បាត់ដំបង៖ បន្ទាប់ពីមានបណ្ដាសារព័ត៌មានផ្សាយថាមានករណីមនុស្សស្លាប់នៅសណ្ឋាគារខេមរាបាត់ដំបង១
ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបង្ហាញមុខម្ចាស់គណនី នោះដែលជាព្រះសង្ឃមួយអង្គ បែរជាមកផ្សព្វផ្សាយព័ត៌មានបំផ្លើសខុសការពិត។
ស្នងការនគរបាលខេត្តបាត់ដំបងថា មិនមានករណីមនុស្សស្លាប់នៅសណ្ឋាគារខេមរាបាត់ដំបង១ជាថ្មីដូចការផ្សព្វផ្សាយតាម បណ្តាញសង្គមនោះទេ។
ក្រុមការងារប្រតិកម្មរហ័នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មានកិត្តិយសសូមជម្រាបជូន សាធារណជនទូទៅ ពិសេសអ្នកនិយមប្រើប្រាស់បណ្តាញសង្គមជ្រាបថា ដោយបានកត់សម្គាល់ឃើញថា មានអ្នកប្រើប្រាស់បណ្តាញសង្គមរួមទាំងអង្គភាពសារព័ត៌មានខ្លះ បានផ្សព្វផ្សាយថាមានករណីមនុស្សស្លាប់នៅសណ្ឋាគារខេមរាបាត់ដំបង១ក្រុងបាត់ដំបងខេត្តបាត់ដំបង(ជាលើកទី២)ហើយមានការលាក់បាំងនូវព័ត៌មាននេះថែមទៀត។
ការផ្សព្វផ្សាយដោយមិនមានការពិតបែបនេះត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនដែល មិនបានពិនិត្យពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយជាមុនធ្វើការ ស៊ែរShare ចែកចាយនិងផ្សព្វផ្សាយបន្តតាមគ្រប់មធ្យោបាយ រហូតនាំទៅដល់ការ(បំពុលសង្គម)ថែមទៀតផង ។
ដេីម្បីចៀសវាងនូវការភាន់ច្រឡំដោយករណីខាងលើ ក្រុមការងារយើងខ្ញុំសូមធ្វើការច្រានចោលទាំងស្រុងចំពោះព័ត៌មានដែលថា (នៅសណ្ឋាគារខេមរាបាត់ដំបង១មានករណីមនុស្សដេលស្លាប់ជាលើកទី២)នៅក្នុងរយ:ពេលប៉ុន្មានថ្ងៃនេះ ។ ជាមួយនេះក៏សូមជម្រាបជូនថា កាលពីថ្ងៃទី១១ ខែ មេសាឆ្នាំ២០១៨ មានករណី មនុស្សស្រីម្នាក់បានដេកស្លាប់នៅទីនោះមែន ហើយករណីនៅពេលនោះគឺមិនទាក់ទិនក្នុងរឿងព្រហ្មទណ្ឌអ្វីឡើយ ដោយទំនងនោះជាព័ត៌មាន(ចាស់)ហើយត្រូវបានអណ្តែកឡើងវិញក្នុងបណ្តាញសង្គមតាមកាលបរិច្ឆេទខាងលើ ទើបមានមជ្ឈដ្ឋានមួយចំនួនរួមទាំងអង្គភាពសារព័ត៌មានខ្លះផងបានចាប់យកករណីនេះទៅផ្សព្វផ្សាយឡើងវិញដោយមិនបានមើលកាលបរិច្ឆេទដែលកើតឡើងឲ្យបានពិតប្រាកដថែមទាំងថានេះជាព័ត៌មានថ្មីទៀត។
រហូតមកដល់ពេលនេះ បានកត់សម្គាលឃើញអង្គភាពសារព័ត៌មានមួយចំនួន ដែលផ្សព្វផ្សាយខុសការពិត លោកបានចុះផ្សាយធ្វើការកែតម្រូវឡើងវិញហើយបន្ទាប់ពីបានទទួលព័ត៌មានពិតប្រាកដពីថ្នាក់ដឹកនាំស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។
ដូចបានជម្រាបជូនខាងលើសូមសាធារណជននៅគ្រប់មជ្ឈដ្ឋាន ពិសេសអ្នកប្រើប្រាស់បណ្តាញសង្គម មេត្តាជ្រាប និងសូមបន្តចូលរួមសហការលុបបំបាត់ចោលនូវព័ត៌មាន ក្លែងក្លាយ ដែលនាំបង្កនូវក្តីកង្វល់និងភាពច្របូកច្របល់ក្នុងសង្គមជាតិរបស់យើង សូមអរគុណ៕ ដោយ៖កូឡាប