ខេត្តស្វាយរៀង ៖ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានថ្លែងជំរុញដល់មន្ត្រី បុគ្គលិកសាខា អនុសាខា និងអ្នកស្ម័គ្រចិត្ត ជាប្រតិបត្តិករមនុស្សធម៌ទាំងអស់ ត្រូវអនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជាសារអប់រំនានា របស់ក្រសួងសុខាភិបាល ព្រមទាំងតាមដានព័ត៌មានយ៉ាងជាប់លាប់ និងសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីប្រសិទ្ធភាពការងារ ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩។
លោកស្រី ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ អនុប្រធានគណៈកម្មាធិការសាខា បានថ្លែងបែបនេះ កាលពីរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នេះ ក្នុងពិធីជួបសំណេះសំណាល និងប្រគល់អាល់កុល ខិត្តបណ្ណអប់រំផ្សេព្វផ្សាយ បដា អប់រំផ្សេព្វផ្សាយម៉ាស និងសាប៊ូដុំលាងដៃ ជូនអនុសាខា ក្រុង/ស្រុកទាំង៨ ដើម្បីបំពេញបេសកកម្មមនុស្សធម៌ ផ្សព្វផ្សាយ អប់រំ អនាម័យ និងសម្រាប់បន្តចែកជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានភូមិឃុំនីមួយៗ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុង យុទ្ធនាការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា។
ក្នុងឱកាសនោះដែរ លោកស្រី ហៅ ចន្ទ័សិរីទេពី ចៅ ភិរុណ បាននាំមកនូវការសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសូមយកចិត្តទុកដាក់គិតគូរជានិច្ចពីសុខភាព សុវត្ថិភាពផ្ទាល់ខ្លួន តាមរយៈការលើកកម្ពស់ចំណេះដឹង និងចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយ ស្តីពីវិធានការការពារ និងរក្សាអនាម័យ៕ដោយ៖វ៉ៃកូ