ភ្នំពេញ៖ គូសង្សារវ័យក្មេងមួយគូ ដែលត្រូវបានចោទប្រកាន់ថាជាចោរឆក់ខ្សែក ដែលជាអ្នកចាំបិទគូទ ត្រូវបានជនរងគ្រោះស្រែកឆោឡោលេចឮ ដល់កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងខណ្ឌទួលគោក ប្រដេញឃាត់ខ្លួននៅត្រង់ចំណុចមុខសាលាឥន្ទ្រទេវី កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ ។
នៅក្នុងវីដេអូ គេបានឮជនរងគ្រោះ និយាយតតាំងជាមួយបុរស ដែលចោទជាចោរ នៅចំពោះមុខសមត្ថកិច្ចថា បុរសនេះ គឺពិតជាបានឆក់ខ្សែកគាត់ពិតប្រាកដមែន ដោយបានដាច់ ខណៈបុរសរងការចោទបានប្រកែកខ្លាំងៗទៅវិញថា មិនបានឆក់ទេ ហើយជិះម៉ូតូរត់គេចខ្លួននេះ គឺដោយសារតែមានការស្រែកចោទឡើងថា ខ្លួននិងសង្សារជាចោរ និងក៏ហ៊ានអះអាងឲ្យសមត្ថកិច្ចឆែក មើលកាមេរ៉ាទៀតផង ។
ទោះយ៉ាងណា ក្រោយករណីនេះកើតឡើង សមត្ថកិច្ចបានបញ្ជូនខ្លួនគូសង្សារនេះ ទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី១ ដើម្បីសាកសួរចម្លើយ ឈានទៅចាប់បក្ខពួករបស់ពួកគេជាបន្តទៀត ។
យ៉ាងណាមិញ ក្រឡេកមកមើល Comment ពីអ្នកលេងហ្វេសប៊ុកដែលជាអ្នកស្គាល់ ពិសេសស្រីៗបានលាន់មាត់ថា “ល្បីហើយ! នៅក្បែរផ្ទះ, ជាកូនអ្នកគ្រាន់បើ តែមិនកែចរិតទេ ធ្លាប់ចូលគុកមិនតិច ៣ ដង” ។ ទន្ទឹមនោះផងដែរ ក៏មានអ្នកខ្លះបានលើកឡើងថា “ធម្មតាចោរមុខមាត់ស្រស់ស្អាត ពុំសូវមានអ្នកជឿទេ ឥឡូវឃើញច្បាស់នឹងភ្នែកហើយ តិចចោទថាប៉ូលិសធ្វើស៊ីទៀតចុះ!!” ។
ទាក់ទងនឹងករណីខាងលើនេះ CEN ក៏ពុំទាន់ទទួលបានព័ត៌មានថា តើនារីជាសង្សារ អាចនឹងជាប់ព័ន្ធនឹងបទល្មើសនេះដែរ ឬ យ៉ាងណានោះទេ ៕ ដោយ៖ លឹម ហុង