Tuesday, December 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកសារព័ត៌មាន​ត្រូវ​តាមដាន​រាល់​សកម្មភាព​របស់​ស្ថាប័នរដ្ឋ រួច​ត្រូវ​ពាំនាំ​ទុក្ខលំបាក​របស់​ព​ល​រដ្ឋ​ផ្សព្វផ្សាយ​ប្រាប់​រដ្ឋាភិបាល​វិញ​

ភ្នំពេញ​៖​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ស្នើ​ដល់​ស្ថាប័ន​សារព័ត៌មាន​ទាំង​រដ្ឋ និង​ឯកជន ដែល​ត្រូវបាន​គេ​ចាត់ទុកថា​ជា​អំណាច​កំពូល​មួយ ដូច​ទៅ​នឹង​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ និង​អំណាច​តុលាការ​ដែរ​នោះ ត្រូវ​ស្វះស្វែង​តាម​ប្រមាញ់​ផ្ដិត​យក​រូបភាព និង​សកម្មភាព​របស់​ស្ថាប័នរដ្ឋ​ឲ្យបាន​ត្រឹមត្រូវ ហើយ​ត្រូវ​ចេះ​ពាំនាំ​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ មក​ផ្សព្វផ្សាយ​ប្រាប់​ស្ថាប័នរដ្ឋ​វិញ ដើម្បីឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​នោះ ចាត់​វិធានការ​ដោះស្រាយ​ទាន់ពេលវេលា​។​

​សម្ដេច​តេជោ ហ៊ុន សែន បាន​ស្នើ​យ៉ាង​ដូច្នេះ ត្រូវបាន​ធ្វើឡើង​ក្នុង​ឱកាស​អញ្ជើញ​ជួប​សំណេះសំណាល​ដោយ​ផ្ទាល់ ជាមួយ​អ្នកសារព័ត៌មាន​និង​អ្នកនាំពាក្យ​ជាង​៣​ពាន់​នាក់ នៅ​សាល​ពិព័រណ៍​កោះ​ពេជ្រ នា​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០១៨​។​

​ក្នុងពេល​មាន​ប្រសាសន៍​ទៅកាន់​ក្រុម​អ្នកសារព័ត៌មាន នា​ឱកាស​ដ៏​ឱ​ឡា​រឹក​នោះ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ផ្ដាំផ្ញើ​ដល់​អ្នកសារព័ត៌មាន​ទាំងអស់ មិន​ថា​សារព័ត៌មាន​រដ្ឋ ឬ​ឯកជន​នោះទេ ត្រូវធ្វើ​យ៉ាងណា​ប្រឹងប្រែង​ស្វះស្វែង​តាម​ប្រមាញ់​រក​ព័ត៌មាន​ដោយ​ខ្លួនឯង និង​ត្រឹមត្រូវ​គ្រប់​ជ្រុងជ្រោយ ទើប​ក្លាយជា​អ្នកសារព័ត៌មាន​ចំណាន​។​

​ដោយសារ​កន្លងមក ចេះ​តែ​មាន​សារព័ត៌មាន​មួយចំនួន​ផ្សព្វផ្សាយ​មិន​អាច​ទទួល​បាន​ផង​នោះ ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល ក៏​បាន​ស្នើ​ដល់​សារព័ត៌មាន​នូវ​សំណូមពរ​មួយចំនួន រួមមាន​៖

​ទី​១៖ សម្ដេច​តេជោ ចង់បាន​ស្ថាប័ន​ព័ត៌មាន​ទាំង​រដ្ឋ និង​ឯកជន ត្រូវ​បំពេញ​ឲ្យបាន​នូវ​តួនាទី​ជា​កញ្ចក់​ឆ្លុះបញ្ចាំង​នូវ​ស្ថានភាព​ពិតប្រាកដ​ក្នុងសង្គម ដាច់ខាត​សារព័ត៌មាន​មិន​ត្រូវ​ក្លាយ​ជា​កញ្ចក់​បែក​នោះឡើយ ព្រោះ​វា​អាច​ជះ​ឥទ្ធិ​ព​ឡ​ដ៏​អាក្រក់​ចំពោះ​សង្គម​កម្ពុជា ដូច្នេះ​ទាំង​សារព័ត៌មាន​រដ្ឋ និង​ឯកជន​ត្រូវ​មាន​តម្លាភាព ដើម្បី​ធ្វើ​ជា​កញ្ចក់​ឆ្លុះបញ្ចាំង​ជាមួយគ្នា​។​

