ភ្នំពេញ៖ ក្រសួងការបរទេស និង កិច្ចសហប្រតិបត្តិការអន្តរជាតិ បានប្រកាសបន្តអនុវត្តវិធានការរឹតបន្តឹងការធ្វើដំណើរ និងការផ្អាក មិនឲ្យជនបរទេសមកពី ប្រទេសបារាំង អាល្លឺម៉ង់ អ៊ីរ៉ង់ អ៊ីតាលី អេស្បាញ និង សហរដ្ឋអាមេរិក ចូលមកកម្ពុជា ។
ក្រសួងការបរទេស ក៏បានចេញលិខិតជម្រាបជូន ឯកអគ្គរាជទូត អគ្គកុងស៊ុល និងកុងស៊ុលកិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅបរទេស ចំពោះការផ្អាកគោលការណ៍លើកលែងទិដ្ឋាការ និង ផ្ដល់ទិដ្ឋាការទេសចរ ទិដ្ឋាការតាមប្រព័ន្ធអេឡិចត្រូនិច និង ទិដ្ឋាការ នៅពេលមកដល់ ក៏ដូចជាវិធានការសុខាភិបាលនានា រួមទាំងតម្រូវការវិញ្ញាបនបត្របញ្ជាក់សុខភាព និង ឯកសារធានារ៉ាប់រងសុខភាព ត្រូវស្ថិតនៅជាធរមានបន្តទៀត ។
ក្រសួងការបរទេស បានប្រកាសថា រាល់វិធានការរឹតបន្តឹងការធ្វើដំណើរទាំងអស់ខាងលើ គឺមានលក្ខណៈជាបណ្តោះអាសន្ន និងត្រូវបន្តអនុវត្តរហូតដល់ស្ថានភាពជំងឺកូវីដ១៩ មានការធូរស្រាល ក្រោយពីមានការវាយតម្លៃរួមគ្នារវាងក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក៕ ដោយ ៖ កូឡាប