ភ្នំពេញ : បុរសឃាតករម្នាក់ ក្នុងចំណោម២នាក់ ដែលប្រើដំបងឫស្សីវាយចំក្បាលបុរសរងគ្រោះម្នាក់ស្លាប់ ក្នុងជម្លោះកើតចេញពីដែលទំនាស់រឿងបាត់នំសែនទេវតា ហើយរត់គេចខ្លួនបាត់ តែកម្លាំងព្រហ្មទណ្ឌខណ្ឌសហការនគរបាលក្រុងតាខ្មៅ ឃាត់បានជនសង្ស័យម្នាក់នាំមកសាកសួរនាំ កាលវេលាម៉ោង១២និង០០នាទីថ្ងៃទី២៣ ខែ មេសា ឆ្នាំ ២០២០នៅចំណុចក្រុងតាខ្មៅ ខេត្តកណ្ដាល ។
ជនរងគ្រោះឈ្មោះប៉ោ សុខហេង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ស្នាក់នៅមុខផ្ទះគ្មានលេខ ភូមិកោះក្របី សង្កាត់ ព្រែកថ្មី ខណ្ឌច្បារអំពៅ ។
ចំណែកជនសង្ស័យឃាត់ខ្លួន ឈ្មោះសុង ប្រុសនាង ភេទប្រុស អាយុ៣៦ឆ្នាំ ហៅម៉ាប់ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅ ភូមិកើតហេតុជនសង្ស័យរត់គេចខ្លួនឈ្មោះឌីជេរ អាយុ៣៥ឆ្នាំ ។
លោក ម៉ៅ សឿត អធិការខណ្ឌច្បារអំពៅបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុជនរង គ្រោះ ផឹកស្រាស្រវឹង ស្រែកជេរឡូឡា រឿងបាត់នំនៅលើរៀនទេវតាមុខផ្ទះ ចំណុចកើតហេតុ រួចឈ្មោះណាង សុផល ជាអ្នក រស់នៅជិតខាងគ្នា បានឆ្លើយថា គ្មានអ្នកណា លួចនំអ្ហែងទេ? ហើយក៏មានទំនាស់ពាក្យសម្តីគ្នា បន្ទាប់មកឈ្មោះណាង សុផល ក៏ដើរចេញទៅ ពេលនោះក៏មានជនសង្ស័យ ២នាក់ ឈ្មោះសុង ប្រុសនាង និងឈ្មោះ ឌីជេ (ប្តី និងប្អូនថ្លៃឈ្មោះណាង សុផល) ដែលកំពុងអង្គុយផឹកស្រានៅក្បែរនោះ បានស្រែកថា កុំឡូឡាខ្លាំងពេកថ្លង់ណាស់។
ជនរងគ្រោះខឹងក៏ស្ទុះទៅវាយជនសង្ស័យឈ្មោះសុង ប្រុសនាង មួយដៃចំមុខ និងយក ដំបងគល់ឫស្សីវាយទៅលើជនសង្ស័យថែមទៀត ពេលនោះជនសង្ស័យឈ្មោះសុង ប្រុសនាង ចាប់ដំបងបាន ក៏វាយទៅលើជនរងគ្រោះវិញជាច្រើន ដំបងចំក្បាលបែកឈាមដួលទៅលើដី រួចជនសង្ស័យឈ្មោះឌីជេ ចូលមកវាយជនរង គ្រោះថែមទៀត រួចនាំគ្នារត់គេចខ្លួន យកដំបងគល់ឫស្សី បោះចោលក្នុងព្រៃបាត់។
បន្ទាប់មកជនរងគ្រោះក៏ងើបដើរទៅដេកនៅផ្ទះ។ លុះដល់ព្រឹកឡើងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ បងស្រីជនរងគ្រោះមកឃើញជនរងគ្រោះដេកសន្លប់ពុំដឹងខ្លួន ក៏នាំទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត រហូតដល់ម៉ោង១៤និង០០នាទី ជនរងគ្រោះទទួលមរណភាព។
លុះដល់ថ្ងៃទី២៣ខែឆ្នាំខាងលើ កម្លាំងព្រហ្មទណ្ឌខណ្ឌ ឃាត់បានជនសង្ស័យ។ បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួនជាបណ្ដោះអាសន្ន ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ និងស្វែងរកជនសង្ស័យម្នាក់ទៀត ដែលកំពុងរត់គេចខ្លួន៕ដោយ៖បញ្ញាស័ក្តិ