ខេត្តតាកែវ ៖ មានទំនាស់ពាក្យសម្ដី ពេលផឹកស៊ី ជនបង្កបានធ្វើសកម្មភាពយកដាវកាប់ទៅលើជនរងគ្រោះ ត្រូវចំនួន ០៤កន្លែង បណ្ដាលឱ្យរងរបួសធ្ងន់ ។ បន្ទាប់ពីកើតហេតុ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងត្រាញ់ខាងត្បូង បានចុះអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យខាងលើ ដើម្បីកសាងសំណុំរឿង។
សូមបញ្ជាក់ថា នៅថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១៩៖៣០នាទី មានករណីប៉ុនប៉ងឃាតកម្មមួយកើតឡើងនៅ ចំណុចភូមិត្រដក់ពង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង បង្កឡើងដោយជនសង្ស័យឈ្មោះ ឆាយ ខា ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ បានធ្វើសកម្មភាពយកដាវកាប់ទៅលើជនរងគ្រោះឈ្មោះ កេត គឿន ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិ-សង្កាត់ជាមួយគ្នា ត្រូវចំនួន ០៤កន្លែង បណ្ដាលឱ្យរងរបួសធ្ងន់ ។
នគរបាលបានបញ្ជាក់មូលហេតុថា ករណីនេះកើតឡើង ដោយទំនាស់ពាក្យសម្ដី ពេលផឹកស៊ី ។
ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញស្រុកសំរោង បានសហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងត្រាញ់ខាងត្បូងបានចុះអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យខាងលើ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕
ដោយ៖កូឡាប