តាកែវ៖ ពលករចំណាកស្រុកមកពីប្រទេសថៃចំនួន ២០នាក់ទៀត ត្រូវរថយន្តកងកម្លាំងដឹកជញ្ជូនពីព្រំដែនប្រទេសថៃ មកដល់ទីតាំងចត្តាឡីស័ក នៅក្នុងមណ្ឌលគរុកោសល្យខេត្តតាកែវ នៅព្រឹកថ្ងៃ ១៨ ខែមេសា ឆ្នាំ២០២០នេះ ក្រុមគ្រូពេទ្យ និងអាជ្ញាធរក្រុង ស្រុក កំពុងពិនិត្យនិងតាមដានសុខភាពយ៉ាងយកចិត្តទុកដាក់បំផុត ។
លោក កង អាណាន់ អភិបាលក្រុងដូនកែវ បានឲ្យដឹងថា ចំពោះពលករដែលវិលត្រឡប់មកពីប្រទេសថៃ គឺត្រូវបានអាជ្ញាធរក្រុង ស្រុក និងក្រុមគ្រូពេទ ធ្វើការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ បន្ទាប់ពីធ្វើការពិនិត្យចត្តាឡីស័កនៅមណ្ឌលគរុកោសល្យខេត្តរួចហើយ ត្រូវបានដឹកបញ្ជូនក្រុមពលករទាំងនោះ ទៅស្រុកកំណើតរបស់ពួកគាត់ តែត្រូវបានណែនាំឲ្យរស់នៅដាច់ដោយឡែក ពីក្រុមគ្រួសារ ឬសាច់ញាតិចំនួន១៤ថ្ងៃសិន ។
បើតាមការបញ្ជាក់ពីលោក នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ មកទល់ពេលនេះ សម្រាប់ខេត្តតាកែវ នៅមិនទាន់មានករណីវិជ្ជមាន នៃវីរុសកូវីដ១៩ នៅឡើយទេ ហើយក្រុមគ្រូពេទ្យ ក៏ដូចជាអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ បាននិងកំពុងចាប់ដៃគ្នាយ៉ាងសស្រោកសស្រាំលើការចូលរួមជាមួយ នឹងរាជរដ្ឋាភិបាល ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ ដើម្បីបញ្ជៀសការឆ្លងរីករាលដាល ជាសហគមន៍នៅតាមមូលដ្ឋាន ៕ដោយ៖ តាកែវ