Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វេជ្ជបណ្ឌិត គួច ម៉េង​លី ៖ តើ​ការ​ហូរឈាម​ច្រមុះ ជា​រឿង​គួរឱ្យ​ព្រួយបារម្ភ ដែរឬទេ​?

​មនុស្ស​ស្ទើរតែ​គ្រប់រូប មិន​ថា​វ័យក្មេង វ័យ​ជំទង់ វ័យ​កណ្ដាល ឬ​វ័យ​ចំណាស់​នោះទេ តែងតែ​ឧស្សាហ៍​ហូរឈាម​ច្រមុះ​ជា​ញឹកញាប់​។ នោះ​ក៏​ព្រោះតែ​ច្រមុះ​មនុស្ស​មាន​រន្ធ​ពីរ ខណ្ឌ​ចែក​ដោយ​រនាំង​ឆ្អឹងខ្ចី​។ នៅត្រង់​ឆ្អឹងខ្ចី​ជាប់​នឹង​ចុង​ច្រមុះ គឺជា​កន្លែង​សើម​ជាប់​ជានិច្ច និង​ជាទី​ជួបគ្នា​នៃ​ពពួក​សរសៃឈាម​តូចៗ ដែល​ងាយ​នឹង​ដាច់​ចេញឈាម​ណាស់​។ នេះ​ជា​ប្រសាសន៍​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េង​លី ដែល​បាន​ផ្សព្វផ្សាយ លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក MJQ University Press នៅ​ថ្ងៃ​ចន្ទ ទី​២៧ ខែមេសា ឆ្នាំ​២០២០​នេះ​។​

​លោក វេជ្ជបណ្ឌិត គួច ម៉េង​លី បាន​ថ្លែងថា ចំណុចប្រសព្វ​រវាង​ចុង​ច្រមុះ​និង​រនាំង​ឆ្អឹងខ្ចី​នេះ ពិតជា​ងាយ​ទទួលរង​ផល​ប៉ះទង្គិច​និង​ធ្លាយ​ចេញឈាម​ខ្លាំង​ភ្លាមៗ គ្រាន់តែ​តឹង​សរសៃឈាម ឬ​គ្រាន់តែ​លូក​កូនដៃ​កេះ​ខូង​ក្នុង​ច្រមុះ​ធ្ងន់​ដៃ​បន្តិច​ក៏​ឈាម​ច្រមុះ​ដែរ​។ ជាពិសេស​នៅពេល​មាន​អាកាសធាតុ​ក្តៅ​ខ្លាំង ផ្ទៃមុខ​ឡើង​ក្រហម សរសៃឈាម​ចាប់ផ្តើម​រីក និង​បើ​មាន​កណ្តាស់​តែមួយ​ឆែត នោះ​ច្បាស់​ណាស់​នឹង​ធ្លាយ​សរសៃឈាម បណ្តាលឱ្យ​ចេញឈាម​តាម​ច្រមុះ​ភ្លាម​តែម្ដង​។ ប៉ុន្តែ​យ៉ាងណាក៏ដោយ យើង​អាចជួយ​ទប់ស្កាត់បាន​មួយផ្នែក​តូច​កុំឱ្យ​ងាយ​ដាច់​សរសៃឈាម​ច្រមុះ ដោយ​យើង​គ្រាន់តែ​យក​វ៉ា​សេ​លីន​មក​លាប​ក្នុង​រន្ធ​ច្រមុះ ព្រោះ​វា​ធ្វើឱ្យ​ច្រមុះ​យើង​មាន​សំណើម​។​