​ទី​២៖ សម្ដេច​ចង់​បាន​ព័ត៌មាន​មួយ​ដែល​ជួយ​ផ្ដល់​ព័ត៌មាន​ពី​ស្ថាប័ន​រដ្ឋ​ទៅឲ្យ​ប្រជាពលរដ្ឋ និង​ពី​ប្រជាពលរដ្ឋ​មក​ស្ថាប័ន​រដ្ឋ​វិញ ពោល​សារព័ត៌មាន និង​ស្ថាប័នរដ្ឋ​ត្រូវ​ជួយ​គ្នា​ទៅវិញទៅមក ដើម្បី​ជួយ​ជ្រោមជ្រែង​សង្គម​កម្ពុជា​មួយ​នេះ​ឲ្យ​កាន់តែ​រីកចម្រើន​។ សម្ដេច​បាន​បញ្ជាក់ថា សារព័ត៌មាន​មាន​សារសំខាន់​ខ្លាំងណាស់ រវាង​គោលនយោបាយ​របស់​រដ្ឋ​ជាមួយ​ប្រជាពលរដ្ឋ ដូច្នេះ​សម្ដេច​បាន​ស្នើ​ឲ្យ​ស្ថាប័ន​ព័ត៌មាន និង​ស្ថាប័នរដ្ឋ ជួយ​បំពេញ​គ្នា​ទៅវិញទៅមក តាមរយៈ​ការបញ្ជូនសារ​ទាក់ទង​ទៅ​នឹង​ក្រប​ខណ្ឌ​គោលនយោបាយ​របស់​រដ្ឋ​ទៅដល់​ប្រជាពលរដ្ឋ ហើយ​នាំទុក្ខ​កង្វល់​របស់​ប្រជាពលរដ្ឋ​ប្រាប់​មក​ស្ថាប័ន​រដ្ឋ​វិញ ដោយ​ឆ្លុះបញ្ចាំង​ការពិត​ជាក់ស្ដែង​។​

​ទី​៣៖ សម្ដេច​តេជោ​ចង់បានព័​ត៌​មាន​ចេះ​ជួយ​រិះគន់​ក្នុងន័យ​ស្ថាបនា ចេះ​ជួយ​តាម​ពិនិត្យ​ការអនុវត្ត​របស់​ស្ថាប័នរដ្ឋ ដោយ​ប្រៀបធៀប​ជាមួយ​នឹង​នយោបាយ ឬ​កម្មវិធី​ដែល​បាន​ដាក់ចេញ ព្រោះនេះ​ជា​ចំណុច​មិនអាច​ខ្លះ​បាន​នៅក្នុង​សង្គម​ប្រជាធិបតេយ្យ​។​

​ទី​៤៖ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ចង់បាន​ស្ថាប័ន​ព័ត៌មាន ដែល​មាន​លទ្ធភាព​ចូលរួម​វិភាគ​យុទ្ធសាស្ត្រ​នយោបាយ ក្នុង​ក្របខណ្ឌ​ជាតិ និង​អន្តរជាតិ​។ សម្ដេច​តេជោ​បានលើកឡើ​ង​ថា កុំឲ្យ​សារព័ត៌មាន​អន្តរជាតិ​សរសេរ​ពី​កម្ពុជា អ្នកសារព័ត៌មាន​កម្ពុ​ជា​គួរតែ​សរសេរ​ពី​អន្តរជាតិ​វិញ​ម្ដង​។​

​សម្ដេច​បាន​បញ្ជាក់ថា គ្រប់​មជ្ឈដ្ឋាន​ទាំងអស់​ត្រូវ​គោរព​សេរីភាព​នៃ​សារព័ត៌មាន ប៉ុន្តែ​អ្នកសារព័ត៌មាន​ខ្លួនឯង ក៏​ត្រូវ​ហ៊ាន​ទទួលខុសត្រូវ​ចំពោះ​ការសរសេរ និង​ពាក្យ​សម្ដី​របស់​ខ្លួន​។​

