Tuesday, September 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារ​ខេ​ប៊ី​គូក​មីន​(KB Kookmin Bank) ​របស់​កូរ៉េខាងត្បូង​ បានក្លាយ​ជា​ភាគ​ទុ​និក​ធំ​របស់​គ្រឹះស្ថាន​មីក្រូ​ហិញ្ញ​វត្ថុ​ប្រា​សាក់​

​ធនាគារ​ខេ​ប៊ី​គូក​មីន​ គឺជា​ធនាគារ​ឈានមុខ​គេ​នៅ​កូរ៉េខាងត្បូង បាន​ជោគជ័យ​លើ​ការទិញ​ភាគហ៊ុន​ចំនួន​ 70​ ភាគរយ​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់​នៅ​ថ្ងៃទី 10​ ខែមេសា ​ឆ្នាំ​ 2020 ​។​ ប្រា​សាក់ ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មាន​អាជ្ញា​បណ្ណ​ទទួល​ប្រាក់​បញ្ញើ​ពី​សាធារណជន​ធំជាងគេ​នៅ​កម្ពុជា​ទទួលបាន​ភាគ​ទុ​និក​ធំថ្មី​ពី​ប្រទេស​កូរ៉េខាងត្បូង គឺ​«​ធនាគារ​ខេ​ប៊ី​គូក​មីន ​(KB Kookmin Bank)» ​។​

​នៅពេលនេះ ប្រា​សាក់ ក្លាយជា​បុត្រ​សម្ព័ន្ធ​មួយ​ក្នុងចំណោម​បុត្រ​សម្ព័ន្ធ​ទាំងអស់​របស់ KB Financial Group ហើយ​ខេ​ប៊ី​គូក​មីន​បន្ត​ផែនការ​របស់ខ្លួន​ក្នុងការ​បញ្ចូល​ប្រា​សាក់​ជា​បុត្រ​សម្ព័ន្ធ​ទាំងស្រុង នៅពេលដែល​ទិញ​បាន​ភាគហ៊ុន​ដែល​នៅសល់​ចំនួន​30%​ទៀត​នាពេល​អនាគត​។​

​ប្រា​សាក់​ត្រូវបាន​ស្គាល់​ថា​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដែលមាន​សមិទ្ធផល​ដ៏​លេចធ្លោ​ក្នុងចំណោម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំៗ​ទាំង​5​នៅ​កម្ពុជា​ដោយ​ផ្អែកលើ​ចំណែក​ទីផ្សារ និង​ទ្រព្យសកម្ម​សរុប​។ ប្រា​សាក់​ប្រតិបត្តិការ​ទូទាំងប្រទេស​ដោយមាន​បណ្តាញ​ការិយាល័យ​ចំនួន​180​សាខា និង​ទីតាំង​ម៉ាស៊ីន ATM ជិត ​150​កន្លែង​។​

​លោក Hur Yin​ប្រធាន​នាយក​ប្រតិបត្តិ​របស់​ធនាគារ ខេ​ប៊ី គូក​មីន បាន​ថ្លែងថា «​ការ​ទិញយក​ប្រា​សាក់​នេះ នឹង​ដើរតួនាទី​យ៉ាងសំខាន់​សម្រាប់​ការពង្រីក​បណ្ដាញ​ធនាគារ​សម្រាប់​សាធារណជន​ទូទៅ​របស់​ធនាគារ ខេ​ប៊ី គូក​មីន នៅ​ទ្វីបអាស៊ី ដែលជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​សាកល​របស់​ខេ​ប៊ី​»​។

​លោក​បន្ថែមទៀតថា «​ជាមួយនឹង​ផែនការ​រយៈពេល​វែង​ក្នុងការ​ប្រែក្លាយ​ប្រា​សាក់​ទៅជា​ធនាគារពាណិជ្ជ យើង​សង្ឃឹមថានឹង​អភិវឌ្ឍ​ប្រា​សាក់​ឱ្យ​ក្លាយជា​ធនាគារ​ឈានមុខ​គេ តាមរយៈ​ការផ្ទេរ​សមត្ថភាព​ផ្នែក​ធនាគារ​ដ៏​រឹងមាំ​របស់​ខេ​ប៊ី និង​ការធ្វើឱ្យ​ប្រា​សាក់​ក្លាយជា​គ្រឹះ​ក្នុង​ការធ្វើ​អាជីវកម្ម​នៅ​បណ្ដា​ប្រទេស​អាស៊ីអាគ្នេយ៍​»​។​

