Friday, July 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មករ​ត្រឡប់​ពី​ស្រុកកំណើត មក​ធ្វើការ​នៅ​ភ្នំពេញ ត្រូវដាក់​ឱ្យនៅ​ដាច់ដោយឡែក​១៤​ថ្ងៃ

​ភ្នំពេញ​៖ នា​រសៀល​ថ្ងៃអាទិត្យ ទី​១៩ ខែមេសា ឆ្នាំ​២០២០​នេះ ឯកឧត្ដម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​មន្ទីរជំនាញ​ពាក់ព័ន្ធ និង​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​ចុះ​ពិនិត្យ​វិទ្យាល័យ​ចំណេះ​ទូទៅ និង​បច្ចេកទេស ហ៊ុន សែន ជម្ពូ​វ័ន អនុវិទ្យាល័យ​គោក​បញ្ជាន់ និង​វិទ្យាល័យ​ឫស្សីកែវ សម្រាប់​ធ្វើជា​ទីតាំង​ច​ត្តា​ឡី​ស័ក រយៈពេល​១៤​ថ្ងៃ លើ​បងប្អូន​កម្មករ កម្មការិនី ដែល​ទើបនឹង​វិលត្រឡប់​ពី​ស្រុកកំណើត ចូលមក​រាជធានី​ភ្នំពេញ​ដើម្បី​មក​បំពេញការងារ​រប​ស់បង​ប្អូន​កម្មករ កម្មការិនី​តាម​រោងចក្រ​នានា ដើម្បី​ចូលរួម​កិច្ចការ​ការពារ ទប់ស្កាត់​ប្រយុទ្ធប្រឆាំង និង​ការរីក​រាលដាល​នៃ​វីរុស​កូ​វីដ​១៩ ( Covid19 )​។​

ឯកឧត្ដម ឃួ​ង ស្រេង បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា “​ខ្ញុំ​បាន​ចុះ​ពិនិត្យ​ទីតាំង​ត្រួតពិនិត្យ​សុខភាព​បងប្អូន​កម្មករ កម្មការិនី ដែល​ទើបនឹង​វិលត្រឡប់​ពី​ស្រុកកំណើត​វិញ​”​។​

​ឯកឧត្តម ឃួ​ង ស្រេង បាន​លើកឡើងថា ការដាក់​កម្មករ កម្មការិនី ដែល​ត្រឡប់​មកពី​ស្រុកកំណើត នាឱកាស​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ ឱ្យនៅ​ដាច់ដោយឡែក​ពី​គេ​រយៈពេល​១៤​ថ្ងៃ គឺធ្វើឡើង​ដើម្បី​សុខុមាលភាព​របស់​កម្ម​ករ កម្មការិនី​ទាំង ដែល​បម្រើការ​នៅតាម​រោងចក្រ​ទាំងអស់គ្នា​។​

​កន្លែង​ត្រៀម​ដាក់​កម្មករ​ឱ្យនៅ​ដាច់ដោយឡែក ក្នុងនោះ​វិទ្យាល័យ​ជម្ពូ​វ័​ន្ត មាន​ចំនួន​៥០​បន្ទប់ អនុវិទ្យាល័យ​គោក​បញ្ជាន់ ចំនួន​៣៩​បន្ទប់ និង​វិទ្យាល័យ​ប្ញ​ស្សី​កែវ ចំនួន ៤៩​បន្ទប់ ដោយ​១​បន្ទប់ ដាក់​បានតែ​មនុស្ស ២​នាក់​។​

​ឯកឧត្តម ឃួ​ង ស្រេង បាន​ថ្លែងថា “​ក្នុងនាម​អាជ្ញាធរ​ដែនដី ក៏ដូចជា​រាជរដ្ឋាភិបាល យើង​អត់​យកទោស​ពៃ​អី​ទេ ការដាក់ឱ្យ​កម្មករ កម្មការិនី ដែល​ត្រឡប់​មកពី​ស្រុកកំណើត​ដាក់ ឱ្យនៅ​ដាច់ដោយឡែក​រយៈពេល​១៤​ថ្ងៃ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល គឺធ្វើឡើង​ដើម្បី​សុខមាលភាព​របស់​ប្រជាពលរដ្ឋ កម្មករ កម្មការិនី​ទាំងអស់គ្នា​”​។​

​អភិបាល​រាជធានី​ភ្នំពេញ បាន​លើកឡើងថា ប្រសិនបើ​អាជ្ញាធរ​មិន​ចាត់វិធានការ​បែបនេះ​ទេ ប្រសិនបើ​មានកម្ម​ករ កម្មការិនី​ណា​ម្នាក់​មាន​ផ្ទុក​វីរុស COVID-19 អាច​នឹង​ចម្លង​ដល់​អ្នកដទៃ ព្រមទាំង​អាចឱ្យ​រោងចក្រ​ទាំងមូល ប្រឈមមុខ​នឹង​ការបិទទ្វារ​រោងចក្រ​តែម្តង​។ ដូច្នេះ ការអនុវត្ត​តាម​វិធានការណ៍ ណែនាំ​របស់​ក្រសួង​ការងារ គឺ​ដើម្បី​ធ្វើ​យ៉ាង​ធានា​ដល់​សុខុមាលភាព​របស់​កម្ម​ករ កម្មការិនី​ទាំងអស់គ្នា​ផងដែរ​។ ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុងការ​ទប់ស្កាត់ ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ COVID-19 នេះ​នឹង​ទទួលបាន​ជោគជ័យ តាមរយៈ​ការដាក់ចេញ​នូវ​វិធានការ​ច្បាស់លាស់ ម៉ឺងម៉ាត់ ជាពិសេស​នៅតាម​បណ្តា​រាជធានី​-​ខេត្ត គឺមាន​គណៈកម្មការ​ទទួល​ខុសត្រូវ​លើ​ជំងឺ​នេះ តាំងពី​ថ្នាក់ជាតិ រហូតដល់​ថ្នាក់ក្រោម​ជាតិ​។​

​គួរ​ជម្រាប​ថា នា​ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​២០២០ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បានស្នើ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សហការ​ជាមួយ​រោងចក្រ សហគ្រាស និង​ក្រុមហ៊ុន​នានា ដាក់​កម្មករ និយោជិត ដែល​ទៅ​ស្រុក​លេង​ចូលឆ្នាំ​រយៈពេល​១៤​ថ្ងៃ មុន​ឱ្យ​ពួកគេ​ចូលធ្វើការ​វិញ ដើម្បី​បង្ការ​ការចម្លង​ជំងឺ​កូ​វីដ​១៩​។ ដោយឡែក​កម្មករ និយោជិត ដែល​ត្រឡប់​មកពី​ចូលឆ្នាំ​វិញ ត្រូវតែ​ដាក់​ឱ្យនៅ​ដាច់ដោយឡែក​ជា​ចាំបាច់ ហើយ​ត្រូវ​តាមដាន​សុខភាព​ជាប្រចាំ​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល បានឱ្យដឹងថា គិត​ត្រឹម​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០២០​នេះ ករណី​ជំងឺ​កូ​វីដ​១៩ នៅក្នុង​ប្រទេស​កម្ពុជា មាន​ត្រឹម​១២២​ករណី​ដដែល ខណៈដែល​អ្នកជា​សះស្បើយ កើន​ដល់​១០៥​នាក់ នៅ​ទូទាំងប្រទេស និង​មាន​អ្នកជំងឺ​ប្រមាណ​១៧​នាក់​ប៉ុណ្ណោះ កំពុង​បន្ត​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​៕​

ដោយ​៖​កូ​ឡាប​

 

×