កងទ័ពបដិវត្តន៍អ៊ីរ៉ង់ បានប្រកាសថាពួកគេបានបាញ់បង្ហោះផ្កាយរណបយោធា លើកដំបូងរបស់ប្រទេសបានជោគជ័យនៅថ្ងៃពុធនេះ។ ការប្រកាសពីជោគជ័យនោះ ធ្វើឡើងចំពេលកំពុងមានភាពតានតឹង ជាមួយនឹងកងកម្លាំងអាមេរិចនៅតំបន់ឈូងសមុទ្រ។
សហរដ្ឋអាមេរិចបានចោទប្រកាន់កម្មវិធីផ្កាយរណបរបស់អ៊ីរ៉ង់ថា ជាការបិទបាំងសម្រាប់ការអភិវឌ្ឍមីស៊ីលរបស់ខ្លួន ខណៈដែលអ៊ីរ៉ង់ធ្លាប់បាននិយាយថា សកម្មភាពភាពអវកាសរបស់ខ្លួន អនុវត្តតាមកាតព្វកិច្ចអន្តរជាតិ។
ភាពតានតឹងរវាងប្រទេសទាំងពីរ បានកើតឡើងកាលពីសប្តាហ៍មុន ដោយក្រសួងការពារជាតិអាមេរិច បានធ្វើការចោទប្រកាន់នាវាអ៊ីរ៉ង់ថា បានរំខានដល់កប៉ាល់របស់ខ្លួននៅក្នុងឈូងសមុទ្រ។
កងឆ្មាំបដិវត្តដ៍អ៊ីស្លាមអ៊ីរ៉ង់បានបានសាទរ ចំពោះការបាញ់បង្ហោះផ្កាយរណបដ៏គួរឲ្យភ្ញាក់ផ្អើលថាជា “ជោគជ័យដ៏អស្ចារ្យ”។
គេហទំព័ររបស់កងឆ្មាំអ៊ីរ៉ង់បាននិយាយថា “ផ្កាយរណបបានហោះជុំវិញផែនដីចំងាយ ៤២៥គីឡូម៉ែត្រ”។
“សកម្មភាពនេះនឹងក្លាយជាជោគជ័យដ៏អស្ចារ្យ និងការអភិវឌ្ឍថ្មីក្នុងវិស័យលំហរអាកាសរបស់អ៊ីរ៉ង់”។
សូមបញ្ជាក់ថា កាលពីជាង ២ខែមុន អ៊ីរ៉ង់ធ្លាប់បានបាញ់បង្ហោះផ្ការណបម្តងរួចមកហើយ ប៉ុន្តែប្រតិបត្តិការបានបរាជ័យ ដោយសារវាមិនបានហោះចូលក្នុងតារាវិថីគោចរ៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia