ខេត្តប៉ៃលិនៈ ប្រជាពលរដ្ឋក្រីក្រ រស់នៅភូមិផ្សារព្រំជើង និងភូមិផ្សារព្រំត្បូង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ចំនួន១៥០គ្រួសារ បានទទួលអំណោយមនុស្សធម៌ របស់សប្បុរសជននៅក្នុងប្រទេស តាមរយៈព្រះចៅអធិការវត្តព្រំគីរីមរត កាលពីព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ នៅវត្តព្រំគីរីមរត ហៅវត្តផ្សារព្រំ ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ព្រះគ្រូសក្យវង្ស វ៉ែន ចន្ទសាម៉ៃ ព្រះអនុគណស្រុកសាលាក្រៅ បានមានថេរដីកាថា ដោយមើលឃើញពីការលំបាក របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលមានជីវភាពខ្វះខាត និងមានការចង្អុលបង្ហាញពីព្រះមេគណទាំងពីគណៈ ជាពិសេសឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ទើបព្រះអង្គ ខិតខំអំពាវនាវដល់សប្បុរសជន ទាំងក្នុងនិងក្រៅប្រទេស ឲ្យមានការចូលរួមជាថវិកា និងគ្រឿងឧបភោកបរិភោគ សម្រាប់ជួយដល់ប្រជាពលរដ្ឋ ដែលមានការខ្វះខាតទាំងនេះផងដែរ។ អំណោយ ដែលចែកជូនប្រជាពលរដ្ឋខ្វះខាតនេះ គឺបានមកពីការឧបត្ថម្ភ របស់ឧបាសិកា មាស់ វ៉ាន់ធីនិងក្រុមគ្រួសារ ព្រមទាំងសប្បុរសជនផ្សេងៗទៀត បើទោះបីជាតិចតួចក្តី ប៉ុន្តែអាចដោះស្រាយបានមួយគ្រាផងដែរ។
លោកឧត្តមសេនីយ៍ទោ វ៉ាន់ លីហៀង នាយករង នាយកដ្ឋានសោធននិវត្តន៍ ក្រសួងការពារជាតិ តំណាងឲ្យក្រុមគ្រួសារ បានមានប្រសាសន៍ថា ថ្នាក់ដឹកនាំខេត្តប៉ៃលិន គឺបានបើកទូលាយដល់ សប្បុរសជនជាតិ អន្តរជាតិនិងអង្គការនានា ដើម្បីជួយដល់ប្រជាពលរដ្ឋ ជួបការលំបាកខ្វះខាតស្បៀងអាហារ ជាក់ស្តែងការចែកអំណោយសប្បុរសធម៌ ពេលនេះ ពិតជាបានរួមចំណែកនិងឆ្លើយតមទៅ នឹងការខ្វះខាតរបស់ប្រជាពលរដ្ឋ ព្រោះបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា កំពុងយកចិត្តទុកដាក់បំផុត ចំពោះបងប្អូនប្រជាពលរដ្ឋណា ដែលមានជីវភាពខ្វះខាត ដើម្បីឲ្យក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត ចុះចែកជូនដល់មូលដ្ឋានតែម្តង។ បងប្អូន ប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ខិតខំបង្កបង្កើនផលដាំដំណាំចម្រុះ ឲ្យអស់លទ្ធភាព ដើម្បីបង្កើនប្រាក់ចំណូលប្រចាំថ្ងៃ ដោះស្រាយជីវភាពក្នុងគ្រួសារ ឲ្យបានធូរធាឡើង ជាពិសេសបងប្អូន ត្រូវយកចិត្តទុកដាក់ថែរក្សាអនាម័យ កូនចៅឲ្យបានល្អ រស់នៅស្អាត ហូប ស្អាត ផឹកស្អាតជានិច្ច៕ដោយ៖អ៊ុងសារុំ