កណ្តាល៖ នគរបាលបានប្រកាសរកសាច់ញាតិ តាមរយៈ ស្លាកលេខម៉ូតូ និង ភិនភាគជនរងគ្រោះ បើមានបងប្អូនណា ដែលស្គាល់ សូមមេត្តា ជួយផ្តល់ដំណឹង ដល់ក្រុមគ្រួសារ សាច់ញាតិរបស់ជនរងគ្រោះផង ព្រោះថាជនរងគ្រោះ គ្រោះថ្នាក់ចរាចរណ៍។
ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បង្កឡើងរវាងរថយន្ត និងម៉ូតូ ស្របទិសគ្នា បណ្តាលឲ្យស្លាប់ ១នាកនិង
ខូចខាតម៉ូតូ ១គ្រឿង ។ ករណីនេះកើតហេតុថ្ងៃសៅរ៍ ទី១៨ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង២០ និង១០នាទី នៅចំណុចផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ២០-២១ ស្ថិតក្នុងភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល។
នគរបាលបានរៀបរាប់ពីសភាពនៃរឿងហេតុថា ៖ នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងកើតហេតុខាងលើ មានម៉ូតូមួយគ្រឿងម៉ាក HONDA DREAM C125 ពណ៍ខ្មៅ ពាក់ផ្លាកលេខ រតនគិរី 1A-8742 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ភេទប្រុស(មិនពាក់មួកសុវត្ថិភាព ,ស្លាប់នៅកន្លែងកើតហេតុ)។ បើកបរមានទិសដៅពីត្បូង ទៅជើង(ភ្នំពេញ-បាត់ដំបង) លុះបើកមកដល់ចំណុចកើតហេតុខាងលើ បានបុកពីក្រោយរឺម៉ក រថយន្តមួយគ្រឿងម៉ាក HINO ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ស្វាយរៀង 3A-0709 និងមានសណ្តោងរឺម៉ក ពាក់ផ្លាកលេខ ព្រះសីហនុ 4A-1942 អ្នកបើកបររថយន្តរត់គេចខ្លួន។ ដែលអ្នកបើកបររថយន្តបានឈប់ចុះទិញទឹកសុទ្ធ ក៏ត្រូវបានម៉ូតូខាងលើបុក បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់នៅកន្លែងតែម្តង។
ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តបានព្យាយាមបើករត់គេច ពីកន្លែងកើតហេតុ ទុករថយន្តចោល រួចរត់គេចខ្លួនបាត់។
ចំពោះអ្នកស្លាប់មិនស្គាល់អត្តសញ្ញាណ ត្រូវបានយកមកតម្កល់ទុកនៅវត្តទេពរង្សី។
ចំណែកវត្ថុតាងទាំងពីរ ត្រូវបានយកមករក្សាទុកបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីបន្តនីតិវិធី។
ការសន្និដ្ឋាន ករណីខាងលើនេះ បណ្តាលមកពីអ្នកបើកបររថយន្តឈប់ចតខ្វះការប្រុងប្រយ័ត្ន ជាហេតុបង្កឲ្យកើតមានគ្រោះថ្នាក់កើតឡើង៕ ដោយ៖កូឡាប