ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជន និងកូនក្មួយកម្មករ កម្មការនី ត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ចជាមួយនឹងជំងឺឆ្លងកូវីដ-១៩ ដ៏កាចសាហាវនេះ បើ់ទោះបីកម្ពុជាយើង បានទទួលជំនួយវិជ្ជសាស្ត្រជាច្រើន ពីប្រទេសចិន យ៉ាងណាក្តី ហើយម្យ៉ាងវិញទៀត បើទោះបីមកទល់ថ្ងៃទី ២៦ មេសា នេះ មិនមានអ្នកកើតរោគកូវីដ-១៩ថ្មីទៀត ហើយចំនួនអ្នកព្យាបាលបានជាសះស្បើយបានកើនឡើងដល់១១៧នាក់ នៅសល់តែ៥នាក់ទៀតក្តី គឺបងប្អូនមិនត្រូវមើលស្រាលចំពោះជំងឺកូវីដ-១៩នេះដាច់ខាត។
សម្តេច បានរំលឹកថា ការមើលស្រាលនឹងមិនយកចិត្តទុកដាក់អំពីជំងឺនេះ គឺអាចប្រឈមនឹងការឆ្លងរោគដ៏គ្រោះថ្នាក់ខ្លាំងបំផុត។
សម្តេចបានបញ្ជាក់ថា ថ្ងៃចុងសប្តាហ៍ ទោះបីសម្រាកនៅផ្ទះ ឬធ្វើដំណើរទីជិតឆ្ងាយគឺត្រូវពាក់ម៉ាស ហើយមានទឹកអាល់កុល និងជឹលសម្រាប់ដុសលាងសម្អាតដៃកម្ចាត់មេរោគអោយបានស្អាតល្អគ្រប់ពេល ដើម្បីចៀសវាងការចម្លងរោគកូរ៉ូណា ពីម្នាក់ទៅម្នាក់ទៀត។
ទន្ទឹមនឹងនេះ គ្រប់គ្នាត្រូវតែមានអនាម័យល្អក្នុងការរស់នៅ ហើយចូលរួមអនុវត្តន៍តាមការណែនាំ របស់ក្រសួងសុខាភិបាល ដើម្បីបង្ការទប់ស្កាត់កុំឲ្យឆ្លងជំងឺកូវីដ-១៩ នៅក្នុងសហគម និងក្នុងប្រទេសជាតិយើងទាំងមូល៕ ដោយ៖កូឡាប