បន្ទាយមានជ័យ ៖ រថយន្តហាយឡិនឌ័រមួយគ្រឿង បានធ្លាក់ចូលទៅក្នុងទឹក ក្នុងពេលបុរសជាប្តី បង្រៀនប្រពន្ធឲ្យបើកបរបណ្តាលឲ្យមនុស្សចំនួន៣ នាក់រងរបួសធ្ងន់។ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដោយថយរថយន្តបុកបង្កាន់ដៃស្ពានបាក់ធ្លាក់ចូលក្នុងអាងទឹកត្រពាំងថ្ម បានកើតឡើងនៅវេលាម៉ោង ១និង១០នាទី រសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ ចំណុចស្ពានទី១ រមណីយដ្ឋានអាងទឹកត្រពាំងថ្ម ស្ថិតក្នុងភូមិត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក យ៉ត សុផល អធិការនគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថា ៖ មុនពេលកើតហេតុ មានឈ្មោះ ព្រីញ ដា ភេទស្រីអាយុ ៣២ឆ្នាំ រស់នៅភូមិមាត់ស្រះ ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បានឲ្យប្តីឈ្មោះ លាង ភាឡៃ ភេទប្រុសអាយុ៣៦ឆ្នាំ បង្រៀនបើកបររថយន្ត ។ នៅពេលបើកដល់ចំណុចកៀនស្ពានខាងលិច ដែលជាកន្លែងចំណោត រថយន្តបានថយក្រោយពេលនោះអ្នកបើកបានបញ្ចូលលេខ ទៅបុកប៉ះលេខថយក្រោយ ហើយជាន់ហ្វ្រាំងច្រឡំហ្គែរ បណ្តាលឲ្យរថយន្តមានល្បឿនខ្លាំងថយក្រោយ បុកអ្នកលក់ផ្លែឈូកនៅក្បែរបង្កាន់ដៃស្ពានរបួសធ្ងន់រួចបន្តបុកបង្កាន់ដៃដែកស្ពានបាក់ធ្លាក់ចូលក្នុងអាំងទឹករងរបួសទាំង២នាក់ប្តីប្រពន្ធ។
លោកអធិការបានបញ្ជាក់ថា ៖ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ ស្ត្រីអ្នករៀនបើកបរឈ្មោះ ព្រីញ ដា ភេទស្រី អាយុ ៣២ឆ្នាំ(ជាប្រពន្ធរបួសធ្ងន់បែកលើភ្នែកខាងឆ្វេង) ចំណែកប្តីអ្នកបង្រៀន ឈ្មោះ លាង ភាឡៃ ភេទប្រុស អាយុ៣៦ឆ្នាំរបួសធ្ងន់បែកចិញ្ចើមឆ្វេង ២នាក់ប្តីប្រពន្ធ សម្រាកព្យបាលនៅមន្ទីរពេទ្យបង្អែកស្រុកភ្នំស្រុក ចំពោះរថយន្តដែលបើកបរម៉ាកតូយូតាហាយឡេនឌ័រ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2A.9331 ។ ចំណែកស្ត្រីអ្នកលក់ផ្លែឈូកក្បែរបង្កាន់ស្ពានឈ្មោះ សូ ស៊ីណា ហៅវិត ភេទស្រី អាយុ ២៩ឆ្នាំ រស់នៅភូមិត្រពាំងថ្មជើង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន នៅស្រុកមង្គលបូរី ។ រថយន្តនៅពេលនេះ បានស្ទូចយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕ ដោយ ៖ កូឡាប