បន្ទាយមានជ័យ៖ មន្ត្រីអាជ្ញាធរខេត្តបន្ទាយមានជ័យ ព្រមានក្រុមអាណាធិបតេយ្យ ធ្វើចលនារំលោភដីធ្លី មានម្ចាស់និងបង្កើតភូមិថ្មី នៅចំណុចបឹង៧៥ ក្នុងភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ គឺរដ្ឋបាលខេត្តបន្ទាយមានជ័យ គ្មានការជំរុញលើកទឹកចិត្តឲ្យបង្កើតភូមិថ្មីមួយនៅចំណុចខាងលើ ហើយក៏មិនបានទទួលសំណើ ពីបុគ្គលអ្នករត់ការណា ដើម្បីបង្កើតភូមិ ហើយបញ្ជូនស្នើសុំទៅក្រសួងមហាផ្ទៃ ។
មន្ត្រីខាងលើបានប្រាប់ដូច្នេះ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ បន្ទាប់លេចឮពាក្យចចាមអារាមដែលថា មេខ្លោងនិងមេខ្យល់ រំលោភដីធ្លីនៅតំបន់នោះ បានរត់ការស្នើសុំបង្កើតភូមិនោះ រំលងឃុំនិងស្រុកមកខេត្ត ហើយខេត្តបានគាំទ្រនិងឯកភាពផង ។
ជាការឆ្លើយតប រដ្ឋបាលខេត្តថា ខេត្តមិនទួលស្គាល់ការបង្កើតភូមិថ្មីនៅចំណុចនោះ ហើយក៏នឹងចាត់ការផ្លូវច្បាប់ លើបុគ្គលដែលបានបង្កើតរចនាសម្ព័ន្ធអង្គការចាត់តាំងមានមេភូមិ អនុភូមិ ជំនួយភូមិ សន្តិសុខភូមិ ហើយបានកោះហៅពលរដ្ឋទៅប្រមូលផ្តុំ ប្រជុំនិងលើកគ្នាតវ៉ាជាដើម។
គ្រប់រូបភាពសុទ្ធតែខុសច្បាប់ គឺខុសច្បាប់បន្ថែម លើសកម្មភាពនិងការរំលោភយកដីធ្លី ការសាងសង់សំណង់អាណាធិបតេយ្យ ដែលខុសច្បាប់ស្រេចនោះទៀត ។
មន្ត្រីសាលាខេត្តបានអះអងថា ៖ រដ្ឋបាលខេត្តរក្សាការឯកភាពលើលិខិតលេខប៨៤/១៩ សមឡ ចុះថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ របស់រដ្ឋបាលស្រុកម៉ាឡៃ ដែលចុះហត្ថលេខាដោយលោកអែម សុខា និងដែលយោងលិខិតលេខ២១៩/១៩ ឃទព របស់រដ្ឋបាលឃុំទួលពង្រ ចុះថ្ងៃទី២៧ខែវិច្ឆិកា ឆ្នាំ២០១៩ ចុះហត្ថលេខាដោយលោកទឹម ម៉ន មេឃុំ ។
លិខិតនោះ បានគោរពជូនលោកអភិបាលខេត្តបន្ទាយមានជ័យ ក្នុងកម្មវត្ថុរបាយការណ៍ស្តីពីការបដិសេធមិនទទួលស្គាល់ ការបង្កើតភូមិថ្មី នៅចំណុចបឹង៧៥ ក្នុងភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ។
លិខិតបានបញ្ជាក់នោះថា ៖ ឈ្មោះព្រាប សារុន ភេទប្រុសនិងឈ្មោះគង់ ជារួមនឹងបក្ខពួកបានបំផុសពលរដ្ឋពីកន្លែងផ្សេងៗ នាំគ្នាមកសង់ខ្ទម/ផ្ទះ និងដើរបែងចែកដីយ៉ាងអាណធិបតេយ្យ នៅលើដីឯកជនរបស់អ្នកដទៃ នៅចំណុចបឹង៧៥ ភូមិអូរអំពិល។
ហើយពួកនេះ បានតាំងខ្លួនជាអាជ្ញាធរនៅតំបន់នោះ ។ ករណីនេះផ្ទុយពីសេចក្តីណែនាំលេខ០០៤ សណនរបស់ក្រសួងមហាផ្ទៃ ជាពិសេសច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ។
លិខិតបន្តថា ៖ ជាសំណូមពរសូមគោរពស្នើសុំលោកអភិបាលខេត្ត មេត្តាជួយអន្តរាគមន៍ ទប់ស្កាត់រាល់សកម្មភាព អាណាធិបតេយ្យពួកនេះ ឲ្យបានទាន់ពេលវេលា ។
យោងប្រភពព័ត៌មានដែលទទួលបានថា ៖ ក្រុមអាណធិបតេយ្យខាងលើ ចង់បង្កើតឈ្មោះភូមិនោះថា ភូមិថ្មីអភិវឌ្ឍន៍ដែលស្រដៀងគ្នា នឹងភូមិមួយនៅក្បែរចំណុចអុងម៉ុង (អតីតបន្ទាយកងទ័ពស្ម័គ្រចិត្តវៀតណាម) នៃឃុំទួលពង្រ។ ឬខ្លះថា ចង់ដាក់ឈ្មៅះភូមិតេជោអភិវឌ្ឍន៍ ហើយមានពលរដ្ឋ១.៥០០គ្រួសារ ។
ចំណែកមន្ត្រីនគរបាលរដ្ឋបាលប៉ុស្តិ៍ឃុំទួលពង្រ ដែលចុះស្រង់ថា ៖ មនុស្សដែលចេញ ចូលក្នុងតំបន់អាណាធិបតេយ្យ ហើយបង្កើតជាស្នាក់ការគ្រប់គ្រងផង គឺមានចំនួន១.០០៥គ្រួសារ ត្រឹមខែមីនាឆ្នាំ២០២០ ។
ឯលោកអែម សុខា អភិបាលស្រុកម៉ាឡៃ ប្រាប់រសៀលថ្ងៃទី២៤ខែមេសាឆ្នាំ២០២០ ថា ៖ តួលេខដែលមន្ត្រីលោកស្រង់បានថា ពលរដ្ឋនោះមាន១.២០០គ្រួសារ ។ ប៉ុន្តែតួលេខ ប៉ុន្មានក៏ដោយចុះ ក៏អាជ្ញាធរមូលដ្ឋាន មិនទទួលស្គាល់ឡើយ (ដីរបបយោធិននិងគ្រួសារក្នុងវរសេនាតូច៦៧១ និង៦៧២ នៃអតីតទាហានខ្មែរក្រហម ហើយបានលក់ទៅលោកលី អ៊ុតនី ទីលំនៅនៅប៉ោយប៉ែត) ។
ជនទាំងនោះ ជាក្រុមអាណាធិបតេយ្យ លើកគ្នាមករំលោភយកដីធ្លីរបស់ម្ចាស់កម្មសិទ្ធិ ហើយបង្កើតតំបន់អបគមន៍ទេ ហើយក្នុងពេលវេលាសមស្របណាមួយ អាជ្ញាធរមានសមត្ថកិច្ច នឹងចាត់វិធានផ្លូវច្បាប់ បង្ក្រាបលើមេខ្លោង នៃក្រុមអាណាធិបតេយ្យទាំងនោះ៕ ដោយ ៖ បន្ទាយ