ភ្នំពេញ៖ អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានថ្លែងថា ការរៀបចំច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន មិនមានចរិតជាការរំលោភសិទ្ធិមនុស្ស ឬជាឧបករណ៍ប្រមូលអំណាច ដូចការចោទប្រកាន់បែបអគតិរបស់ក្រុមប្រឆាំងមួយក្តាប់តូចនោះទេ។
កាលពីថ្ងៃទី១៣ខែមេសាឆ្នាំ២០២០ អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានសេចក្តីថ្លែងការណ៍ ស្តីពីការរៀបចំច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន បានលើកឡើងបន្ថែមទៀតថា តែផ្ទុយទៅវិញ ច្បាប់នេះ គឺជាឧបករណ៍គតិយុត្តដ៏មានតម្លៃ ក្នុងការពារសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបាននូវសន្តិភាព ស្ថិរភាព សង្គម និងការអភិវឌ្ឍ ដេលជាក្តីប្រាថ្នាចង់បានរបស់ប្រជាពលរដ្ឋទូទាំងប្រទេស និងស្របតាមគោលការណ៍នីតិរដ្ឋនៅក្នុងសង្គមប្រជាធិបតេយ្យ។ ច្បាប់នេះ ក៏នឹងផ្តល់ជាមូលដ្ឋានគតិយុត្តដល់ការអនុវត្តមាត្រា២២ថ្មី នៃរដ្ឋធម្មនុញ្ញផង និងជាមូលដ្ឋានគតិយុត្តកំណត់ពីសិទ្ធិអំណាចរបស់រាជរដ្ឋាភិបាល ក្នុងការដាក់ចេញនូវវិធានការនានា ដេលមានចរិតជាការហាមឃាត់ ឬការកម្រិតនូវសិទ្ធិសេរីភាព របស់ប្រជាពលរដ្ឋ ប៉ុន្តែវិធានការនេះ មានភាពចាំបាច់មិនអាចខ្វះបាន ដើម្បីឆ្លើយតបទៅនឹងស្ថានភាពរបស់ប្រទេសជាតិ ក្នុងគ្រាអាសន្ន សំដៅការពារ សន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ ការពារអាយុជីវិត និងសុខភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងការពារទ្រព្យសម្បត្តិ និងបរិស្ថាន។
បើតាមអ្នកនាំពាក្យ ៖ “ច្បាប់នេះ មិនមែនជាករណីដោយឡែកសម្រាប់កម្ពុជានោះទេ ពោលគឺបណ្តាប្រទេសប្រជាធិបតេយ្យជាច្រើនផ្សេងទៀត ក៏មានច្បាប់នេះសម្រាប់គ្រប់គ្រងប្រទេសជាតិរបស់គេក្នុងស្ថានភាពគ្រាអាសន្ននេះដែរ”។
អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏សូមឆ្លៀតយកឱកាសនេះ ធ្វើការអំពាវនាវដល់សាធារណជនទាំងអស់ផងដែរ កុំឲ្យមានការព្រួយបារម្ភពីការរៀបចំ និងដាក់ឲ្យអនុវត្តច្បាប់នេះ ពោលគឺសូមមានទំនុកចិត្ត និងការជឿជាក់លើវិធានការរបស់រដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងការគ្រប់គ្រងស្ថានការណ៍ប្រកបដោយភាពប៉ិនប្រសប់ ឈ្លាសវៃ និងការទទួលខុសត្រូវខ្ពស់ ចំពោះសុខទុក្ខរបស់ជាតិ និងប្រជាពលរដ្ឋខ្មែរ ដោយហេតុថា ការប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ហើយឈានទៅការអនុវត្តបញ្ញត្តិនៃច្បាប់នេះ គឺនឹងត្រូវពិចារណាក្នុងករណីដែលចាំបាច់បំផុត ក្នុងគោលដៅការពារ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ រួមទាំងអាយុជីវិត សុខភាព ផលប្រយោជន៍ និងទ្រព្យសម្បត្តិរបស់ពលរដ្ឋ និងសង្គមជាតិទាំងមូល៕ដោយ៖កូឡាប