​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សប្បាយ​រីករាយ​យ៉ាងខ្លាំង​ដែល​បាន អញ្ជើញ​មក​ជួបជុំ​សំណេះសំណាល​ជាមួយ​បងប្អូន​កូនក្មួយ​ជា​អ្នកសារព័ត៌មាន​ជាតិ គោលបំណង​ដើម្បី ស្វែងយល់​អំពី​សុខទុក្ខ​ផ្ទាល់​របស់​បងប្អូន​អ្នកសារព័ត៌មាន និង​បាន​ផ្តល់​នូវ អនុសាសន៍​ល្អៗ ដើម្បី​ជំរុញ​ការផ្សព្វផ្សាយ​ព័ត៌មាន​អោយបាន​ល្អ​ត្រឹមត្រូវ​តាម​ក្រម​សី​លធ​ម៍​ច្បាស់លាស់​ដើម្បី​បំរើ​សង្គមជាតិ​ឲ្យ​កាន់តែ​រីកចម្រើន​។​

​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា បច្ចុប្បន្ន​នេះ​វិស័យ​សារព័ត៌មាន​កំពុងមាន​កា​រីកចម្រើន​យ៉ាង​ខ្លាំង​។ ដើម្បី​ផលិត​ព័ត៌មាន​ឲ្យបាន​ល្អ អ្នកសារព័ត៌មាន​ទាំងអស់​ត្រូវ​យល់​ដឹង​ឲ្យបាន​ច្បាស់​នូវ​រឿងរ៉ាវ​ពិត​ដែល​បាន​កើតមានឡើង​ក្នុងសង្គម ជា​ពិសេស​ត្រូវ​សរសេរ​ព័ត៌មាន​ទាំង​ល្អ និង​មិន​ល្អ​ដើម្បី​ចូលរួម​ធ្វើ​ការកែលម្អ​ក្នុងន័យ​ស្ថាបនា​អភិវឌ្ឍន៍​សង្គម​ឲ្យ​រីកចម្រើន​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ ហាម​ដាច់ខាត​ចំពោះ​សារព័ត៌មាន​មួយចំនួន ដែល​ផ្សាយ​ព័ត៌មាន​គ្មាន​ប្រភព​ច្បាស់​លាស់ ហើយ​គំរាមកំហែង (​ម៉ា​ហ្វា​) ជំរិត​ទារប្រាក់ ពិសេស​ដូចជា​ការផ្សាយ​ទាក់ទង​ពី​បទល្មើស​ព្រៃឈើ​ជា​ដើម​។ ត្រូវធ្វើ​ជា​អ្នកសារព័ត៌មាន​ដែល​ពិតប្រាកដ កុំ​ធ្វើ​ជា​សារព័ត៌មាន​ក្លែងក្លាយ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ធ្វើឲ្យប៉ះពាល់​ដល់​សង្គម​ជា​ខ្លាំង​។ សូម​អ្នក​និយាយ​ព័ត៌មាន​កុំ​តាំងខ្លួន​ជា​ចៅក្រម​កាត់សេចក្តី ត្រូវ​និយាយ​អ្វី​ពិត​ដែល​មាន​ប្រភព​ច្បាស់លាស់ មិន​ត្រូវ​អារកាត់​ដោយ​ខ្លួនឯង​ឡើយ ត្រូវ​គោរព​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន​។​

​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ផង​ដែរ​ថា ថ្នាក់ដឹកនាំ និង​អ្នកសារព័ត៌មាន​តែងតែ​មាន​ទំនាក់ទំនង​គ្នា ពី​ព្រោះ​ត្រូវ​ផ្តល់​ព័ត៌មាន​ឲ្យ​គ្នា​ទៅវិញទៅមក​តាម​រយៈ​ក្រុម​ជំនួយការ ឬ​ទីប្រឹក្សា​។ សូម​អ្នកនាំពាក្យ​តាម​ស្ថាប័ន​ក្រសួង​ត្រូវ​ពង្រឹង​សម្ថ​ភាព​របស់​ខ្លួន ត្រូវមាន​ចំនេះដឹង​ច្បាស់លាស់​ត្រឹមត្រូវ​ក្នុង​ការផ្តល់​ព័ត៌មាន​។ អ្នកសារព័ត៌មាន​ត្រូវស្វះ​ស្វែង​ខិតខំ​យក​ព័ត៌មាន​ដោយ​ខ្លួនឯង កុំ​យក​ព័ត៌មាន​ពី​គេ​មក​ផ្សាយ​ដោយ​គ្មាន​ប្រភព​ច្បាស់លាស់ ឬ​ពត៌មាន​ផ្អូម​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​សំណូមពរ​ដល់​ស្ថាប័ន​សារព័ត៌មាន​ទាំងអស់​នូវ​ចំនុច​សំខាន់ៗ​មួយចំនួន​ដូចជា​:

