តាកែវ៖ ប្រហែសមិនបានឡើយ ខណៈដែលអាកាសធាតុនៅតែមានសភាពក្តៅខ្លាំង ការគំរាមកំហែងដោយអគ្គិភ័យនៅតែងាយនឹងកើតមានឡើង ស្របពេលដែលអាជ្ញាធរ និងសមត្ថកិច្ចបាននិងកំពុងអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅក្នុងខេត្តតាកែវ ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ទៅលើការដុតសំរាម ការចោលភ្លើងកន្ទុយបារី ទៀនធូប និងចរន្តអគ្គិសនី ព្រោះករណីអគ្គិភ័យបាននឹងកំពុងតែកើតមានឡើងជាញឹកញាប់ ទៅលើមូលដ្ឋាននៃទីតាំង នៅតាមវាលស្រែដែលមានបន្សល់នៅជញ្ជ្រាំង និងនៅតាមព្រៃដែលមានស្លឹកឬដើមឈើងាប់ ។
នៅរសៀលថ្ងៃទី ៧ ខែមេសា ឆ្នាំ២០២០នេះដែលស្ថិតនៅឃុំញែញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីអគ្គិភ័យមួយបានកើតឡើង ដោយភ្លើងឆេះជញ្ជ្រាំងនៅតាមវាលស្រែ រយៈពេលជាង ៣ម៉ោង ជិត១០ហិកតា បង្កមានការភ្ញាក់ផ្អើលដល់អាជ្ញាធរ និងសមត្ថកិច្ចចុះជួយអន្តរាគមន៍ ជាមួយនឹងប្រជាពលរដ្ឋ ធ្វើការបាញ់ទឹកពន្លត់ ។
លោក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ បានឲ្យដឹងថា ការឆេះជញ្ជ្រាំងនេះ គឺមិនមានបង្កឲ្យខូតខាតនៅទ្រព្យសម្បត្តិរបស់បងប្អូន ប្រជាពលរដ្ឋឡើយ ហើយនគរបាលយើង រួមជាមួយនឹងអាជ្ញាធរស្រុក ឃុំ និងបងប្អូនប្រជាពលរដ្ឋ បានជួយអន្តរាគមន៍ពន្លត់យ៉ាងញប់ដៃញប់ជើង ដោយស្ថានភាពនៃការឆេះមានលក្ខណៈធំ តែឆេះបន្តិចរលត់ៗ ក្នុងនោះដែរ យើងបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ២គ្រឿង ដើម្បីបាញ់ពន្លត់អគ្គិភ័យឆេះជញ្ជ្រាំងនេះបានជាស្ថាពរ ៕ដោយ៖ តាកែវ