Wednesday, October 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទោះបី​កម្ពុជា​ជា​ប្រទេស​តូច ធនធាន​មាន​កម្រិត តែ​កម្ពុជា កំពុង​គ្រប់គ្រង​ស្ថានភាព​នៃ​ជំងឺ​កូ​វីដ​១៩​ល្អប្រសើរ ខណៈ​រដ្ឋាភិបាល​គ្រោង​ចំណាយ​ថវិកា​៤៥០​លាន​ដុល្លារ​

​ភ្នំពេញ​៖ ឯកឧត្តម វ​ង្សី វិស្សុត មានប្រសាសន៍ថា ការរៀបចំ​គោលនយោបាយ និង​កម្មវិធី ជំនួយ​សង្គម ក្នុងអំឡុងពេល​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ គឺ​ផ្អែកលើ​ផែនការមេ​សម្រាប់ ទប់ស្កាត់ និង​ឆ្លើយតប​ទៅនឹង​ការគំរាមកំហែង​ពី​ជំងឺ​កូ​វីដ​-១៩ និង​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ សម្រាប់​គ្រប់គ្រង​សភាពការណ៍​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ ដែល​បាន​ដាក់ចេញ​ដោយ រាជរដ្ឋាភិបាល​។

​នៅ​ថ្ងៃទី​២១​ខែ មេសា ឆ្នាំ​២០២០ នេះ​លោក​វ​ង្សី វិស្សុត​រដ្ឋលេខាធិការ​ប្រចាំការ នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមការងារ ចំពោះ​កិច្ច រៀបចំ​គោលនយោបាយ​ថវិកា​ហិរញ្ញប្បទាន និង​ជំនួយ​សង្គម​ដើម្បី​គ្រប់គ្រង​ការប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩​បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ពិគ្រោះ​យោបល់​តាមរយៈ​Video Conference អំពី​គោលនយោបាយ និង​កម្មវិធី​ជំនួយ​សង្គម​ក្នុងអំឡុងពេល​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩​ជាមួយ​បណ្តា​ដៃគូ​អភិវឌ្ឍន៍ ចំនួន ២៣​ដែលមាន​វត្ត​មាននៅ​កម្ពុជា រួមមាន​៖ ADB, WB, IMF, FAO, WHO, UNDP, ILO, IOM, UNFPA, UN HABITAT, UNICEF, WFP, តំណាង​សហភាព​អ៊ឺរ៉ុប​, ស្ថានទូត​អូស្ត្រាលី​, ស្ថានទូត​ជប៉ុន​, ស្ថានទូត​អាឡឺម៉ង់​, JICA, KOICA, EDCF, GIZ, SDC, SIDA និង GRET​។​

​ឯកឧត្តម​បន្តថា គោលបំណង​នៃ​ការធ្វើការ​ពិភាក្សា​ពិគ្រោះ​យោបល់​កម្រិត បច្ចេកទេស​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ទាំងអស់​នាពេលនេះ គឺ​ដើម្បី​ប្រមូល​នូវ​មតិយោបល់ និង ធាតុ​ចូល​បន្ថែម​ពី​ដៃគូ​ទាំងអស់ ពាក់ព័ន្ធ​នឹង​ទំហំ​នៃ​តម្រូវការ​ហិញ្ញ​ប្ប​ទាន និង​ការកំណត់​អត្ត សញ្ញាណ​កម្ម​ក្រុម​ជន​ងាយ​រងគ្រោះ ដែលជា​គោលដៅ​អ្នក​ត្រូវ​ទទួលបាន​នូវ​កម្មវិធី​ជំនួយ សង្គម​នេះ ក៏ដូចជា​យន្តការ​បើក​ផ្តល់ ព្រមទាំង​បន្ត​ស្វែងរក​ការគាំទ្រ បន្ថែម​ពី​សំណាក់ ដៃគូ​ទាំងអស់​។​

​ឯកឧត្តម វ​ង្សី វិស្សុត ក៏បាន​លើកឡើង​ផងដែរ​ថា ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ បាន​ក្លាយជា​វិបត្តិ​សកលលោក និង​ជា​ករណី​មិន​ធ្លាប់មាន​ពីមុនមក ហើយ​ទំហំ​នៃ​ផលប៉ះពាល់ និង​វិធានការ​ឆ្លើយតប​របស់​ប្រទេស​នីមួយៗ​ក៏​មិន​ដូចគ្នា​ដែរ​។

