ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ នេត សាវឿន បញ្ជាកម្លាំងនគរបាលទូទាំងប្រទេស ពង្រឹងការអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការឆ្លងជំងឺ COVID-19 តែត្រូវមានសីលធម៌ល្អជាមួយប្រជាពលរដ្ឋ។ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាដល់កងកម្លាំងនគរបាលជាតិ ត្រូវប្រមូលផ្តុំកម្លាំងប្រចាំការ ២៤ម៉ោងលើ២៤ម៉ោង ក្ដាប់សភាពការណ៍ ប្រមូលផ្ដុំព័ត៌មាន ដើម្បីចាត់វិធានការច្បាប់ចំពោះសកម្មភាពញុះញង់ បំពុលសភាពការណ៍ បង្កចលាចល ប្រឆាំងនឹងបទបញ្ជា និងសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល។
យោងតាមរយៈសេចក្ដីណែនាំ ស្តីពីការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០នេះ ឯកឧត្តមនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានបទបញ្ជាឲ្យអង្គភាពអន្ដរាគមន៍ អង្គភាពតម្រួតបទបញ្ជា និងនាយកដ្ឋាននគរបាលការពារ ត្រូវប្រកាសចំណុចខ្ពស់ ប្រមូលផ្ដុំ និងគ្រប់គ្រងកម្លាំងឲ្យបានហ្មត់ចត់ ព្រមទាំងត្រៀមមធ្យោបាយ ឧបករណ៍ សម្ភារ សម្រាប់អន្ដរាគមន៍គាំទ្រដល់រាជធានី-ខេត្ត នៅពេលមានសំណូមពរ ឬមានបទបញ្ជា។
ត្រូវអប់រំ ណែនាំដល់កងកម្លាំង ដែលមានភារកិច្ចឈរជើងនៅគោលដៅហាមឃាត់ អំពីសីលធម៌ និងឥរិយាបថធ្វើការងារ ទំនាក់ទំនងជាមួយប្រជាពលរដ្ឋ និងហាមដាច់ខាតរាល់សកម្មភាពឆក់ឱកាសប្រព្រឹត្តល្មើសនឹងបទបញ្ជា និងសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ធ្វើឲ្យប៉ះពាល់ដល់សិទ្ធិ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ។
ត្រូវសហការជាមួយអាជ្ញាធរគ្រប់ថ្នាក់ និងសមត្ថកិច្ចពាក់ព័ន្ធ ចាត់តាំងកម្លាំងល្បាត ត្រួតពិនិត្យគ្រប់គ្រងសភាពការណ៍ និងដោះស្រាយហេតុការណ៍នៅក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន ដោយយកចិត្តទុកដាក់អប់រំ ណែនាំ និងហាមឃាត់រាល់ការជួបជុំជាសាធារណៈ តាមសហគមន៍ តាមគោលដៅប្រារព្ធពិធីសាសនា និងការរៀបចំកម្មវិធីកម្សាន្តសប្បាយគ្រប់រូបភាព។
ត្រូវណែនាំដល់កម្លាំងដែលទទួលភារកិច្ចឈរជើង តាមគោលដៅហាមឃាត់ការធ្វើដំណើរ ឲ្យអនុវត្តយ៉ាងខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់បំផុត តាមខ្លឹមសារនៃបទបញ្ជា និងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលដោយត្រូវយកចិត្តទុកដាក់ឲ្យបានហ្មត់ចត់បំផុត។
រាជរដ្ឋាភិបាលកម្ពុជា បានកែសម្រួលបទបញ្ជាថ្មី ដោយអនុវត្តឲ្យប្រជាពលរដ្ឋធ្វើដំណើរចេញចូលរាជធានីភ្នំពេញ និងខេត្តកណ្ដាល ហើយលុបចោលបំរាមការធ្វើដំណើរពីស្រុកមួយ ទៅស្រុកមួយ តែទុកបំរាមការធ្វើដំណើរពីខេត្តមួយ ទៅខេត្តមួយនៅដដែល។ បំរាមនេះ ចាប់ផ្តើមអនុវត្តពីម៉ោង ២៤៖០០ ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ រហូតដល់ម៉ោង ២៤៖០០ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ដើម្បីទប់ស្កាត់ការរីករាលដាល នៃការឆ្លងជំងឺ COVID-19៕ ដោយ៖កូឡាប