ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហរដ្ឋ អាមេរិក តាមរយៈប្រព័ន្ធវីដេអូ (Videocon ference) ស្តីពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំង នឹងជំងឺឆ្លងកូវីដ-១៩ ដែលនឹងប្រព្រឹត្តទៅវេលាម៉ោង៨ព្រឹក ថ្ងៃទី២៣ខែមេសាឆ្នាំ២០២០ នៅទីស្តីការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ។ នេះបើយោងតាមប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។
ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថា កិច្ចប្រជុំនេះ ត្រូវបានស្នើឡើងដោយសហរដ្ឋអាមេរិក នៅក្នុងឱកាសកិច្ច ប្រជុំអន្តរទីភ្នាក់ងារកម្រិតខ្ពស់អាស៊ាន-សហរដ្ឋអាមេរិក តាមរយៈប្រព័ន្ធវីដេអូ Videocon ference នេះ ដែលរៀបចំដោយលេខាធិការដ្ឋានអាស៊ាន កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ កន្លងទៅ ។
រដ្ឋមន្ត្រីការបរទេសអាស៊ាន និងឯកឧត្តម ម៉ៃឃើល ផុមផូ (Michael R. Pompeo) រដ្ឋមន្ត្រី ការបរទេសអាមេរិកនឹងផ្លាស់ប្តូរទស្សនៈទៅវិញទៅមក និងពិភាក្សាអំពីវិធីសាស្ត្រនានា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងអាស៊ាននិងសហរដ្ឋអាមេរិក ក្នុងការប្រយុទ្ធប្រឆាំងរួមគ្នាទៅនឹង ការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ ក្នុងក្របខ័ណ្ឌភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-អាមេរិក។ កិច្ចពិភាក្សានឹងផ្តោតទៅលើសកម្មភាពដើម្បីដោះស្រាយគ្រោះអាសន្នវិស័យសុខាភិបាលសាធារណៈ ដែលជាសេចក្តីកង្វល់អន្តរជាតិ និងការពង្រឹងប្រព័ន្ធសុខាភិបាលសាធារណៈនៅក្នុងតំបន់រយៈពេលវែង។
កិច្ចប្រជុំនេះ នឹងបង្កើតជាព្រឹត្តិការណ៍ថ្មីដ៏សំខាន់មួយនៅក្នុងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ រវាង អាស៊ាន និងសហរដ្ឋអាមេរិកសម្រាប់កិច្ចសហប្រតិបត្តិការយូរអង្វែងក្នុងវិស័យសុខាភិបាលសាធារណៈ ចំពោះមុខនៃបញ្ហាប្រឈមជាសកលនៃជំងឺឆ្លងកូវីដ-១៩ ដែលពុំធ្លាប់មានពីមុនមក ៕ ដោយ ៖ កូឡាប