​លោក ស៊ីម សេនា​ជាតិ ប្រធាន​នាយក​ប្រតិបត្តិ​របស់​ប្រា​សាក់ បាន​មានប្រសាសន៍ថា «​ការវិនិយោគ​របស់​ខេ​ប៊ី គូក​មីន​បង្ហាញ​ពីស​ញ្ញាណ​វិជ្ជមាន និង​ទំនុកចិត្ត​របស់​វិនិយោគិន​បរទេស​មកលើ​ប្រទេស​កម្ពុជា​និង​ប្រា​សាក់​។ ថ្នាក់​គ្រប់គ្រង​និង​បុគ្គលិក​ប្រា​សាក់​សូម​ស្វាគមន៍​ភាគ​ទុ​និក​ថ្មី​របស់​យើង​គឺ ធនាគារ ខេ​ប៊ី គូក​មីន ដែល​នឹង​ជ្រោមជ្រែង​ប្រា​សាក់​ក្នុង​ការបន្ត​ប្រសិទ្ធភាព​និង​ស័ក្តិសិទ្ធិ​ភាព​ដើម្បី​ពង្រីក​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​។​»

​លោក​សេនា​ជាតិ​បាន​បន្ថែមថា​«​ប្រា​សាក់​តែងតែ​នាំមុខគេ​លើ​ទីផ្សារ​ហិរញ្ញវត្ថុ​ដោយមាន​បណ្តាញ​ប្រតិបត្តិការ​ធំជាងគេ​លទ្ធភាព​រកប្រាក់​ចំណេញ​ខ្ពស់ និង​ធានាបាន​នូវ​កំនើន​ប្រកបដោយ​និរន្តរភាព​លើ​សម្ពៀត​ឥណទាន និង​សមតុល្យ​ប្រាក់​បញ្ញើ​សន្សំ​។​យើង​សម្រេចបាន​លទ្ធផល​សំខាន់ៗ​ជាច្រើន​នៅ​ឆ្នាំ 2019 ​រួមមាន​i). ទ្រព្យសកម្ម​សរុប​មាន​ចំនួន​ 3.11 ​ប៊ី​លាន​ដុល្លារ​ii).​សមតុល្យ​ឥណទាន​សរុប​មាន​ចំនួន​2.50​ប៊ី​លាន​ដុល្លារ​និង​មាន​អតិថិជន​សេវា​ឥណទាន​សរុប​ចំនួន ​417 ពាន់​នាក់​iii). អនុ​បាត​ឥណទាន​មិន​ដំណើរ​មាន​ត្រឹមតែ 0.4%​ ទាប​ជា​អត្រា​ទីផ្សារ ​iv).​សមតុល្យ​ប្រាក់​បញ្ញើ​សន្សំ​សរុប​មាន​ចំនួន ​1.78 ​ប៊ី​លាន​ដុល្លារ​និង​មាន ​742​ពាន់​គណនី​បញ្ញើ​សន្សំ​។​»

​លោក សេនា​ជាតិ បាន​បន្តថា «​លទ្ធផល​ដែល​ប្រា​សាក់​សម្រេចបាន​មកនេះ ដោយសារតែ​មានការ​គាំទ្រ​យ៉ាងខ្លាំង​ពី​អតិថិជន និយ័ត​ករ អាជ្ញាធរ​មូលដ្ឋាន ព្រមទាំង​ការខិតខំ​ប្រឹងប្រែង​រប​ស់​ថ្នាក់​គ្រប់គ្រង​និង​បុគ្គលិក​ប្រា​សាក់​ក្នុងការ​អនុវត្ត​យុទ្ធសាស្ត្រ​របស់​យើង ការធ្វើ​ពិពិធ​កម្ម​សេវា​ហិរញ្ញវត្ថុ ការបណ្តុះ​វប្បធម៌​បុគ្គលិក​ក្នុងការ​នាំមក​ជូន​នូវ​ការរីកចម្រើន​ជាមួយគ្នា និង​ការទាញយក​អត្ថប្រយោជន៍​ពី​បម្រែបម្រួល​ទីផ្សារ​។​»

​លោក សេនា​ជាតិ លើកឡើងថា «​ដោយមាន​ការវិនិយោគ​ពី​ខេ​ប៊ី ប្រា​សាក់​នឹង​នាំមក​នូវ​ផលិតផល​និង​សេវា​ហិរញ្ញវត្ថុ​ទំនើបៗ​រួមមាន សេវា​ហិរញ្ញវត្ថុ​ឌីជីថល និង​ធ្វើឱ្យ​ប្រសើរ​នូវ​បទពិសោធន៍​ធនាគារ​ដើម្បី​ឆ្លើយតប​តាម​តម្រូវការ​របស់​ទីផ្សារ​ជូន​ដល់​អតិថិជន​ចាស់​និង​អតិថិជន​ថ្មី ជាពិសេស​គឺ សហគ្រាស​ខ្នាតតូច និង​មធ្យម​»៕ ដោយ ៖ វីដា

 

spot_img
×