Friday, May 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋសភា បើក​កិច្ចប្រជុំ ពិភាក្សា​អនុម័ត សេចក្តីព្រាងច្បាប់​ស្តីពី ការគ្រប់គ្រង​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន នៅ​ថ្ងៃទី​១០​មេសា​នេះ​

spot_img

​ភ្នំពេញ​៖ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានសម្រេច​បន្ត​សម័យ​ប្រជុំ​រដ្ឋសភា​លើក​ទី​៤ នីតិកាល​ទី​៦ នៅ​ព្រឹក​ថ្ងៃទី​១០ ខែមេសា​នេះ ដើម្បី​ពិភាក្សា​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី ការគ្រប់គ្រង​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន និង​ធ្វើការ​បោះឆ្នោត​ជ្រើសតាំង ផ្លាស់ប្តូរ សមាជិក​គណៈកម្មការ​ជំនាញ​រដ្ឋសភា​មួយចំនួន​។​

​ឯកឧត្តម​កិត្តិ​នីតិកោសល​បណ្ឌិត ប៉ែន បញ្ញា បាន​លើកឡើងថា សេចក្តីព្រាងច្បាប់​នេះ បាន​តាក់តែងឡើង​ស្របគ្នា​នឹង​មាត្រា ២២​ថ្មី នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា ដែល​បាន​ចែងថា នៅពេល​ប្រជាជាតិ​ប្រឈមមុខ​គ្រោះថ្នាក់ ព្រះមហាក្សត្រ​ទ្រង់​ប្រកាស​ប្រទាន​ដំណឹង​ជា​សាធារណៈ​ដាក់​ប្រទេសជាតិ​ក្នុង​ភាពអាសន្ន ហើយ​ច្បាប់​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​កំណត់​អំពី​បែបបទ នីតិវិធី និង​លក្ខខណ្ឌ នៃ​ការប្រកាស​ដាក់​ប្រទេសជាតិ​ក្នុង​គ្រា​មាន​អាសន្ន​។

​ឯកឧត្តម​កិត្តិ​នីតិកោសល​បណ្ឌិត​បាន​គូសបញ្ជាក់ថា សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន នឹង​ផ្តល់​ជា​មូលដ្ឋាន​គតិយុត្ត ដើម្បី​ឆ្លើយតប ទៅនឹង​ស្ថានភាព​របស់​ប្រទេស​ក្នុង​ភាពអាសន្ន សំដៅ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ការពារ​អាយុជីវិត និង​សុខភាព​របស់​ប្រជាពលរដ្ឋ ព្រមទាំង​ការពារ​ទ្រព្យសម្បត្តិ និង​បរិស្ថាន​។ ជាពិសេស​ក្នុងស្ថានភាព​រីក​រាលដាល​ជំងឺ កូ​វីដ​១៩ ដែលជា​វិបត្តិ​សកល​កាន់តែ​ច្រើនឡើង​ក្នុង​ពិភពលោក​ក្នុងពេល​បច្ចុប្បន្ននេះ​។​

​ឯកឧត្តម ច័ន្ទ សុផល ប្រធានស្តីទី​គណៈកម្មកា​រ​មហាផ្ទៃ ការពារជាតិ និង​មុខងារសាធារណៈ​នៃ​រដ្ឋសភា បាន​ដឹកនាំ​សមាជិក សមាជិកា​នៃ​គណៈកម្មការ ប្រជុំ​ផ្ទៃក្នុង ដើម្បី​ពិនិត្យ​សិក្សា​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន​។​

​សូមជម្រាបថា សេចក្តីព្រាងច្បាប់​ស្តីពី ការគ្រប់គ្រង​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន ត្រូវបាន​រាជរដ្ឋាភិបាល​ប្រគល់ជូន តាមរយៈ​លិខិត​លេខ​២៩៧.​លស​.​កប​ច ចុះ​ថ្ងៃ​សុក្រ ១១​កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០២០ ដើម្បី​ស្នើសុំ​រដ្ឋសភា​ពិនិត្យ និង​អនុម័ត​សេចក្តីព្រាងច្បាប់​នេះ រួមមាន​៥​ជំពូក និង ១២​មាត្រា ៖

-​ជំពូក​ទី​១ រួមមាន ២​មាត្រា (​ពី​មាត្រា​១ ដល់​មាត្រា​២) ចែង​អំ​ពីបទ​ប្បញ្ញត្តិ​ទូទៅ ដែល​កំណត់​អំពី​គោលបំណង និង​វិសាលភាព​។​
-​ជំពូក​ទី​២ រួមមាន ២​មាត្រា (​ពី​មាត្រា​៣ ដល់​មាត្រា​៤) ចែង​អំពី​បែបបទ នីតិវិធី និង​លក្ខខណ្ឌ​នៃ​ការដាក់​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន​។​
-​ជំពូក​ទី​៣ រួមមាន ២​មាត្រា (​ពី​មាត្រា​៥ ដល់​មាត្រា​៦) កំណត់​អំពី​វិធានការ​ក្នុងពេល​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន និង​អំពី​របប​រាយការណ៍​អំពី​វិធានការ​ក្នុង​ភាពអាសន្ន​ជូនទៅ​រដ្ឋសភា និង​ព្រឹទ្ធសភា​។​
-​ជំពូក​ទី​៤ រួមមាន ៤​មាត្រា (​ពី​មាត្រា​៧ ដល់​មាត្រា​១០) ចែង​អំពី​ទោស​ប្បញ្ញត្តិ​ដែល​កំណត់​អំ​ពីបទ​រារាំង​ដល់​កិច្ចប្រតិបត្តិការ​ពេល​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន បទ​មិន​គោរព វិធាន​ពេល​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន ការទទួលខុសត្រូវ​ព្រហ្មទណ្ឌ​របស់​នីតិបុគ្គល និង​ការទទួលខុសត្រូវ​រប​ស់​អាជ្ញា​ធរមាន​សមត្ថ​កិច្ច​។​
-​ជំពូក​ទី​៥ រួមមាន ២​មាត្រា (​ពី​មាត្រា​១១ ដល់​មាត្រា​១២) ចែង​អំពី​អវសាន​ប្ប​ញ្ញ​តិ​ដែល​កំណត់​អំពី​និរាករណ៍ និង​ការប្រកាស​ជាការ​ប្រញាប់​៕​ដោយ​៖​កូ​ឡាប​

spot_img
×