របាយការណ៍ ឬពាក្យចចាមអារាមជាច្រើនដែលថា មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ឈឺធ្ងន់បន្ទាប់ពីការវះកាត់បេះដូង គឺជាព័ត៌មានមិនពិត។ នេះបើតាមមន្ត្រីកូរ៉េខាងត្បូងឲ្យដឹង។
ចំណងជើងក្តៅដែលថា លោក គីម ជុងអ៊ុន មានជំងឺធ្ងន់ធ្ងរ “ស្លាប់ខួរក្បាល” ឬ “ជាសះស្បើយពីការវះកាត់” គឺតែងតែមិនអាចបញ្ជាក់បាននោះទេ។ ប៉ុន្តែការិយាល័យប្រធានាធិបតីនៅទីក្រុងសេអ៊ូល បាននិយាយថា មិនមានសញ្ញាជាក់លាក់ណាមួយពីខាងកូរ៉េខាងជើង ដើម្បីបង្ហាញថា មេដឹកនាំវ័យក្មេងអាយុ ៣៦ ឆ្នាំ រូបនេះ មានជំងឺធ្ងន់ធ្ងរនោះទេ។
នេះមិនមែនជាលើកទីមួយទេ ដែលគេបង្កើតពាក្យចចាមអារាមអំពីសុខភាពរបស់ គឹម ជុងអ៊ុន បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលមិននឹកស្មាន តែក្រោយៗមក ក៏ត្រូវបានគេបំភ្លេចចោល។
តើព័ត៌មានដ៏មិននឹកស្មាននេះ បានចាប់ផ្តើមផ្ទុះឡើងនៅពេលណា?
កាលថ្មីៗនេះ លោក គីម ជុងអ៊ុន ត្រូវបានគេកត់ស្គាល់ថា បានខកខានការប្រារព្ធខួបកំណើត ជីតារបស់លោក កាលពីថ្ងៃទី១៥ ខែមេសា ជាព្រឹត្តិការណ៍ដ៏ធំបំផុតមួយប្រចាំឆ្នាំ ដែលរម្លឹកថ្ងៃខួបកំណើតនៃស្ថាបនិករបស់ប្រទេសនេះ។
គីម ជុងអ៊ុន មិនដែលខកខានសម្រាប់ព្រឹត្តិការណ៍នេះទេ ហើយវាហាក់ដូចជាមិនទំនងទេ ដែលថាគាត់នឹងជ្រើសរើស មិនបង្ហាញវត្តមាននោះ។ ពិតណាស់ហើយ អវត្តមានរបស់គាត់ បានជំរុញឲ្យមានការគិតស្មាន និងពាក្យចចាមអារាមនេះឡើង ។
លោក គីម ជុងអ៊ុន បានបង្ហាញខ្លួនចុងក្រោយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយរដ្ឋ កាលពីថ្ងៃទី១២ ខែមេសា ដើម្បីចូលរួម “ត្រួតពិនិត្យក្រុមយន្ដហោះតាមប្រដេញវាយប្រហារមួយ” នៅក្នុងឯកសារដែលមិនត្រូវបានបញ្ជាក់ពេលវេលា។
ដូចដែលមនុស្សជាច្រើនបានដឹងថា គាត់បានធ្វើជាប្រធានកិច្ចប្រជុំនយោបាយដ៏សំខាន់មួយថ្ងៃមុននេះ ចេញពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។ ប៉ុន្តែគាត់មិនត្រូវបានគេឃើញចាប់តាំងពីពេលនោះមក៕
ប្រែសម្រួល៖ លឹម ហុង (ប្រភព៖ bbc)