Thursday, July 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​នៅតែ​ផ្គើន​នឹង​បទបញ្ជា ! ទីតាំង​ផឹកស៊ី ចាក់ធុងបាស់ បង្ក​សំឡេង​រំខាន ជាច្រើន​កន្លែង ក្នុង​ក្រុងភ្នំពេញ ត្រូវ​សមត្ថកិច្ច​ខណ្ឌ និង​ប៉ុស្តិ៍ ចុះ​បញ្ឈប់ និង​ធ្វើ​ការណែនាំ​អប់រំ

​ភ្នំពេញ​៖ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា ការដោះស្រាយ​បញ្ហា និង​ផល​លំបាក​របស់​ប្រជាពលរដ្ឋ គឺជា​ភារកិច្ច​របស់​សមត្ថកិច្ច នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​។ ទីតាំង​ផឹកស៊ី ចាក់ធុងបាស់ បង្ក​សំឡេង​រំខាន ជាច្រើន​កន្លែង​ត្រូវបាន​សមត្ថកិច្ច​ខណ្ឌ និង​ប៉ុស្តិ៍ ចុះ​បញ្ឈប់ និង​ធ្វើ​ការណែនាំ​អប់រំ កាលពី​យប់​ថ្ងៃទី​១៥​ខែមេសា​ឆ្នាំ​២០២០ ដែលជា​ថ្ងៃទី​២​នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​។​

​ដោយ​អនុវត្តតាម​ការណែនាំ​ជាប្រចាំ​របស់​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជា​ដល់​សមត្ថកិច្ច​ទាំងអស់ ចំណុះ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ត្រ​វ​តែ​ផ្តល់​សេវាសាធារណៈ ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​លឿន ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ ឲ្យ​បាន​ឆាប់រហ័ស ជាពិសេស​ធ្វើយ៉ាងណា ឲ្យ​ប្រជាពលរដ្ឋ​បាន​សប្បាយចិត្ត ។ ស្របតាម​ការណែនាំ​នេះ ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស មិន​ថា​ថ្ងៃ ឬ​យប់ តែងតែ​តាមដាន និង​ដោះស្រាយ​ខំ​មិន របស់​ប្រជាពលរដ្ឋ​ជានិច្ច ដោយ​ធ្វើ​ការសហការ ជាមួយ​អធិការ​ខណ្ឌ​ទាំង​១៤ និង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទាំងអស់ ។​

​ទោះជា​មានការ​ផ្សព្វផ្សាយ​ជាប្រចាំ នៅលើ​ផេ​ក​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ក៏ដូចជា ការចុះអនុវត្ត​ជា​រៀងរាល់​យប់ ដើម្បី​បញ្ឈប់ ណែនាំ អប់រំ រាល់​សកម្មភាព​ផឹកស៊ី ចាក់ធុងបាស់ ច្រៀង​ឡូឡា បង្ក​សំឡេង​រំខាន​ដែល​មិនអាច​ឲ្យ​អ្នកជិតខាង​សម្រាក​បាន យ៉ាងណាក៏ដោយ ក៏​នៅតែមាន​ប្រជាពលរដ្ឋ​មួយចំនួន​តូច នៅតែ​បង្កបញ្ហា​នេះ ។​

​សូម​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន​តូច ត្រូវ​ចេះ​គោរព​សិទ្ធិ​អ្នកដទៃ ក៏ដូចជា​ការចូលរួម​ស្តាប់ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ក្នុងការ​កាត់បន្ថយ​ការជួបជុំ​ផឹកស៊ី​សប្បាយ ដើម្បី​សហការគ្នា​ក្នុងការ​បង្ការ និង​ទប់ស្កាត់​ការឆ្លង​ដាល​វីរុស​កូ​វីដ ១៩ ៕​ដោយ​៖​កូ​ឡាប​

×