ខេត្តស្វាយរៀងៈ បុរសម្នាក់និងស្ត្រីម្នាក់ ត្រូវជាឪពុកនិងកូន បានស្លាប់បាត់បង់អាយុជីវិតយ៉ាងអាណោចអាធ័ម ដោយសារតែឆក់ត្រី ខ្វះការប្រុងប្រយ័ត្ន បណ្ដាលឲ្យឆក់ស្លាប់ទាំងអស់គ្នា ដែលហេតុការណ៍ដ៏គួរឱ្យរន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង១៧និង៣០ នាទី ល្ងាចថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅភូមិថ្នា ឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង។
សមត្ថកិច្ចបានឱ្យដឹង ជនរងគ្រោះមានឈ្មោះ ១- រស់ ប៊ិញ ភេទប្រុស អាយុ៣៨ឆ្នាំ ជាឪពុក រស់នៅភូមិថ្នា ឃុំថ្នាធ្នង់ស្រុករំដួល ២- រស់ សុភ័ក ភេទស្រី អាយុ១៧ឆ្នាំ ត្រូវជាកូនបង្កើត ស្លាប់ដោយសារឆក់ត្រី នៅចំណុចព្រែកស្នា ស្ថិតភូមិឃុំខាងលើ។
ប្រភពដដែលបានបន្តថា ក្រោយពីទតួលបាននូវព័ត៌មានខាងលើនោះ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលថ្នាធ្នង់ បានសហការជាមួយសមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុករំដួល និង គ្រូពេទ្យមណ្ឌលសុខភាពបុសមន កម្លាំងកងរាជអាវុធហត្ថស្រុករំដួល បានចុះដល់កន្លែងកើតហេតុ ធ្វើការពិនិត្យសាកសព សន្និដ្ឋានបានថា ស្លាប់ដោយសារឆក់ត្រី ខ្វះការប្រុងប្រយ័ត្ន បណ្ដាលឲ្យឆក់ស្លាប់ទាំង ២នាក់ពិតប្រាកដមែន ។ រីឯឧបករណ៍ឆក់ត្រីបានលិចបាត់ទៅក្នុងទឹក ៕ដោយ៖ វ៉ៃកូ