ភ្នំពេញ៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានចេញប្រកាសព័ត៌មាន ស្តីពីលទ្ធផល នៃកិច្ចប្រជុំពិសេស រដ្ឋមន្ត្រីការបរទេសអាស៊ាន-សហរដ្ឋអាមេរិក តាមរយៈប្រព័ន្ធវីដេអូ (Videoconference) ស្តីពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០។
បើតាមសេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា កិច្ចប្រជុំបានកត់សម្គាល់ពីសារសំខាន់ នៃវិធីសាស្ត្ររបស់រដ្ឋាភិបាល និងសង្គមទាំងមូល ក្នុងការដោះស្រាយវិបត្តិនេះ។ ដើម្បីសម្រេចគោលដៅនេះ អង្គប្រជុំបានទទួលស្គាល់នូវតួនាទី ដែលមិនអាចខ្វះបានរបស់វិស័យឯកជន អង្គការក្នុងតំបន់ និងអន្តរជាតិ ទាំងឡាយ ក្នុងថែរក្សាខ្សែសង្វាក់ផ្គត់ផ្គង់ និងការធានាដឹកជញ្ជូនទំនិញសំខាន់ៗ ជាអាទិ៍ ការផ្គត់ផ្គង់ថ្នាំព្យាបាល និងស្បៀងអាហារ។ ការធ្វើអនាម័យសមរម្យ និងការរក្សាចម្ងាយពីគ្នា ដើម្បីកាត់បន្ថយការរីករាលដាលនៃវីរុស ហើយដូច្នេះ បន្ធូរបន្ថយសម្ពាធលើប្រព័ន្ធថែទាំងសុខភាព។
កិច្ចប្រជុំបានពិភាក្សាអំពីជំហានផ្សេងៗបន្ថែមទៀត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការខាងវិស័យសុខាភិបាលសាធារណៈ រវាងអាស៊ាន និងសហរដ្ឋអាមេរិក ជាពិសេសក្នុងការឆ្លើយតបនឹងជំងឺកូវីដ១៩ តាមរយៈការគាំទ្រគ្នាទៅវិញទៅមក និងការចូលរួមថ្នាក់ខ្ពស់។ បណ្តាប្រទេសជាសមាជិកអាស៊ាន បានសម្តែងនូវការកើតសរសើរយ៉ាងខ្លាំងចំពោះសហរដ្ឋអាមេរិក ក្នុងការគាំទ្រចំពោះវិស័យសុខាភិបាលសាធារណៈរបស់អាស៊ាន ជាអាទិ៍ មានទាំងការផ្តល់ជំនួយចំនួនជាង៣៥លានដុល្លារអាមេរិក។ រដ្ឋមន្ត្រីការបរទេសអាស៊ាន ក៏បានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងទាំងឡាយដែលបានដាក់ចេញដោយបណ្តាប្រទេសសមាជិកអាស៊ាន ដើម្បីបង្កើតឡើងនូវមូលនិធិអាស៊ាន សម្រាប់ឆ្លើយតបនឹងជំងឺឆ្លងកូវីដ១៩ ក្នុងគ្រាអាសន្ន ផ្នែកសុខាភិបាលសាធារណៈ ដើម្បីដោះស្រាយបញ្ហាជំងឺឆ្លងកូវីដ១៩នេះ និងការផ្ទុះឡើងនូវជំងឺនេះម្តងទៀង នាពេលអនាគត៕ដោយកូឡាប