ប្រធានាធិបតីអាមេរិច លោកដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃពុធម្សិលមិញថា នាវាជើងទឹករបស់អាមេរិច នឹងបាញ់កម្ទេចនាវាអ៊ីរ៉ង់ចោល ប្រសិនជាពួកគេបើកចូលមកជិតនាវារបស់អាមេរិច។
ការព្រមានរបស់ត្រាំ កើតឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយពេលមាននាវាចំនួន ១១គ្រឿងរបស់កងកម្លាំងអ៊ីរ៉ង់ បានចូលមកយ៉ាងជិតនាវារបស់អាមេរិច នៅក្នុងឈូងសមុទ្រ។
លោកត្រាំ បានព្រមានថា “ពួកយើងនឹងមិនទ្រាំទេ។ ប្រសិនជាពួកគេធ្វើបែបនោះ វានឹងធ្វើឲ្យនាវា បុគ្គលិក និងនាវិករបស់ពួកយើងស្ថិតក្នុងគ្រោះថ្នាក់។ ខ្ញុំនឹងមិនអាចអោយវាកើតឡើងបានឡើយ ហើយពួកយើងនឹងធ្វើវា។ ពួកយើងនឹងកម្ទេចពួកគេ”។
លោកបន្តទៀតថា “វាគឺជាការគំរាមកំហែង។ នៅពេលពួកគេចូលមកជិត នាវារបស់ពួកយើង ហើយពួកគេមានកាំភ្លើង និងមានអាវុធច្រើននៅលើនាវាពួកគេ ពួកយើងនឹងធ្វើការបាញ់កម្ទេចពួកគេចោល”។
សូមបញ្ជាក់ថា ការចូលប្រកៀកគ្នារវាងនាវាអាមេរិច និងអ៊ីរ៉ង់បានកើតឡើងជាច្រើនសារកាលពីក្នុងឆ្នាំ ២០១៦ និង ២០១៧។ នៅគ្រានោះ នាវាជើងទឹកអាមេរិចបានបាញ់គំរាម លើនាវារបស់អ៊ីរ៉ង់នៅពេលពួកគេចូលមកកៀក។
ការព្រមានរបស់លោកត្រាំ ទំនងជានឹងធ្វើឲ្យមានភាពតានតឹងកាន់តែខ្លាំងរវាងអាមេរិច និងអ៊ីរ៉ង់៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia