ទោះបីចំនួនករណី Covid-19 ដែលបានបញ្ជាក់ថា បានកំពុងថយចុះនៅក្នុងប្រទេសថៃក៏ដោយ ក៏រដ្ឋាភិបាលប្រទេសនេះ នៅតែតាមឃ្លាំមើលស្ថានការណ៍ យ៉ាងយកចិត្តទុកដាក់បំផុត និងកំពុងស្វែងរកដំណោះស្រាយថ្មីៗ ដើម្បីបញ្ឈប់ការរាលដាលនៃជំងឺដ៏កាចសាហាវនេះ។
វិធីល្អបំផុត ក្នុងការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ គឺការអនុវត្តការឃ្លាតឆ្ងាយពីសង្គម ហើយអ្នកដែលរកឃើញផ្ទុកជំងឺនេះ ដែលមានហានិភ័យខ្ពស់ គឺត្រូវតែដាក់ឱ្យនៅដាច់ពីគេ។
ទោះជាយ៉ាងណាក៏ដោយការឃ្លាតឆ្ងាយពីគ្រួសាររបស់អ្នក គឺមិនមែនជារឿងងាយស្រួលនោះទេ។ អ្នកខ្លះអាចមានអារម្មណ៍ឯកោ រីឯអ្នកខ្លះទៀតមានអារម្មណ៍ថានឹកផ្ទះ ជាពិសេស សម្រាប់អ្នកដែលមិនធ្លាប់មានបទពិសោធន៍នៅឆ្ងាយពីផ្ទះ ឬគ្រួសារអ្នកតែម្តង។
ជាក់ស្តែង កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២០ កន្លងទៅថ្មីៗនេះ អ្នកប្រើហ្វេសប៊ុកឈ្មោះ Ochin Ad-din បានបង្ហោះនូវរូបភាព បង្ហាញពីទិដ្ឋភាពស្ត្រីជាម្តាយ បានបង្ខំចិត្តឲ្យកូនស្រីជាទីស្រឡាញ់ របស់គាត់ដែលត្រូវបានរកឃើញផ្ទុកជំងឺកូវីដ ត្រូវឃ្លាតឆ្ងាយពីគ្រួសារ នៅយ៉ាឡា ភាគខាងត្បូងប្រទេសថៃ។ រូបភាពបានបង្ហាញឲ្យឃើញរថយន្តសង្គ្រោះបន្ទាន់ជាមួយបុគ្គលិកពេទ្យម្នាក់ដែលស្លៀកឈុតការពារ រង់ចាំក្មេងស្រីតូចឡើងលើរថយន្ត ដែលគួរឲ្យស្រណោះសង្វេកចិត្តបំផុត។
ទោះបីជាត្រូវបានដាក់ឱ្យនៅដាច់ពីគ្នារយៈពេល ១៤ ថ្ងៃក៏ដោយ តែការនៅឲ្យឆ្ងាយពីកូនរបស់អ្នក ក្នុងនាមជាឪពុកម្តាយ គឺពិបាកនឹងទទួលយកបានណាស់។ សមាជិកគ្រួសារនៅក្នុងរូបថតអាចត្រូវបានគេមើលឃើញថា ក្នុងចិត្តពិតជាពិបាកក្នុងការនិយាយនូវពាក្យ “លា” របស់ពួកគេខ្លាំងណាស់៕
ប្រែសម្រួល៖ លឹម ហុង (ប្រភព៖ thesmartlocal)