ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែលើ បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពីបទលួច យកលុយផ្ទះវីងផ្ទេរប្រាក់ កាលពីថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១៨និង០០នាទី នៅចំណុចក្នុងបុរីជីបម៉ុង ផ្លូវលេខ៣៧១ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
កម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែលើ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ដែលមានឈ្មោះ ១-ជនសង្ស័យឈ្មោះ ប៊ុន ធី ភេទ ប្រុស អាយុ ២៩ ឆ្នាំ ទីលំនៅ និងមុខរបរ មិនពិតប្រាកដ ។ ២-ឈ្មោះ ខុត ប៊ុនធឿន ភេទ ប្រុស អាយុ ៣០ ឆ្នាំ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិសឡា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ ពីបទ លួច(យកលុយផ្ទះវីងផ្ទេរប្រាក់) កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១៨និង០០នាទី នៅចំណុចផ្ទះវីងផ្ទេរប្រាក់ ផ្លូវលំ ភូមិ លេខ១ សង្កាត់ ស្វាយរលំ ក្រុង តាខ្មៅ ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ ម៉ិច សីហា ភេទ ប្រុស អាយុ ១៧ ឆ្នាំ ទីលំនៅចំណុចកើតហេតុខាងលើ មុខរបរ បើកវីងផ្ទេរប្រាក់។
បន្ទាប់ពីកើតហតុ ជនរងគ្រោះបានបង្ហោះរូបភាព ជនសង្ស័យខាងលើ ដែលធ្វើសកម្មភាពបន្លំលួចយកលុយ (នៅផ្ទះរបស់ខ្លួន) តាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ពេលនោះ កម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែលើ បានឃើញស្គាល់ភិនភាគជនសង្ស័យទាំង២នាក់ ដែលឧស្សាហ៍ចេញចូល ក្នុងមូលដ្ឋានសង្កាត់ចាក់អង្រែលើ លុះមកដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១៨និង០០នាទី ស្រាប់តែឃើញជនសង្ស័យទាំង២នាក់ឈ្មោះ ប៊ុន ធី និង ឈ្មោះ ខុត ប៊ុនធឿន កំពុងដើរនៅចំណុចក្នុងបុរីជីបម៉ុង ផ្លូវលេខ៣៧១ ភូមិ ព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ក៏ឃាត់ខ្លួនយកមកសាកសួរ នៅស្នាក់ការនគរបាលប៉ុស្តិ៍ចាក់អង្រែលើ។
ចំពោះជនសង្ស័យទាំង២នាក់ឈ្មោះប៊ុន ធី និង ឈ្មោះ ខុត ប៊ុនធឿន បានប្រគល់ឲ្យទៅ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីចាត់ការបន្តតាមនីតិវិធី៕ដោយ៖ CEN