ភ្នំពេញ៖ បើទោះបីជាកម្ពុជា កំពុងទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺឆ្លង Covid-19 យ៉ាងណាក្តី ក៏នៅដើមត្រីមាសទី២ ឆ្នាំ២០២០នេះ កម្ពុជាទទួលបានគម្រោងជាច្រើននៅតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា ក្នុងនោះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ទទួលបានគម្រោងវិនិយោគរោងចក្រផលិតប្រអប់នំ ១ កន្លែង និងខេត្តស្វាយរៀង ចំនួន២កន្លែង ដែលសរុបគម្រោងវិនិយោគទាំង ៣ទីតាំងនេះ មានទំហំទឹកប្រាក់ជាង ១១លានដុល្លារ និងបង្កើតការងារបានជិត ៨០០កន្លែង។
រាជរដ្ឋាភិបាលតាមរយៈគណ:កម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ថ្មីៗនេះ បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរជូនក្រុមហ៊ុនចំនួន៣ លើការវិនិយោគបង្កើតរោងចក្រលើការសង្វាក់ផលិតកម្មផ្សេងគ្នា។ ក្រុមហ៊ុនទាំង៣រួមមាន ៖
១- ក្រុមហ៊ុន M.M.A.S (Cambodia) Co., Ltd.: គម្រោងបង្កើតរោងចក្រផលិតប្រអប់នំ, មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ, មានទុនវិនិយោគចំនួន ៥,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៦៧កន្លែង។
២- ក្រុមហ៊ុន Long Purse Industrial (Cambodia) Co., Ltd.: គម្រោងបង្កើតរោងចក្រផលិតខ្សែកាបភ្ជាប់ចរន្តធ្វើអំពីស្ព័ន, មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីស៍ស, មានទុនវិនិយោគចំនួន ៥,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៧៥កន្លែង។
៣- ក្រុមហ៊ុន Xiangsong Printing (Cambodia) Co., Ltd. គម្រោងបង្កើតរោងចក្រផលិតសម្ភារ:វេចខ្ចប់,
មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង ហាយផាក, មានទុនវិនិយោគចំនួន ១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៤០កន្លែង៕ ដោយ ៖ សម្ផស្ស