អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ធ្វើពិធីចុះហត្ថលេខាលើអនុស្សរណ:យោគយល់គ្នា ( MOU ) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីសុខដុមនីយកម្ម និងវិបុលភាពសង្គម ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ដែលរៀបចំឡើងនៅសាលប្រជុំសាលាខេត្ត មានការអញ្ជើញចូលរួមពីអង្គភាពពាក់ព័ន្ធនានាជុំវិញខេត្ត។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានដាក់ចេញ នូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយផ្តោតលើការកែទម្រង់ ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ជាស្នូលនៃយុទ្ធសាស្ត្រ ដើម្បីរៀបចំផែនការសកម្មភាពជាក់ស្តែង ផ្ដោតលើយុត្តិធម៌សង្គម សំដៅសម្រេចឱ្យបាននូវការងារជាអាទិភាព គឺការបង្កើតយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បន្ថែមលើយន្តការ ដែលមានស្រាប់ ដើម្បីជួយសម្រុះសម្រួលដោះស្រាយវិវាទ ឱ្យបានឆាប់រហ័ស ជាពិសេស វិវាទរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ បានគូសបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នា នឹងរួមគ្នាធ្វើការងារសមធម៌ជាមួយប្រជាពលរដ្ឋ ក្នុងគោលបំណង ដើម្បីពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូ សំដៅរួមគ្នា លើកកម្ពស់គុណភាព ប្រសិទ្ធិភាព និងភាពឆាប់រហ័ស នៃការដោះស្រាយវិវាទ តាមរយៈការសម្របសម្រួល ដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការ នៅព្រះរាជាណាចក្រកម្ពុជា។ ផ្អែកតាមអនុស្សរណៈនេះ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ( អ.ដ.ក ) និងរដ្ឋបាលខេត្តកំពង់ចាម នឹងធ្វើកិច្ចសហប្រតិបត្តិការរួមគ្នាក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋទទួលបានសមធម៌រវាងគ្នានឹងគ្នា ប្រកបដោយសុខដុមរមនានៅក្នុងសង្គម។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ជិន ម៉ាលីន បានធ្វើការ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងក្រុមការងារ បច្ចេកទេស នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តកំពង់ចាម បានខិតខំប្រឹងប្រែងកន្លងមក យកអស់កម្លាំង កាយចិត្ត សហការគ្នាយ៉ាងជិតស្និត ក្នុងការចរចា ពិភាក្សា និង រៀបចំឡើងដោយជោគជ័យ ទាំងកាកដោះស្រាយជាមួយប្រជាពលរដ្ឋ មុនមានអនុស្សរណៈ និងពេលមានអនុស្សរណៈ ដោយបានសហការគ្នាក្នុងការសម្របសម្រួលផ្សះផ្សាវិវាទ រហូតឈានដល់ជោគជ័យ ហើយគូវិវាទអាចទទួលយកបានរៀងៗខ្លួន និងប្រកបដោយស្នាមញញឹម៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី








