ភ្នំពេញ៖ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះ គឺជាខួបលើកទី៤៥ឆ្នាំ នៃការឡើងកាន់អំណាច របស់ពួកខ្មែរក្រហម។ ៤៥ឆ្នាំមុន ក្នុងថ្ងៃនេះ គឺថ្ងៃដែលធ្វើឱ្យប្រជាពលរដ្ឋនៅ ក្នុងក្រុងភ្នំពេញ ជួបនូវភាពវឹកវរ ឥតគណនា ហើយត្រូវជម្លៀសដោយបង្ខំ ចេញពីលំនៅដ្ឋានទៅកាន់ទីជនបទ។ ក្តីរំពឹងចំពោះរបបថ្មី ដែលកើតចេញពីបដិវត្តន៍របស់ខ្មែរក្រហមថា នឹងនាំឱ្យពួកគេទទួលបានសុខសន្តិភាព ឆ្ពោះទៅរកភាពល្អប្រសើរនោះ បែរជារលាយសូន្យសុង ប្រែក្លាយជារបបយង់ខ្នងព្រៃផ្សៃបំផុតមួយនៅលើពិភពលោក។
ឯកឧត្តមហេង រតនា អគ្គនាយកស៊ីម៉ាក បានថ្លែងសារលើផេកហ្វេសប៊ុកផ្លូវការ នៅថ្ងៃទី១៦មេសានេះថា ៤៥ឆ្នាំខួបនៃដំណើរទៅកាន់ឋាននរកដ៏ខ្មៅងងឹង របស់ប្រជាជនកម្ពុជា គឺការចាប់ផ្តើមរបបប្រល័យពូជសាសន៍ ប៉ុល ពត (៤៥ឆ្នាំ នៃ១៧ មេសា ឆ្នាំ ១៩៧៥ – ១៧ មេសា ឆ្នាំ២០២០)! រយៈពេលតែ៣ឆ្នាំ៨ខែ ពួកទមិឡគ្មានសាសនាហៅខ្មែរក្រហម បានសម្លាប់ប្រជាជនឯងជិត៣លាននាក់ យ៉ាងឃោរឃៅព្រៃផ្សៃផុតលេខ ដោយធ្វើទារុណកម្មបង្អត់អាហារ វាយដុំ កាប់សម្លាប់គ្មានត្រាប្រណី សម្លាប់ទាំងក្មេងចាស់ប្រុសស្រី គ្មានស្គាល់បងប្អូនឪពុកម្តាយជីដូនជីតាអ្វីទេ គឺស្គាល់តែអង្គការមួយគត់!។
ឯកឧត្តម បានបន្តថា ៤៥ឆ្នាំបានកន្លងផុតទៅ ប៉ុន្តែទង្វើឃោរឃៅរបស់របបពួកអាវខ្មៅ ស្ថិតនៅនឹងភ្នែកមិនអាចបំភ្លេចបានឡើយ! គ្មានសិទិ្ធ គ្មានអ្វីៗទាំងអស់ គឺឆ្នាំសូន្យ សូន្យ សូន្យ….! ៧ មករា ១៩៧៩ ជាកំណើតទី២ របស់ជាតិសាសន៍ និងជាតិនៃព្រះរាជាណាចក្រ មហាកម្សត់បំផុតនេះ!!។
សូមបញ្ជាក់ថា ការជ្រួលច្របល់ ចាប់ផ្ដើមឡើងនៅព្រឹកព្រលឹម នៃថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ គឺនៅពេលដែលគេឃើញកងទ័ពកុម្មុយនិស្តខ្មែរក្រហម ស្លៀកពាក់ខ្មៅ បានសម្រុក ចូលទីក្រុងភ្នំពេញ ពីគ្រប់ច្រក។
សមរភូមិចុងក្រោយថ្ងៃ ១៧មេសា កងទ័ពសាធារណរដ្ឋខ្មែរលើកទង់ជ័យស ព្រមចុះចាញ់។ ចំណែកប្រជាជននៅទីក្រុងទាំងអស់នាំគ្នា ចេញមកស្វាគមន៍ការចូលមកដល់របស់កងទ័ពខ្មែរក្រហមដែលពាក់ឈុតខ្មៅ កាន់អាវុធគ្រប់ដៃមានអាកា៤៧ គ្រាប់បែក និងស្ពាយបេ។ ប្រជាជន ទាំងអស់ រីករាយ ហើយ សង្ឃឹមថា ប្រទេសជាតិ មានសន្តិសុខ សុខសាន្តត្រាណ ហើយព្រោះកងទ័ពខ្មែរក្រហមនោះ ស្ថិតក្រោមរដ្ឋាភិបាល ដែលមានសម្តេច សីហនុ ជាប្រមុខនោះ។
ចាប់ពីចូលបានកាន់អំណាច នៅថ្ងៃទី១៧ មេសា ១៩៧៥ ពួកខ្មែរក្រហម នៅតែបន្តហៅខ្លួនឯងថាជា រាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជា ដដែលក៏ប៉ុន្តែអំណាចពិតប្រាកដមិនមែន ស្ថិតក្នុងដៃរដ្ឋាភិបាលរួបរួមជាតិនេះទេ គឺស្ថិតក្នុងដៃពួកខ្មែរក្រហមតែម្នាក់ឯង។
អ្វីដែលគួរឲ្យកត់សម្គាល់ គឺទាហានខ្មែរក្រហមដែលមានសម្លៀកបំពាក់ខ្មៅភាគច្រើនជា ក្មេងមានអាយុចន្លោះពី១៦ ទៅដល់១៧ឆ្នាំ ហើយពួកគេមានទឹកមុខមាំមិនញញឹមញញែមបន្តិចសោះ។ ទាហានទាំងនោះ បានប្រកាសឲ្យប្រជាជនចេញពីទីក្រុង ២ទៅ៣ថ្ងៃ ដោយមិនចាំបាច់យកសម្ភារៈទៅច្រើនទេ ព្រោះប្រជាជនទាំងនោះអាចត្រឡប់មកស្រុកវិញក្រោយពេល២ ឬ៣ថ្ងៃទៀតបាន។
ប្រជាជនណាដែលដើរយឺតត្រូវកងទ័ពខ្មែរក្រហាមបាញ់សម្លាប់ចោលនៅតាមផ្លូវ ហើយប្រជាជនរាប់សែននាក់ ដែលព្យាយាមចាកចេញពីក្រុង តាមបទបញ្ជានោះដឹងច្បាស់ថា ពួកគេទំនងជាគ្មានវាសនាត្រឡប់ មកជួបជុំបងប្អូនម្តាយឪពុកនៅផ្ទះវិញឡើយ។ ប្រជាជនខ្លះដែលចាស់ជរានោះ ដួលឈឺដេករណូករណែលតាមផ្លូវ សូម្បីអ្នកជំងឺដែលដើរមិនរួចនោះក៏ត្រូវបង្ខំចិត្តវារចេញពីមន្ទីរពេទ្យ ជាមួយមនុស្សរាប់សែននាក់ទៀតដែរ។
ក្រៅពីជម្លៀសមនុស្សចេញពីក្រុង ខ្មែរក្រហមបានលុបចោលនូវរាល់កម្មសិទ្ធិឯកជន ហើយរូបីយវត្ថុជាតិត្រូវគេបោះបង់ ធនាគារជាតិរងការបំផ្លិចបំផ្លាញ មិនដំណើការឡើយ។ ទីតាំងរោងចក្រឧស្សាហកម្មវិញនោះត្រូវគេបោះបង់ចោល គ្មានដំណើរការទេ គ្មានឡើយកម្មសិទ្ធឯកជន ព្រោះគ្រប់យ៉ាងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋ។ វត្តអារ៉ាមដែលធ្លាប់ជាកន្លែងសក្ការបូជាតាមបែបព្រះពុទ្ធសាសនានោះត្រឡប់ទៅកន្លែងចិញ្ចឹមជ្រូក ហើយព្រះសង្ឃត្រូវខ្មែរក្រហមចាប់ផ្សឹក និងធ្វើទុក្ខបុកម្នេញ ឬសម្លាប់ផងក៏មាន។
មានពលរដ្ឋកម្ពុជាប្រមាណ២.២លាននាក់ ត្រូវបានបាត់បង់ជីវិត ដោយការសម្លាប់ការបង្អត់អាហារ ជំងឺតម្កាត់ និងអំពើ អមនុស្សធម៌ផ្សេងៗទៀត៕
ដោយ៖កូឡាប