​តើ​យើង​ត្រូវ​ព្រួយបារម្ភ​អំពី​ការ​ហូរឈាម​ច្រមុះ​ដែរ​ទេ​?
​ការ​ហូរឈាម​ច្រមុះ​ធម្មតា​មិន​បង្កឱ្យមាន​បញ្ហា​ធ្ងន់ធ្ងរ​គួរឱ្យ​ព្រួយបារម្ភ​ឡើយ ហើយ​យើង​អាច​បញ្ឈប់​វា​កុំឱ្យ​ហូរ​ដោយ​វិធី​ងាយៗ​ប្រកបដោយ​ប្រសិទ្ធភាព​បំផុត​។ ពោល នៅពេល​ហូរឈាម​ច្រមុះ​យើង​មិនត្រូវ​ងើយ​ក្បាល​ទៅក្រោយ​ដូច​ការណែនាំ​របស់​ចាស់​ជំនាន់​មុន​ទេ ព្រោះ​វិធី​នេះ​ពុំ​អាច​បញ្ឈប់​ឈាម​មិនឱ្យ​ឈប់​ហូរ​បានឡើយ​។ បើ​យើង​ធ្វើបែបនេះ ក្នុងករណី​ហូរឈាម​ច្រើន​អាច​នឹង​ហូរ​ចូលទៅ​តាមផ្លូវ​ដង្ហើម​ឬ​ផ្លូវអាហារ ដែល​បង្ក​ទៅជា​ផល​អាក្រក់​បំផុត ប្រសិនបើ​ឈាម​នោះ​ហូរ​ចូលទៅក្នុង​សួត​មិនមែន​ចូលទៅក្នុង​ក្រពះ​។ អ្វីដែល​យើង​ត្រូវធ្វើ​បន្ទាប់​គឺ ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់ ដើម្បី​បញ្ចុះ​សម្ពាធ​ឈាម​ឬ​ចៀសវាង​កុំ​ឱ្យមាន​សម្ពាធ​ឈាម​ឡើង ព្រោះ​បើ​សម្ពាធ​ឈាម​ឡើង​គួរតែ​បញ្ចុះ​ឈាម​សិន ទើប​បញ្ឈប់​ការហូរ​ឈាម​នោះ​។ បន្ទាប់មកទៀត យើង​ត្រូវ​រក្សា​ជំហរ ឱនក្បាល​ទៅមុខ​បន្តិច ហើយ​ញើសសម្បោរ​បញ្ចេញ​កំណក​ដុំ​ឈាម​តូចៗ​ឱ្យ​ឆាប់​បំផុត​។ ភ្លាម​នោះដែរ​យើង​ត្រូវ​ច្របាច់​ច្រមុះ​ភ្ជិត​រន្ធ​ទាំងពីរ​ឱ្យបាន​យ៉ាងតិច​១០​ទៅ​១៥​នាទី ដើម្បី​បំបិទ​រន្ធ​សរសៃឈាម ពេលនោះ​ឈាម​នឹង​ឈប់​ហូរ​ហើយ​។​

