ភ្នំពេញ៖ ក្រសួងមហាផ្ទៃនៅថ្ងៃទី 21 ខែមេសាឆ្នាំ 2020 បានចេញលិខិតមួយច្បាប់ផ្អាកសកម្មភាពអង្គការការពារនិងអភិរក្សសត្វព្រៃឈើជលផលកម្ពុជាជាបណ្ដោះអាសន្ន។
បើយោងតាមលិខិតដែលចុះហត្ថលេខាដោយសម្ដេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានជម្រាបមកលោកឈាវអានសាលីដេតប្រធានអង្គការការពារនិងអភិរក្សសត្វព្រៃឈើជលផលកម្ពុជា។
ក្រសួងមហាផ្ទៃ បាន ពិនិត្យឃើញថា អង្គការការពារនិងអភិរក្សសត្វព្រៃឈើជលផលកម្ពុជា បានធ្វើសកម្មភាពផ្ទុយនឹងប្រការ 8 នៃលក្ខន្តិកៈ របស់ខ្លួន ដែលតម្កល់ទុកនៅក្រសួងមហាផ្ទៃនិងពុំបានបំពេញកាតព្វកិច្ចតាមការកំណត់ក្នុងបទបញ្ញត្តិមាត្រា 10 និងមាត្រា 25 នៃច្បាប់ស្ដីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងធ្វើសកម្មភាពខុសច្បាប់នឹងធ្វើឲ្យមានការយល់ច្រឡំជាមួយនឹងអាជ្ញាធរមានសមត្ថកិច្ច។
អនុលោមតាមច្បាប់ស្ដីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល ក្រសួងមហាផ្ទៃសម្រេចផ្អាកសកម្មភាពរបស់អង្គការនេះជាបណ្ដោះអាសន្នក្នុងរយៈពេល 90 ថ្ងៃ ដោយគិតចាប់ពីថ្ងៃជូនដំណឹងនេះ។
ក្រសួងមហាផ្ទៃក៏បានបង្គាប់ឲ្យអង្គការនេះត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរអំពីព័ត៌មានរាល់គណនី និងអាសយដ្ឋាននៃទីស្នាក់ការកណ្ដាល ព្រមទាំងត្រូវផ្ដល់នូវរបាយការណ៍ បូកសរុបសកម្មភាពការងារ និងរបាយការណ៍ ហិរញ្ញវត្ថុប្រចាំឆ្នាំ 2017 ឆ្នាំ 2018 ឆ្នាំ 2019 ជូនមកក្រសួងមហាផ្ទៃក្នុងរយៈពេលយ៉ាងយូរ 30 ថ្ងៃ។ ក្នុងករណីមិនអនុវត្តតាមការជូនដំណឹងនេះក្រសួងមហាផ្ទៃនឹងចាត់វិធានការតាមផ្លូវច្បាប់៕
ដោយ៖កូឡាប