បាត់ដំបងៈរថយន្តកងពលតូចដឹងជញ្ជូនលេខ៩៩ បានដឹកជញ្ជូនពលករខ្មែរចេញពីប្រទេសថៃតាមច្រកទ្វារអន្តរដូងត្រឡប់មកកម្ពុជាវមកដល់ទីតាំងពិគ្រោះនិងពិនិត្យក្នុងបរិវេណវិទ្យាល័យព្រះមុនីវង្សទាំងយប់ ដើម្បីពិនិត្យសុខភាពមុននឹងដឹកជូនទៅស្រុកកំណើតឬតាមបណ្ដាខេត្តផ្សេងៗដែលជាទីកន្លែងរស់នៅនិងកន្លែងស្រុកកំណើតរបស់ពួកគាត់កាលពីយប់ថ្ងៃទី១០ខែមេសាឆ្នាំ២០២០។
លោក វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ឲ្យដឹងថា ពលករខ្មែរទាំងអស់ដែលបានដឹកមកទាំងយប់នេះមានចំនួន ២រថយន្ត ដោយធ្វើដំណើរមកដោយសុវត្ថិភាពនិងត្រូវបានពិនិត្យសុខភាពគ្រប់គ្នា មុននឹងបញ្ជូនទៅកាន់បណ្ដាស្រុកឬខេត្តផ្សេងទៀត ដើម្បីដាក់ឲ្យនៅដោយឡែករយៈពេល ១៤ថ្ងៃ នៅតាមទីតាំងដែលអាជ្ញាធរស្រុកនិងខេត្តដទៃបានរៀបចំរួចស្រាច់ ។
លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង បានឲ្យដឹងថារថយន្តទាំង២គ្រឿង មានពលករចំនួន ៥៩នាក់ ពួកគាត់សុទ្ធរស់នៅក្នុងខេត្តបាត់ដំបង។រថយន្តជើងទី១ មកដល់នៅពេលព្រលប់ មានពលករចំនួន ១៧នាក់ ត្រូវបានបញ្ជូនទៅតាមបណ្ដាស្រុកនិងរថយន្តជើងទី២ ត្រូវឲ្យពួកគាត់សម្រាកនៅតាមបន្ទប់ ដែលបានរៀបចំរួចរាល់ ក្នុងវិទ្យាល័យព្រះមុនីវង្ស ដើម្បីត្រៀមពិនិត្យសុខភាពនៅពេលព្រឹក មុននឹងបញ្ជូនទៅកាន់បណ្ដាស្រុកផ្សេងទៀត។
យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តបាត់ដំបង បានបង្ហាញថា ចាប់តាំងពីមានការបិទព្រំដែនរវាងកម្ពុជា ថៃមក មានពលរដ្ឋនិងពលករខ្មែរនៅក្នុងខេត្តបាត់ដំបង មកដល់ត្រឹមថ្ងៃទី១០ខែមេសាឆ្នាំ២០២០ ដែលវិលត្រឡប់មកស្រុកកំណើតវិញចំនួន ១៤.៩០៦នាក់ (ស្រី ចំនួន៦.៨៦៦នាក់ )៕ដោយៈអ៊ុងសារុំ