១)​ស្ថាប័ន​ព័ត៌មាន​ទាំងអស់ ត្រូវ​ដើរតួនាទី​ជា​ស្ថាប័ន​ព័ត៌មាន​ពិត គឺជា​កញ្ចក់​ឆ្លុះបញ្ចាំង​ពី​សង្គម​ជាតិ​ពិតប្រាកដ​។ សូម​កុំឲ្យ​កញ្ចក់​នោះ​ជា​កញ្ចក់​ដែល​បែក​ធ្លុះ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ពី​សង្គម​។​

២) ស្ថាប័ន​ព័ត៌មាន​រដ្ឋ និង​ឯកជន​ត្រូវ​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត​ជាមួយនឹង​ការពន្យល់​ច្បាស់លាស់​ទៅ​ប្រជាពលរដ្ឋ​អោយបាន​យល់​ជ្រួល​ជ្រាប​អំពី​ទិសដៅ​និង​គោលបំណង​របស់​រាជរដ្ឋាភិបាល​។​

៣)​ស្នើ​អោយ​សារព័ត៌មាន​ត្រូវ​ចេះ​ចូលរួម​ជួយ​រិះគន់​ដើម្បី​ស្ថាបនា​រាល់​កំហុសឆ្គង និង​ផែនការ​ដែល​បាន​ដាក់ចេញ នៃ​ក្រសួង​ស្ថាប័ន​នានា ដើម្បី​ធ្វើការ​កែលំអរ​។ មិនមែន​រិះគន់​ដើម្បី​តែ​ជាន់ពន្លិច​នោះទេ​។ សម្តេច​តេជោ ក៏​ចង់ឲ្យ​អ្នកសា​រព័ត៌ជាតិ​មាន​ក្លាយទៅជា​អ្នកវិភាគ​ផងដែរ​ចំពោះ​ព្រឹត្តិការណ៍​ក្រៅប្រទេស ពីព្រោះ​កន្លងមក​មាន​បរទេស​គេ​វិភាគ និង​ផ្សាយ​ពី​កម្ពុជា​ផងដែរ​។​

៤) កុំ​ធ្វើ​ជា​អ្នកសារព័ត៌មាន​សម្រាប់​តែ​ជម្រិត​ទា​លុយ​ពី​គេ​។​
៥) ត្រូវ​ធ្វើ​និង​ផ្សព្វផ្សាយ​ព័ត៌មាន​ឲ្យ​រហ័ស​ទាន់​ពេលវេលា កុំអោយ​ព័ត៌មាន​យឺត (​ព័ត៌មាន​ផ្អូម​)​។​
៦)​ត្រូវ​ជ្រើសរើស​ម៉ោង​ផ្សាយ​ណាមួយ​ដែល​គេ​ចង់​មើល ចៀសវាង​ផ្សាយ​នៅ​ថ្ងៃ សុក្រ សៅរ៍ ឬ​ថ្ងៃ​អាទិត្យ ដែល​គ្មាន​អ្នក​ចង់​មើល​។​

​នៅ​ចុងបញ្ចប់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ជូនពរ​ដល់​បងប្អូន​កូនក្មួយ​ជា​អ្នកសារព័ត៌មាន​ទាំងអស់​គឺ​ទាំង​រួម​ទាំង​អ្នកសរសេរ​រិះគន់ ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន​គ្រប់ៗ​គ្នា និង​បាន​សប្បាយ​រីករាយ​ក្នុងការ​បរិភោគ​អាហារ​សាមគ្គី​នាពេល​រាត្រី​យប់​នេះ​៕​ ដោយ​៖​កូឡាប​

×