​ឯកឧត្តម វ​ង្សី វិស្សុត បាន​បន្តថា រាជរដ្ឋាភិបាល​បាន​ផ្តោតលើ​មុខព្រួញ​ចំនួន​៤​គឺ​៖ ១.​ការប្រយុទ្ធប្រឆាំង​ទៅនឹង​ជំងឺ​កូ​វីដ​-១៩ ដើម្បី​ទប់ស្កាត់​ការឆ្លង និង​ការការពារ​អាយុជីវិត​របស់​ប្រជាជន ២.​ការរក្សា​លំនឹង​ជីវភាព ប្រជាជន​ក្នុង​កម្រិត​អប្បបរមា​មួយ (​មិនឱ្យ​អត់បាយ​) ពិសេស​សម្រាប់​ប្រជាជន​ក្រីក្រ និង​ក្រុម​ជន​ងាយ​រងគ្រោះ ព្រមទាំង​អ្នក​បាត់បង់​ការងារ ដើម្បី​ធ្វើឱ្យ​ពួកគេ​អាចមាន លទ្ធភាព​វិល​ទៅរក​ជីវភាព​ជាធម្មតា​វិញ​នៅពេល​ផុតពី​ជំងឺ​នេះ ៣.​ការខិតខំ​ជួយ​ឱ្យអស់ លទ្ធភាព ដើម្បី​ជួយ​ឱ្យ​ធុរកិច្ច និង​អាជីវកម្ម​អាចរ​ស់បាន និង​រក្សា​ការងារ ពិសេស​ការរក្សា និង​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច​ក្នុងស្រុក និង​ការត្រៀមខ្លួន​ក្រោយ​ពេលដែល​ជំងឺ​កូ​វីដ​-១៩ ស្រាកស្រាន្ត ដើម្បី​ជ្រោង​សេដ្ឋកិច្ច​ឱ្យ​ងើបឡើង​វិញ​បាន​ឆាប់រហ័ស និង ៤.​ការរក្សា​ឱ្យបាន នូវ​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ និង​ស្ថិរភាព​សង្គម​។​

​ឯកឧត្តម​បាន​ថ្លែងប្រាប់​កិច្ច​ពិគ្រោះ​យោបល់​នេះ​ថា ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​-១៩ និង​ការ​ទប់ទល់​ផលប៉ះពាល់​លើ​សេដ្ឋកិច្ច​-​សង្គម រាជរដ្ឋាភិបាល​បានគ្រោង​ថវិកា​ចំនួន ១០០ លាន​ដុល្លារ សម្រាប់​អនុវត្ត​ផែនការមេ​សម្រាប់​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩( ក្នុងនោះ​៦០​លាន​ដុល្លារ ប្រភពពី​ថវិកាជាតិ​និង​៤០​លាន​ប្រភព​កៀរគរ​ពី​ដៃគូ​អភិវឌ្ឍន៍​) និង​គ្រោង​ថវិកាជាតិ​ចំនួន ៣៥០ លាន​ដុល្លារ​អាមេរិក សម្រាប់ធ្វើ​អន្តរាគមន៍​ដើម្បី​រក្សា​លំនឹង​ជីវភាព​ប្រជាជន​ក្រីក្រ​ងាយ​រងគ្រោះ និង សម្រាប់​ឧបត្ថម្ភ​ដល់ក​ម្មករ​នៅពេលដែល​រោងចក្រ​ព្យួរ​អាជីវកម្ម​។ តែ​ទំហំ​ទឹកប្រាក់​ត្រៀម សម្រាប់​អន្តរាគមន៍​មុខសញ្ញា​ខាងលើនេះ អាច​នឹងមិន​គ្រប់គ្រាន់ ក្នុងករណី​ប្រសិនបើ​ស្ថានភាព​នៃ​ជំងឺ​កូ​វីដ​-១៩ ត្រូវ​អូសបន្លាយ​យូរ ឬ​ករណី​មាន​ការរីក​រាលដាល​ខ្លាំង​។​
​រាជរដ្ឋាភិបាល​ក៏បាន​បង្កើន​ការផ្តល់​ទុន​កម្ចី​ចំនួន​៥០​លាន​ដុល្លារ​អាមេរិក ដល់​សហគ្រាស​ធុន​តូច​និង​មធ្យម តាមរយៈ​ធនាគារ​អភិវឌ្ឍ​ជនបទនិង​កសិកម្ម ចំពោះ​វិស័យ​កសិកម្ម និង​ក​សិ​-​ឧស្សាហកម្ម និង​វិស័យ​ផ្សេងទៀត ចំនួន ១០០ លាន​ដុល្លារ​អាមេរិក បន្ថែមទៀត​ដោយ​ក្នុងនោះ តាមរយៈ​ធនាគារ​សហគ្រាស​ធុន​តូច​និង​មធ្យម​ចំនួន ៥០ លាន​ដុល្លារ​អាមេរិក និង ធនាគារពាណិជ្ជ ចំនួន ៥០​លាន​ដុល្លារ​អាមេរិក​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

×