ភ្នំពេញ ៖ គណៈគ្រប់គ្រង វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា បានឲ្យដឹងថា ខ្លួនបានត្រៀមរៀបចំទុកស្រេចបាច់អស់ហើយ សម្រាប់បង្រៀននិស្សិតតាមប្រព័ន្ធអនឡាញ ដើម្បីអនុវត្តន៍ទៅតាមការណែនាំរបស់ក្រសួងអប់រំយុវជន និងកីឡា ស្តីពីការបើកបវេសនកាល តាមរយៈការសិក្សា តាមប្រព័ន្ធអនឡាញ ឫហៅថាការរៀនពីចម្ងាយ។
លោកបណ្ឌិត ផុន ណារិន្ទ នាយកវិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា(AIB) ក៏បានឲ្យដឹងថា «វិទ្យាស្ថាន បានវិនិយោគច្រើនលើការទិញឧបករណ៍ ហើយបានបន្ថែម Wifi ដោយរៀបចំបន្ទប់នីមួយៗខ្ទង់ចំណាយដល់រាប់ម៉ឺនដុល្លារ។ កន្លងមកតាមរយៈការជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡាបញ្ជាក់ថា គ្រឹះស្ថានសិក្សាទាំងរដ្ឋ និងឯកជន អាចចាប់ផ្តើមបវេសនកាលនៅតាមសាលារៀងៗខ្លួនបានហើយ បន្ទាប់ពីវិស្សមកាលមុនកាលកំណត់ជាងមួយខែរួចមក។ ប៉ុន្តែដោយសារវិបត្តិកូវីដ១៩ នៅតែបន្តអូសបន្លាយ បវេសនកាលសិក្សានាពេលនេះ គឺត្រូវតែសិក្សាតាមប្រព័ន្ធអនឡាញ។
លោក រដ្ឋ រតនៈ នាយករង និងជាប្រធានសិក្សាធិការ បានមានប្រសាសន៍ថា ថ្វីត្បិតតែការសិក្សាតាមប្រព័ន្ធអនឡាញនេះ មានលក្ខណៈថ្មីសម្រាប់កម្ពុជាមែន តែវិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដាAIB ជឿជាក់គុណភាពនៃសិក្សាតាមប្រព័ន្ធអនឡាញ ឬហៅថាការរៀនពីចម្ងាយរបស់វិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដា មិនចាញ់ការសិក្សាផ្ទាល់ក្នុងថ្នាក់រៀននោះទេ។
លោបញ្ជាក់ទៀតថា« តាមពិតបញ្ហា វាជាឱកាសមួយសម្រាប់ឲ្យនិស្សិតយើងទាំងអស់គ្នា បានប្រកួតប្រជែងជាមួយរឿងថ្មី ដែលពីមុនគាត់អត់ដែលឆ្លងកាត់ការរៀនអនឡាញទេ ហើយបញ្ហាមួយចំនួនដែលគាត់ជួបប្រទះ មិនដឹងថាដោះស្រាយយ៉ាងម៉េច។ ដូច្នេះមកដល់ដំណាក់កាលនេះ យើងកំពុងត្រៀមខ្លួននៅក្នុងការដើរទាំងអស់គ្នា ហើយយើងនឹងអភិវឌ្ឍឲ្យកាន់តែល្អ នឹងបង្ហាញក្រសួងថា ការបង្រៀនអនឡាញ គឺមានគុណភាព ដូចដែលបង្រៀនផ្ទាល់អញ្ចឹងដែរ»៕ដោយ៖សម្ផស្ស