កោះកុង ៖ យុវជនម្នាក់បានរៀបរាប់ប្រាប់សមត្ថកិច្ចថា គាត់បានរត់គេចពីប្រទេសថៃ ទាំងដៃជាប់ខ្នោះ តាមទឹកសមុទ្រ ហែលមកកាន់ដីគោក និងបានដើរកាត់តាមភ្នំ អស់រយៈពេលជាង២០ថ្ងៃ ពីប្រទេសថៃ ខេត្តត្រាត មកកាន់ប្រទេសកម្ពុជា ខេត្តកោះកុង ហើយក៏បានជួបនឹងកម្លាំងសមត្ថកិច្ចស្រុកមណ្ឌលសីមា។
សមត្ថកិច្ចខេត្តកោះកុង បានឲ្យដឹងថា នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ កម្លាំងនគរបាលស្រុកមណ្ឌលសីមា បានជួបបុរសម្នាក់ ដែលដើរកាត់ព្រៃពីប្រទេសថៃ ខេត្តត្រាត មកកាន់កម្ពុជា ខេត្តកោះកុង ដោយដៃជាប់ខ្នោះ និងមានរបួស ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលស្រុកមណ្ឌលសីមា ជួបប្រទះនិងនាំខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការសាកសួរពីព័ត៌មាន ។
លោក ឃឹម សាណេ ស្នងការរងប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុក នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០នេះថា បុរសដែលដើរកាត់ព្រៃចេញ ពីប្រទេសថៃ មកកាន់ប្រទេសកម្ពុជា ដោយមានទាំងខ្នោះជាប់ដៃផងនោះ ត្រូវបានកម្លាំងសមត្ថកិច្ច ធ្វើការជួយដោះខ្នោះចេញ និង លាងសម្អាតរបួសរួចរាល់ហើយ ។
លោកស្នងការរងបានបន្តថា យុវជននោះមានឈ្មោះ ឈ្មោះ រស់ រឿនអាយុ ៣៤ ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិ ខែ្មរ ស្រុកកំណើត ភូមិតាំងគោក ឃុំ តាំងគោក ស្រុកតាំងគោក ខេត្តកំពង់ធំ ទីលំនៅបច្ចុប្បន្ន ភូមិព្រៃស្វា ឃុំជ្រៃឃ្មុំ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង មានមុខរបរ ជាកម្មករទូកនេសាទ នៅប្រទេសថៃ ។
បើតាមចម្លើយពីយុវជនរូបនោះ បានឲ្យដឹងថា ខ្លួនគាត់ មានរឿងរ៉ាវឈ្លោះគ្នា នៅប្រទេសថៃ ខេត្តត្រាត ហើយត្រូវបានសមត្ថកិច្ចថៃ ចុះមកធ្វើការឃាត់ខ្លួន តែដោយសភាពច្របូកច្របល់ គាត់ក៏បានគេចខ្លួនចុះទឹកសមុទ្រ ហែលមកកាន់ដីគោក និងបានដើរកាត់តាមព្រៃភ្នំ អស់រយៈពេលជាង២០ថ្ងៃ ទើបមកដល់ខេត្តកោះកុង ហើយក៏បានជួបនឹងកម្លាំងសមត្ថកិច្ចស្រុកមណ្ឌលសីមាតែម្តង ។
លោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុកមណ្ឌលសីមា បានថ្លែងថា យុវជនដែលដើរកាត់ព្រៃចេញពីប្រទេសថៃ មកកាន់ប្រទេសកម្ពុជា ត្រូវបានអាជ្ញាធរដាក់ឲ្យនៅដាច់ដោយឡែកក្នុងវិទ្យាល័យ ហ៊ុន សែន ចាំយាមជាបណ្តោះអាសន្ន ដើម្បីធ្វើការព្យាបាលរបួស និងតាមដានត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ លើបញ្ហាវីរុសកូវីដ-១៩ ហើយលទ្ធផល ដែលទទួលបាននាពេលបច្ចុប្បន្ន គឺរូបគាត់ពុំទាន់មានអាការប្រឈមនោះឡើយ តែបើទោះជាយ៉ាងនេះក្តី ក៏អាជ្ញាធរនៅតែបន្តតាមដាន និង ព្យាបាលរបួសគាត់ឲ្យជាសះស្បើយ ដោយតម្រូវឲ្យគាត់ស្នាក់នៅក្នុងបន្ទប់ដាច់ដោយឡែកក្នុងវិទ្យាល័យ ហ៊ុន សែន ចាំយាម នៃស្រុកមណ្ឌសីមា មួយរយៈពេលសិន និងបានកំពុងទំនាក់ទំនងទៅកាន់ភាគីសាមីខេត្ត ដែលគាត់រស់នៅ ថានឹងត្រូវបញ្ជូន និងទទួលគាត់តាមរបៀបណា ព្រោះថាបម្រាមគោចររបស់រាជរដ្ឋាភិបាល ក៏បានបញ្ចប់នៅវេលាម៉ោង៦ព្រឹក នាថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០នេះរួចហើយដែរ ៕
ដោយ៖បញ្ញាស័ក្តិ