ភ្នំពេញ៖ លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេស ស្តីពីសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ បានថ្លែងតាមរយៈផេកហ្វេសប៊ុកផ្លូវការថា នៅថ្ងៃទី៩ ខែមេសា អ្នកជំនាញ អ.ស.ប បានផ្ញើលិខិតឧបាស្រ័យមួយច្បាប់ ដែលបង្ហាញកង្វល់ អំពីសេចក្តីព្រាងច្បាប់របស់ប្រទេសកម្ពុជា ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន។
លោកស្រី រ៉ូណា ស្មីត បានលើកឡើងថា យោងតាមអ្នកជំនាញឯករាជ្យ ប្រសិនជាត្រូវបានអនុម័ត ច្បាប់នេះ អាចរឹតត្បិតសិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិសិទ្ធិខាងសមាគម និងសិទ្ធិជួបជុំដោយសន្តិវិធី ហើយនិងសិទ្ធិក្នុងការដើរហើរ ដូចមានចែងក្នុងកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។
អ្នកជំនាញឯករាជ្យ បានស្នើឲ្យរដ្ឋាភិបាលកម្ពុជា ផ្តល់ព័ត៌មាន ស្តីពីវិធានការទាំងឡាយ ដែលត្រូវអនុវត្ត ដើម្បីធានាអនុលោមភាព នៃសេចក្តីព្រាងច្បាប់នេះ តាមកាតព្វកិច្ចរបស់ប្រទេសកម្ពុជា ក្រោមច្បាប់ និងបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ។
សូមបញ្ជាក់ថា រដ្ឋសភាជាតិ បានបើកសម័យប្រជុំ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ ដើម្បីពិភាក្សា សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ហើយបានអនុម័តដោយឯកច្ឆន្ទដោយឥតកែប្រែលើសេចក្តីព្រាងច្បាប់នេះ។ សេចក្តីព្រាងច្បាប់ មាន៥ជំពូក និង១២មាត្រា ។
សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ត្រូវបានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការ និងគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា ដឹកនាំដោយ ច័ន្ទ សុផល ប្រធានស្តីទីគណៈកម្មការ ព្រមទាំងឯកឧត្តម លោកជំទាវ តំណាងមកពីគ្រប់គណៈកម្មការជំនាញរបស់រដ្ឋសភា បានជួបប្រជុំពិនិត្យ សិក្សា ជាមួយតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងសហការី នារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ នៅវិមានរដ្ឋសភា។
ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា បានលើកឡើងថា សេចក្តីព្រាងច្បាប់នេះ បានតាក់តែងឡើងស្របគ្នានឹងមាត្រា ២២ថ្មី នៃរដ្ឋធម្មនុញ្ញកម្ពុជា ដែលបានចែងថា នៅពេលប្រជាជាតិប្រឈមមុខគ្រោះថ្នាក់ ព្រះមហាក្សត្រទ្រង់ប្រកាសប្រទានដំណឹងជាសាធារណៈដាក់ប្រទេសជាតិក្នុងភាពអាសន្ន ហើយច្បាប់នេះធ្វើឡើង ក្នុងគោលបំណងកំណត់អំពីបែបបទ នីតិវិធី និងលក្ខខណ្ឌ នៃការប្រកាសដាក់ប្រទេសជាតិក្នុងគ្រាមានអាសន្ន។ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតបានគូសបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន នឹងផ្តល់ជាមូលដ្ឋានគតិយុត្ត ដើម្បីឆ្លើយតប ទៅនឹងស្ថានភាពរបស់ប្រទេសក្នុងភាពអាសន្ន សំដៅការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការពារអាយុជីវិត និងសុខភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងការពារទ្រព្យសម្បត្តិ និងបរិស្ថាន។ ជាពិសេសក្នុងស្ថានភាពរីករាលដាលជំងឺ កូវីដ១៩ ដែលជាវិបត្តិសកលកាន់តែច្រើនឡើង ក្នុងពិភពលោកក្នុងពេលបច្ចុប្បន្ននេះ។
សូមជម្រាបថា សេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ត្រូវបានរាជរដ្ឋាភិបាល ប្រគល់ជូនតាមរយៈលិខិតលេខ២៩៧.លស.កបច ចុះថ្ងៃសុក្រ ១១កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ ដើម្បីស្នើសុំរដ្ឋសភាពិនិត្យ និងអនុម័តសេចក្តីព្រាងច្បាប់នេះ រួមមាន៥ជំពូក និង ១២មាត្រា ៖
-ជំពូកទី១ រួមមាន ២មាត្រា (ពីមាត្រា១ ដល់មាត្រា២) ចែងអំពីបទប្បញ្ញត្តិទូទៅ ដែលកំណត់អំពីគោលបំណង និងវិសាលភាព។
-ជំពូកទី២ រួមមាន ២មាត្រា (ពីមាត្រា៣ ដល់មាត្រា៤) ចែងអំពីបែបបទ នីតិវិធី និងលក្ខខណ្ឌនៃការដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន។
-ជំពូកទី៣ រួមមាន ២មាត្រា (ពីមាត្រា៥ ដល់មាត្រា៦) កំណត់អំពីវិធានការក្នុងពេលប្រទេសជាតិស្ថិតក្នុងភាពអាសន្ន និងអំពីរបបរាយការណ៍អំពីវិធានការក្នុងភាពអាសន្នជូនទៅរដ្ឋសភា និងព្រឹទ្ធសភា។
-ជំពូកទី៤ រួមមាន ៤មាត្រា (ពីមាត្រា៧ ដល់មាត្រា១០) ចែងអំពីទោសប្បញ្ញត្តិ ដែលកំណត់អំពីបទរារាំង ដល់កិច្ចប្រតិបត្តិការ ពេលប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ន បទមិនគោរព វិធានពេលប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ន ការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គល និងការទទួលខុសត្រូវ របស់អាជ្ញាធរមានសមត្ថកិច្ច។
-ជំពូកទី៥ រួមមាន ២មាត្រា (ពីមាត្រា១១ ដល់មាត្រា១២) ចែងអំពីអវសានប្បញ្ញតិ ដែលកំណត់អំពីនិរាករណ៍ និងការប្រកាសជាការប្រញាប់៕
ដោយ៖កូឡាប