Thursday, July 7, 2022

ផ្ដល់​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​កីឡាករ ​គ្រូ​បង្វឹក និង​គ្រូ​ជំនួយ​, ការយឺតយ៉ាវនេះ គឺមកពីមិនទាន់មានថវិកា

​ភ្នំពេញ៖ លោកបណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​​ផ្ដល់​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​ជូន​ជ័យ​លាភី​កីឡាករ​ កីឡា​ការិនី​ គ្រូ​បង្វឹក​ និង​គ្រូ​ជំនួយ​ ក្នុង​ការ​ប្រកួត​កីឡា​អន្តរជាតិ​នានា​ក្នុង​ឆ្នាំ ២០១៧ ​ចំនួន​៥ប្រភេទ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ទី១៨​ ខែ​មករា​ ឆ្នាំ២០១៨​ នៅ​ទីស្ដីការ​ក្រសួង​អប់រំ យុវជន និង​កីឡា។

លោកបណ្ឌិត​សភាចារ្យ​ បានថ្លែងថា ការ​ប្រគល់​ប្រាក់​រង្វាន់ ដល់​​កីឡាករ គ្រូ​បង្វឹក​ និង​គ្រូ​ជំនួយ ត្រូវ​បាន​​ធ្វើ​ឡើង​ក្នុង​គោលដៅ​លើក​ទឹក​ចិត្ត និង​ដើម្បី​លើក​ស្ទួយ​​វិស័យ​កីឡា​កម្ពុជា ឱ្យ​កាន់​តែ​មាន​សន្ទុះ​រីកចម្រើន​ ​ឈាន​ទៅ​ឈោង​ចាប់​ឱកាស​ក្នុង​ការ​ប្រកួត​កីឡា​​ថ្នាក់​អន្តរ​ជាតិ​​​លំដាប់​កំពូល​ៗ ដើម្បី​លើក​កិត្តិយស​ជាតិ។

លោកបញ្ជាក់ថា “ការយឺតយ៉ាវនេះ គឺមកពីមិនទាន់មានថវិកា”។ លោកបន្តថា ឆ្នាំនេះ ថវិកាសម្រាប់ប្រាក់រង្វាន់ មានមិនដល់​១.០០០.០០០ដុល្លារនោះទេ តែការចំណាយលើរង្វាន់ដល់ទៅ៣.០០០.០០០ដុល្លារឯណោះ។ លោកបន្តថាគ្រាន់តែមួយប្រភេទនោះរដ្ឋាភិបាលចំណាយលុយជាង១.០០០.០០០ដុល្លារ សម្រាប់ប្រាក់រង្វាន់ អីចឹងហើយទើបប្រភេទកីឡាដទៃទៀត មានការយឺតយ៉ាវបែបនេះ៕ ដោយ៖បញ្ញាស័ក្តិ