ភ្នំពេញ៖ ដើម្បីដោះស្រាយនូវការកកស្ទះនៅតំបន់ច្រមុះជ្រូកក្បាលថ្នល់ រដ្ឋបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ កសាងស្ពានអាកាសក្បាលថ្នល់ ហើយចំពោះមុខច្រមុះជ្រូកក្បាលថ្នល់នេះ ជាគោលការណ៍នឹងយកការ៉ាស់សាំងសូគីមិចមួយ នៅចំណុចនេះចេញ ដើម្បីកែលម្អនូវប្រព័ន្ធចរាចរណ៍តំបន់នេះឲ្យប្រសើរឡើង។
នាព្រឹកថ្ងៃចន្ទ ទី១៣ ខែមេសា ឆ្នាំ២០២០នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំស្ដីពី ការកែប្រព័ន្ធចរាចរណ៍ផ្លូវប្រសព្វរវាងមហាវិថីសម្ដេច ហ៊ុន សែន ( ផ្លូវ60m ) និងមហាវិថីព្រះមុនីវង្ស និងមហាវិថីកងយោធពលខេមរភូមិន្ទ ( ផ្លូវ271 ) ដែលមានការកកស្ទះជារៀងរាល់ថ្ងៃ នៅចំណុចច្រមុះជ្រូកក្បាលថ្នល់ កុំឱ្យមានការកកស្ទះចរាចរណ៍នៅចំណុចប្រសព្វមហាវិថីទាំងបីនេះ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចកែប្រព័ន្ធចរាចរណ៍ត្រង់ចំណុចនោះ ដើម្បីជួយសម្រួល ក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ ដូចជាការបំពេញការងារ ការប្រកបរបររកស៊ី ការដឹកជញ្ជូនរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ និងការធ្វើដំណើរចេញ-ចូលរាជធានីភ្នំពេញ។
ការដោះស្រាយចរាចរណ៍ នៅចំណុចច្រមុះជ្រូកក្បាលថ្នល់ ប្រសព្វនិងមហាវិធីសម្ដេចតេជោហ៊ុនសែន(ផ្លូវ៦០ម៉ែត្រ) និងអាចដោះស្រាយបាននូវសារាចរ៥0% បន្ថែមទៀត ក្រោយពីអាជ្ញាធររាជធានីភ្នំពេញ ដកយកការ៉ាស់សាំងសូគីមិច នៅចំណុចច្រមុះជ្រូកក្បាលថ្នល់នេះចេញ។
ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា “ដើម្បីដោះស្រាយនូវការកកស្ទះនៅតំបន់នេះ រដ្ឋបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ខ្លាំងក្លាណាស់ ដោយយើងបានកសាងស្ពានអាកាសក្បាលថ្នល់ ហើយចំពោះមុខច្រមុះជ្រូកក្បាលថ្នល់នេះ ជាគោលការណ៍យើង នឹងយកការ៉ាស់សាំងសូគីមិចមួយនៅចំណុចនេះចេញ ដើម្បីកែលម្អនូវប្រព័ន្ធចរាចរណ៍តំបន់នេះឲ្យប្រសើរឡើង”។
លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ផងដែរថា ក្រោយពីយកការ៉ាស់សាំងសូគីមិចមួយនេះចេញ ការដោះស្រាយបញ្ហាចរាចរ នៅតំបន់ច្រមុះជ្រូកក្បាលនេះ យើងអាចសម្រួលការដោះស្រាយបញ្ហាចរាចរ បានប្រមាណជា៥០ភាគរយបន្ថែមទៀត ជាមួយនឹងការពង្រីកមហាវិថីព្រះមុនីវង្ស ឲ្យបានបីកន្លែងផងដែរ។ ប៉ុន្តែទោះបីយ៉ាងណាក្តី ចំពោះវិធានការចំពោះមុខ គឺការកែសម្រួលប្រព័ន្ធភ្លើងស្តុប នៅតំបន់នេះមួយជំហានសិន ដោយហេតុថា ក្នុងមួយថ្ងៃមានយានយន្តធ្វើចរាចរ ឆ្លងកាត់ប្រមាណជាងមួយម៉ឺនគ្រឿង៕ដោយ៖កូឡាប