កំពត ៖ ដើមរដូវវស្សាបានចូលមកដល់ហើយ ភ្លៀង ផ្គររន្ទះ លាយឡំខ្យល់កន្ត្រាក់ ក៏បានចាប់ផ្តើមជាបណ្តើរៗ មកលើតំបន់មួយចំនួន នៃបណ្តាខេត្តទូទាំងប្រទេស ។ ទន្ទឹមនេះផងដែរ ការប្រុងប្រយ័ត្នខ្ពស់ ចំពោះហានិភ័យបង្កគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងដោយចៃដន្យពីគ្រោះធម្មជាតិនេះ ក៏ត្រូវបានព្រមានផងដែរ ពីក្រសួងធនធានទឹក និងឧតុនិយម ដែលបានព្យាករណ៍អាកាសធាតុជាប្រចាំថ្ងៃ។
កាលពីវេលាម៉ោង ៤រសៀល ថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០២០ មានករណីភ្លៀង និងខ្យល់កន្ទ្រាក់លាយឡំដោយស្គររន្ទះ បណ្ដាលឲ្យប៉ើងដំបូលផ្ទះចំនួន២ខ្នង និងក្មេងស្រីម្នាក់ ត្រូវរន្ទះបាញ់ស្លាប់ ។ ភ្លៀង ខ្យល់កន្ទ្រាក់លាយឡំដោយផ្គររន្ទះ បានធ្វើឲ្យផ្ទះប្រជាពលរដ្ឋចំនួន២ខ្នង ត្រូវប៉ើងដំបូលរងការខូចខាត ក្នុងនោះមានទី១- ម្ចាស់ផ្ទះ ឈ្មោះ ជួន លន់ ភេទ ស្រី អាយុ ៧២ ឆ្នាំ នៅភូមិគាថាវង្សក្រោម និងទី២- ម្ចាស់ផ្ទះឈ្មោះ គង់ មោល ភេទ ស្រី អាយុ ៦៦ ឆ្នាំ នៅភូមិគាថាវង្សក្រោម ឃុំត្រពាំងសាលាខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ។
គ្រោះធម្មជាតិរន្ទះបាញ់ បានឆក់ជីវិតក្មេងស្រីជំទង់ម្នាក់ឈ្មោះ ឈ្មោះ ម៉ាប់ ស្រីនិច អាយុ ១៣ ឆ្នាំ នៅភូមិស្រែត្រែង ឃុំវត្តអង្គខាងជើង ស្រុកបន្ទាយមាស ខេត្តកំពត ៕ ដោយ៖ លឹម ហុង