលដាលនៃជំងឺកូវីដ១៩ មក ជនដៃដល់បានវិលត្រឡប់មកផ្ទះ នៅស្រុកកំណើត ដែលនៅក្បែរផ្ទះជនរងគ្រោះ ។
ជនដៃដល់ និងក្រុមគ្រួសារ បានចំអក ដៀមដាមឲ្យជនរងគ្រោះ ហើយក៏ឌីដងទៅសមត្ថកិច្ច ក្នុងន័យប្រមាថផែនការភូមិឃុំមានសុវត្ថិភាព និងសំណាញ់ច្បាប់ផងដែរថា មិនអាចធ្វើអីពួកគេ (ជនដៃដល់) ដែលជាអ្នកស្រុកភូមិជាមួយសមត្ថកិច្ចឡើយ ៕ ដោយ ៖ បន្ទាយ