បាត់ដំបង ៖ ពលករខ្មែរមួយចំនួនធំដែលឆ្លងដែនចេញពីប្រទេសថៃតាមច្រកព្រំដែននានា បានចាញ់បោកជនខិលខូចនាំឆ្លងដែនគេចវេះពីសមត្ថកិច្ចធ្វើដំណើររហូតមកដល់ទីលំនៅដ្ឋាន ដោយមិនបានពិនិត្យសុខភាពរកមើលជំងឺកូវីដ ១៩ ។
លោកឱសថ បណ្ឌិត វឿង ប៊ុនរេត ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង លើកឡើងបែបនេះ ក្នុងកិច្ចប្រជុំស្តីពីការទប់ស្កាត់ជំងឺកូវីដ ១៩ កាលពីថ្ងៃទី២៤ខែមេសាឆ្នាំ២០២០ ។
លោកឱសថ បណ្ឌិត វឿង ប៊ុនរេត បានមានប្រសាសន៍ថា មានជនខិលខូចមួយចំនួនតូច បាននាំពលករខ្មែរឆ្លងដែនតាមច្រកតូចៗចេញពីប្រទេសថៃ ដោយមានអ្នករត់រថយន្តឈ្នួលចាំទទួលដឹកមកកាន់ស្រុកកំណើ
ត ដោយមិនបានចូលពិនិត្យសុខភាពនៅតាមចត្តាឡីស័កណាមួយនោះទេឬមានករណីខ្លះពលករខ្មែរចាញ់បោកជនខិលខូចមួយចំនួន ប្រាប់ឲ្យទិញថ្នាំប៉ារ៉ាពីពួកគេ។ពេលពិនិត្យសុខភាពទៅមិនមានអាការក្តៅខ្លួននឹងអាចគេចផុតការដាក់ខ្លួនឲ្យដាច់ដោយឡែក១៤ថ្ងៃបាន។បញ្ហានេះ មន្ទីរសុខាភិបាលខេត្តបាត់ដំបងនឹងបើកវគ្គបណ្ដុះបណ្ដាលចំនួន ២ថ្ងៃទៅកាន់បុគ្គលិកសុខាភិបាលបន្ថែម រួមទាំងអាជ្ញាធរចាប់ពីក្រុង ស្រុករហូតដល់ឃុំសង្កាត់ ឲ្យមានសមត្ថភាពចុះអប់រំផ្សព្វផ្សាយបន្តទៅដល់ពលរដ្ឋត្រឡប់ពីក្រៅប្រទេស បានមកពិនិត្យសុខភាពឬធ្វើចត្តាឡីស័កតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល។
មន្ត្រីពាក់ព័ន្ធប្រចាំការនៅតាមច្រកព្រំដែន លោកបានប្រាប់ក្នុងកិច្ចប្រជុំនេះថា ពលករខ្មែរជាច្រើននាក់បានចាញ់បោកជនខិលខូចទាំងជនជាតិថៃនិងជនជាតិខ្មែរ ដោយខាងថៃបានបញ្ចុះបញ្ចូលពលករខ្មែរឲ្យជិះរថយន្តរបស់ពួកគេក្នុងតម្លៃថ្លៃ កុហកថាដឹកមកដល់ច្រកព្រំដែន ប៉ុន្តែតាមពិតពួកគេបានទម្លាក់តាមផ្លូវនៅជាប់នឹងព្រំដែនកម្ពុជា ហើយឲ្យពលករខ្មែរដើរមករកព្រំដែនដោយខ្លួនឯង ខ្លះត្រូវធ្វើដំណើរកន្លះថ្ងៃនិងខ្លះពេញមួយថ្ងៃក៏មាន ទើបបានមកដល់ច្រកព្រំដែនកម្ពុជា។ពេលមកដល់ព្រំដែន ត្រូវបានជនខិលខូចជនជាតិខ្មែរលក់ថ្នាំប៉ារ៉ាយឲ្យក្នុងតម្លៃថ្លៃឬនាំគេចវេះពីសមត្ថកិច្ចក៏មាន។ចំពោះបញ្ហាជនខិលខូចជនជាតិខ្មែរនេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានជាញឹកញាប់ ដើម្បីធ្វើការអប់រំ ប៉ុន្តែខាងជនជាតិថៃវិញ អាជ្ញាធរខ្មែរបានស្នើទៅភាគីថៃឲ្យជួយពិនិត្យផងដែរ។
ចំពោះបញ្ហានេះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានជំរុញឲ្យមន្ត្រីមូលដ្ឋានត្រូវចុះធ្វើការងារនេះឲ្យបានឆាប់រហ័សបំផុត ដើម្បីទប់ស្កាត់កុំឲ្យមានការរីករាលដាលនៃការឆ្លងជំងឺកូវីដ ១៩ ទាំងខ្លួនឯងនិងគ្រួសារ សហគមន៍និងប្រទេសជាតិទាំងមូល ៕
ដោយ ៖ អ៊ុងសារុំ