ចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណា ក្នុងសកលលោកបានហក់ឡើងលើស ១៥០.០០០នាក់។ នេះបើតាមតួលេខរបស់ Reuters កាលពីថ្ងៃសុក្រ។
ករណីស្លាប់ដំបូងដោយសារវីរុសនេះ កើតឡើងនៅក្នុងទីក្រុងវូហាន ប្រទេសចិន កាលពីថ្ងៃទី ៩ ខែមករា ហើយរយៈពេល ៨៣ថ្ងៃក្រោយមក ចំនួនអ្នកស្លាប់កើនឡើងដល់ ៥០.០០០នាក់។ ចំនួនអ្នកស្លាប់កាន់តែកើនច្រើនទៅៗ ដោយត្រឹម ៨ថ្ងៃបន្ទាប់ វាហក់ឡើងមកដល់ ១០០.០០០នាក់ និងកើនមកដល់ ១៥០.០០០ នៅរយៈពេល ៨ថ្ងៃបន្ទាប់ទៀត។
ទោះយ៉ាងណាក៏ដោយ តួលេខនៃអ្នកស្លាប់នេះនៅតិចតួចណាស់ បើធៀបទៅនឹងតួលេខនៃអ្នកស្លាប់ដោយសារជំងឺផ្តាសាយអេស្ប៉ាញ (Spanish flu) ដែលបានកើតឡើងក្នុងឆ្នាំ ១៩១៨ ដែលគេប៉ានប្រមាណថា មានអ្នកស្លាប់ជាង ២០លាននាក់ មុនពេលវាថមថយក្នុងឆ្នាំ ១៩២០។
វីរុសមរណៈនេះ ត្រូវបានគេជឿជាក់ថា ផ្ទុះចេញពីផ្សារនៅវូហាន ដែលជាទីផ្សារលក់សត្វព្រៃ មុនពេលវាបានរាតត្បាតយ៉ាងលឿនទៅជុំវិញពិភពលោក។
មកដល់ពេលនេះ អាមេរិចជាប្រទេសរងគ្រោះធ្ងន់ធ្ងរបំផុត ដោយមានអ្នកស្លាប់ជាង ៣៦.០០០នាក់ និងឆ្លងជាង ៧០០.០០០នាក់។
ប្រទេសរងគ្រោះដទៃទៀតមានដូចជា អ៊ីតាលី (ស្លាប់ជិត ៣០.០០០នាក់ និងឆ្លងជាង ១៧០.០០០) អេស្ប៉ាញ (ស្លាប់ជាង ២០.០០០ និងឆ្លងជាង ១៩០.០០០)…។
ចំនូនអ្នកឆ្លងសរុបទូទាំងសកលលោក មានជាង ២.២០០.០០០នាក់។
ក្នុងតំបន់អាស៊ីអាគ្នេយ៍ ប្រទេសឥណ្ឌូណេស៊ីរងគ្រោះខ្លាំងជាងគេ ដោយមានអ្នកឆ្លងថ្មីចំនួន ៤០៧នាក់កាលពីថ្ងៃសុក្រ បណ្តាលឲ្យតួលេខនៃអ្នកឆ្លងសរុបកើនដល់ទៅ ៦.០០០នាក់៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia/ Johns Hopkins University