ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាល បានប្រកាសឲ្យធ្វើការកាត់បន្ថយ ការនាំចូលសត្វ និងបន្លែ ពីប្រទេសជិតខាង ជាហេតុធ្វើឲ្យការចិញ្ចឹមជ្រូក មាន់ ទា គោ បន្លែ និងក្របី ជាលក្ខណៈកសិដ្ឋាននៅក្នុងខេត្តសៀមរាប មានលទ្ធភាពអាចផលិតសម្រាប់ផ្គត់ផ្គង់ ក្នុងខេត្តរបស់ខ្លួនបាន និងសម្រាប់នាំចេញទៅបណ្តាខេត្តដទៃទៀតបាន ដោយក្នុង១ថ្ងៃ អាចផលិតបានជាង ៥៥.៣៥០គីឡូក្រាម។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី២១ខែមេសាឆ្នាំ២០២០ បានប្រកាសថា បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាល បានប្រកាសឲ្យធ្វើការកាត់បន្ថយ ការនាំចូលសត្វ និងបន្លែ ពីប្រទេសជិតខាង ជំនួសដោយការចិញ្ចឹមក្នុងស្រុក យើងសង្កេតឃើញថា ប្រជាកសិករមានភាពសប្បាយរីករាយ និងមានទឹកចិត្តពង្រីកក្នុងការចិញ្ចឹមសត្វ ជាបន្តបន្ទាប់។ ការប្រកាសកាត់បន្ថយ ការនាំចូលសត្វ និងបន្លែ ពីប្រទេសជិតខាង ស្របពេលដែលជំងឺកូវីដ១៩ កំពុងរាតត្បាត។
ក្រសួងកសិកម្ម បានលើកឡើងថា ជាក់ស្ដែងនៅខេត្តសៀមរាប ការចិញ្ចឹមជ្រូកជាលក្ខណៈកសិដ្ឋានមានចំនួន ៤៣កន្លែងស្មើនឹងជាង ១៣៨.១១៥ក្បាល កសិដ្ឋានចិញ្ចឹមមាន់យកសាច់រហូតដល់ ៦៣កន្លែង សត្វស្លាបចំនួន ៣.១៧៤.៣២៥ក្បាល ការចិញ្ចឹមមាន់និងទា យកស៊ុត និងការចិញ្ចឹមគោក្របីមានចំនួន ២៥២.២៩០ក្បាលផងដែរ។
គិតជាមធ្យម ផលិតកម្មសាច់ (គោក្របី ជ្រូក មាន់ទា) នៅខេត្តសៀមរាប មានលទ្ធភាពអាចផលិតសម្រាប់ផ្គត់ផ្គង់ ក្នុងខេត្តរបស់ខ្លួនបាន និងសម្រាប់នាំចេញទៅបណ្តាខេត្តដទៃទៀតបាន ដោយក្នុង១ថ្ងៃ អាចផលិតបានជាង ៥៥.៣៥០គីឡូក្រាម៕
ដោយ៖កូឡាប