វេជ្ជបណ្ឌិត គួច ម៉េង​លី បាន​លើកឡើងថា ដោយឡែក ប្រសិនបើ​ច្រមុះ​យើង​ហូរឈាម​ច្រើន​ឬ​ហូរ​មិន​ឈប់ យើង​គួរតែ​ព្រួយបារម្ភ និង​ប្រញាប់​ទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​។ ព្រោះ​បើ​យើង​ដំអក់​ទុក​យូរ​មិន​ប្រញាប់​ទៅ​ព្យាបាល​ទេ គឺ​នឹង​ធ្វើឱ្យ​យើង​បាត់បង់​ឈាម​ច្រើន​។ ការ​ហូរឈាម​ច្រមុះ​ច្រើន ភាគច្រើន​កើត​លើ​អ្នក​រលាក​ច្រមុះ​ឬ​អាឡែកហ្ស៊ី​ច្រមុះ​រ៉ាំរ៉ៃ អ្នក​ទទួលទាន​ថ្នាំ​ពង្រា​វ​ឈាម​ជាប្រចាំ (​ថ្នាំ​អាស្ពីរីន ឬ Aspirin) អ្នក​ហិត​កូកាអ៊ីន (Cocaine) អ្នក​កើត​ផ្ដាសាយ​រ៉ាំរ៉ៃ និង ២០% នៃ​ស្ត្រី​មាន​ផ្ទៃពោះ ដែល​ភាគច្រើន​ងាយ​នឹង​ហូរឈាម​ច្រមុះ​ណាស់​។ ចំពោះ​អ្នក​ពុំ​ធ្លាប់មាន​ប្រវត្តិ​ជំងឺ​ដូចដែល​បាន​រៀបរាប់​នេះ តែ​ហូរឈាម​ច្រមុះ​ជោកជាំ ឬ​ហូរ​ច្រើន​ម្ដង​ហើយ​ម្ដងទៀត វា​ជាស​ញ្ញា​ដែល​គួរតែ​ប្រុងប្រយ័ត្ន​ដែរ ព្រោះ​សញ្ញា​នេះ​បញ្ជាក់ថា​មាន​ជំងឺ​នៅក្នុង​ច្រមុះ ពោល​គឺអាច​កើតមាន​ដុំ​ពក​ដុះ​នៅត្រង់​ច្រមុះ ឬ​មហារីក​ច្រមុះ​។ មួយវិញទៀត ប្រសិនបើ​មានការ​ប៉ះទង្គិច​នៅ​ក្បាល គ្មាន​ប៉ះពាល់​ត្រូវ​ផ្នែក​ច្រមុះ​សោះ តែ​បែរជា​បន្តិចក្រោយមក​មាន​ឈាម​ហូរ​ចេញ​តាម​រន្ធ​ច្រមុះ ឬ​ជាវ​ត្ថុ​រាវ​ជាស​ភាព​ថ្លាៗ​ជាង​ឈាម​ធម្មតា យើង​ត្រូវតែ​រួសរាន់​បញ្ជូន​អ្នកជំងឺ​ទៅ​មន្ទីរពេទ្យ​ជាបន្ទាន់ ព្រោះ​វា​ជា​គ្រោះថ្នាក់​ក្បាល​ដ៏​ធ្ងន់ធ្ងរ​។​

“​ខ្ញុំ​សូម​រំលឹក​ឡើងវិញ​ថា ប្រសិនបើ​មាន​អាកា​រៈ​ហូរឈាម​ច្រមុះ យើង​ត្រូវ​ពិនិត្យមើល​ឱ្យបាន​ច្បាស់លាស់​ថា តើ​វា​បណ្ដាលមកពី​អ្វី​? បើ​ហូរឈាម​ដោយសារ​យើង​យក​កូនដៃ​ទៅ​កេះ​ច្រមុះ ឬ​មាន​អ្វី​ប៉ះទង្គិច​ជាមួយនឹង​ច្រមុះ គឺ​ពុំ​ចាំបាច់​ព្រួយបារម្ភ​ឬ​បញ្ជូន​អ្នកជំងឺ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​នោះទេ​។ ប៉ុន្តែ បើ​អ្នកជំងឺ​ហូរឈាម​ច្រមុះ​ច្រើន​អត់​បាត់ ឬ​ហូរ​ដោយសារ​មានការ​ប៉ះទង្គិច​ក្បាល​ដោយ​គ្មាន​ការប៉ះទង្គិច​ច្រមុះ ឬក៏​បង្កឡើង​ដោយ​ដុំ​ពក​ដុះ​នៅត្រង់​ច្រមុះ ឬ​មហារីក​ច្រមុះ យើង​ត្រូវ​ប្រញាប់​បញ្ជូន​អ្នកជំងឺ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯកទេស​ជាបន្ទាន់​” លោក​វេជ្ជបណ្ឌិត គួច ម៉េង​លី បានបញ្ជាក់​បន្ថែ​មយ៉ាង​ដូច្នេះ​៕​ដោយ​៖​កូ​ឡាប​

×