ភ្នំពេញ៖ រាជរដ្ឋាភិបាលបានសម្រេចចាត់ទុកភូមិសាស្ត្ររាជធានីភ្នំពេញ និងភូមិសាស្ត្រខេត្តកណ្តាលជាតំបន់តែមួយ ដែលមិនស្ថិតនៅក្រោមវិសាលភាព នៃការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ទៅវិញទៅមកនោះទេ។
ដូច្នេះ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹង ដោយបានបញ្ជាក់ថា ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល អាចធ្វើចរាចរណ៍ដោយសេរី ជាធម្មតា។
បើតាមលិខិតរបស់រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានសម្រេចចាត់ទុកភូមិសាស្ត្ររាជធានីភ្នំពេញ និងភូមិសាស្ត្រខេត្តកណ្តាលជាតំបន់តែមួយ ដែលមិនស្ថិតនៅក្រោមវិសាលភាព នៃការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ទៅវិញទៅមកនោះទេ។
ប្រជាពលរដ្ឋដែលរស់នៅ និងស្នាក់នៅរាជធានីភ្នំពេញទាំងអស់ អាចធ្វើចរាចរណ៍ និងធ្វើដំណើរទៅមក រវាងភូមិសាស្ត្ររាជធានីភ្នំពេញ និងភូមិសាស្ត្រខេត្តកណ្តាល ក៏ដូចជាអាចធ្វើចរាចរណ៍ និងធ្វើដំណើរពីភូមិមួយ ទៅភូមិមួយ ពីសង្កាត់មួយ ទៅសង្កាត់មួយ ពីខណ្ឌមួយ ទៅខណ្ឌមួយ នៃរាជធានីភ្នំពេញ និងក្នុងភូមិសាស្ត្រខេត្តកណ្តាល ព្រមទាំងពីភូមិ សង្កាត់ ខណ្ឌ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ទៅកាន់ភូមិ ឃុំ សង្កាត់ ស្រុក ក្រុង ក្នុងភូមិសាស្ត្រខេត្តកណ្តាល ដោយគ្មានការហាមឃាត់ ឬរឹតត្បិតនៃការធ្វើដំណើរឡើយ៕ដោយ កូឡាប