ខេត្តពោធិ៍សាត់ៈ កម្លាំងប៉ូលិសក្រុងពោធិ៍សាត់ បានចុះបង្ក្រាបចាប់ឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន១៥នាក់ ខណៈដែលក្រុមក្មេងទំនើងទាំងនោះ កំពុងបង្កការអុកឡុកនៅក្នុងអាហារដ្ឋានមួយកន្លែង ស្ថិតនៅក្នុងភូមិបន្ទាយដី សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
លោកវរសេនីយ៍ឯក យឹម ស៊ាងហៃ អធិការនគរបាលក្រុងពោធិ៍សាត់ បានឲ្យដឹងថា កម្លាំងចុះបង្ក្រាប និងធ្វើការឃាត់ខ្លួន ក្រុមក្មេងទំនើងចំនួន១៥នាក់ ខណៈដែលក្មេងទំនើងទាំងនោះ កំពុងបង្កការអុកឡុក នៅក្នុងអាហារដ្ឋានមួយកន្លែង ស្ថិតនៅក្នុងភូមិបន្ទាយដី សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ យកមកកាន់អធិការនគរបាលក្រុងពោធិ៍សាត់ កាលពីល្ងាច ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ ។
លោក យឹម ស៊ាងហៃ បានឱ្យដឹងថា ក្មេងទំនើងដែលសមត្ថកិច្ចបានឃាត់ខ្លួនទាំង១៥នាក់ នោះ រស់នៅក្នុងភូមិក្តីស្វិត ឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ វត្ថុតាងមាន ម៉ូតូចំនួន ៩គ្រឿង ដាវសាំមូរ៉ៃចំនួន ៣ដើម ចម្ពាមកៅស៊ូចំនួន៣ និងគ្រាប់ឃ្លីសម្រាប់បាញ់ចម្ពាមកៅស៊ូ ចំនូន ៣៨គ្រាប់។
លោកយឹម ស៊ាងហៃ អធិការនគរបាលក្រុងពោធិ៍សាត់ បានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែ មេសា ឆ្នាំ២០២០ នេះថា ក្មេងទំនើងទាំង១៥នាក់ រួមនឹងវត្ថុតាង កម្លាំងកំពុងកសាងសំណុំរឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីចាត់ការតាមនីតិវិធី៕ ដោយ ៖ អ៊ុងសារុំ