ភ្នំពេញ៖ សារលិខិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងឱកាសប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០។ សម្តេចបានថ្លែងថា ប្រទេសកម្ពុជា លេងមានករណីស្លាប់ដោយសារជំងឺគ្រុនចាញ់ ចាប់ពីឆ្នាំ២០១៨ រហូតមកដល់បច្ចុប្បន្ននេះ បានន័យថា សម្រេចបានជោគជ័យ៣ឆ្នាំ មុនគោលដៅគ្រោងទុកឆ្នាំ២០២០។
សម្តេចតេជោ បានមានប្រសាសន៍ថា ទោះបីយ៉ាងណាក៏ដោយ ក៏យើងមិនត្រូវភ្លេចខ្លួន ស្កប់ស្កល់នឹងលទ្ធផលដែលយើងបានទទួលនោះទេ ព្រោះថា ជំងឺគ្រុនចាញ់នៅតែជាបន្ទុកដ៏ធ្ងន់មួយរបស់កម្ពុជា ហើយបើយើងមិនទាន់លុបបំបាត់មេរោគគ្រុនចាញ់ឲ្យអស់ពីក្នុងខ្លួនមនុស្សគ្រប់ៗរូបទេនោះ សត្វមូសដែកគោលញីដែលនៅបន្តមានវត្តមានក្នុងព្រៃ និងតំបន់ជុំវិញ នៅតែមានឱកាសខាំបឺតឈាមចម្លងមេរោគគ្រុនចាញ់ ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ និងពីសហគមន៍មួយទៅសហគមន៍មួយដដែល។ ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលតែងបានផ្តល់លទ្ធផលនិងលើកទឹកចិត្តឲ្យមានចលនាកៀរគរប្រមូលប្រភពធនធាន ដើម្បីជំរុញការងារប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ឲ្យកាន់តែមានសកម្មភាពខ្លាំងក្លាថែមទៀត ឆ្ពោះទៅលុបបំបាត់ជំងឺនេះ ឲ្យបានតាមផែនការកំណត់ បើទោះជាបច្ចប្បន្ននេះ ពិភពលោករួមទាំងប្រទេសកម្ពុជាយើង កំពុងប្រឈមនឹងវិបត្តិជំងឺកូវីដ១៩ ក៏ដោយ។ ដូច្នេះ យើងត្រូវយកចិត្តទុកដាក់ខ្ពស់ ទាំងអស់គ្នា លើចំណុចទាំងនេះ ដើម្បីលើកកម្ពស់សុខភាព គុណភាពនៃការរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ប្រជាជនយើង។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារមួយជូនដល់ជនរួមជាតិ ដើម្បីអបអរដល់ទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ និងទិវាគ្រុនចាញ់ពិភពលោក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ ខាងមុខនេះ ក្រោមប្រធានបទ “គ្មានជំងឺគ្រុនចាញ់ ផ្តើម ចេញពីខ្ញុំ”។
តាមរយៈសារលិខិតនេះ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា ប្រធានបទ “គ្មានជំងឺគ្រុនចាញ់ ផ្តើម ចេញពីខ្ញុំ” នេះ គឺសមស្របនឹងដំណើរវិវត្តនៃសភាពការណ៍សង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ដែលកំពុងពង្រីកការអភិវឌ្ឍតាមព្រំដែន និងតំបន់អេកូទេសចរធម្មជាតិ ព្រៃភ្នំដែលនៅប្រឈមនឹងអត្រាឈឺស្លាប់ដោយជំងឺគ្រុនចាញ់នេះនៅឡើយ។ លើសពីនេះទៅទៀត កម្ពុជាកំពុងតែអនុវត្តអភិក្រមការងារលុបបំបាត់ជំងឺគ្រុនចាញ់ឆ្នាំ២០១៦-២០២០ ដែលជាផ្នែកមួយ នៃផែនការយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ក្នុងប្រទេសកម្ពុជា ឆ្នាំ២០១១-២០២៥ ដែលជាផែនការបង្ហាញផ្លូវ និងបង្កលក្ខណៈងាយស្រួលដល់ការប្រតិបត្តិជាក់ស្តែង ឈានឆ្ពោះទៅលុបបំបាត់ជំងឺគ្រុងចាញ់ទូទាំងប្រទេស។
អត្ថន័យនៃទិវាគ្រុនចាញ់ពិភពលោក ២៥មេសា ២០២០ ដែលមានពាក្យស្លោកថា “គ្មានជំងឺគ្រុនចាញ់ ផ្តើមចេញពីខ្ញុំ” ដើម្បីលុបបំបាត់ជំងឺគ្រុនចាញ់ ទៅជាការអនុវត្តជាក់ស្តែងកាន់តែស៊ីជម្រៅ កាន់តែទូលំទូលាយ និងកាន់តែគ្រប់ជ្រុងជ្រោយ ដើម្បីឲ្យកម្ពុជា អាចធ្វើដំណើរឆ្ពោះទៅកាន់តែអនាគតមួយ ដែលគ្មានជំងឺគ្រុនចាញ់៕
ដោយ៖កូឡាប